ភ្នំពេញ ៖ លោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា សុវត្ថិភាពរបស់បេក្ខជន និងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ ត្រូវបានធានា ដូចមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងផែនការអន្តរស្ថាប័នរវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគ.ជ.ប។
ការបញ្ជាក់របស់លោក ឌុច សុន បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការតាមមណ្ឌលរាជធានី ខេត្ត និងសិទ្ធិទទួលបាននូវការការពារសុវត្ថិភាពបេក្ខជន កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប។
លោកឌុច សុន លើកឡើងថា សិទ្ធិទទួលបាននូវការការពារសុវត្ថិភាពរបស់បេក្ខជន ត្រូវធានាចំពោះបេក្ខជនគ្រប់រូប និងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់នូវសិទ្ធិទទួលបានការការពារសន្តិសុខ និងសុវត្ថិភាពក្នុងសម័យបោះឆ្នោត ដូចមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងផែនការអន្តរស្ថាប័នរវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគ.ជ.ប។ លើសពីនេះទៅទៀតមាត្រា៣២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។ ដូច្នេះបេក្ខជនម្នាក់ៗមានសិទ្ធិទទួលបានការការពារសន្តិសុខ និងសុវត្ថិភាព។
លោកបញ្ជាក់ថា បើសិនជាបេក្ខជនផ្តល់ភស្តុតាង ឬមានមូលហេតុច្បាស់លាស់ថា សន្តិសុខ និងសុវត្ថិភាពរបស់ខ្លួនត្រូវបាន និងកំពុងរងនូវការគំរាមកំហែងនោះ បេក្ខជនអាចប្តឹងទៅ គ.ជ.ប ជាបន្ទាន់។
ចំណែកលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងបញ្ជាក់ថា ចំពោះការអន្តរាគមន៍ការពារសន្តិសុខដល់បេក្ខជនគណបក្សនយោបាយ គឺជាការងារសំខាន់ ដែល គ.ជ.ប ធ្វើតាំងពីដើមមក ហើយវិធានការការពារសុវត្ថិភាពនេះ ដោយសារតែបេក្ខជនមានច្រើន គឺការពារជារួម ពីព្រោះជាបច្ចេកទេសការងាររបស់កងកម្លាំងការពារសន្តិសុខបោះឆ្នោត នៅក្នុងកន្លែងដែលបេក្ខជនធ្វើសកម្មភាពក្នុងករណី ដែលមានការគំរាមកំហែង សូមផ្តល់ព័ត៌មានបន្ទាន់មកគណៈកម្មការឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត រៀបចំការបោះឆ្នោត ដើម្បីសហការជាមួយអាជ្ញាធរ ដើម្បីចាត់វិធានការបន្ទាន់។
លោកទេព នីថា បានបញ្ជាក់ដែរថា គណបក្សនយោបាយទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងគណៈកម្មការរៀបចំការបោះឆ្នោត បើសិនជាមានការគំរាមកំហែងទៅលើបេក្ខជនរបស់ខ្លួន ដើម្បីចាត់វិធានការទៅលើអ្នកដែលបានប្រព្រឹត្តខុស៕
Source: Kampuchea Thmey Daily
0 Comments