ភ្នំពេញ ៖ នេះមិនមែនជាលើកទីមួយនោះទេ ដែលអាជ្ញាធរខណ្ឌដង្កោ បានស្ថាបនាផ្លូវជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងមូលដ្ឋាន។
ជាក់ស្តែង នាព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និងលោកជំទាវ រួមជាមួយមន្ត្រីរាជការ សាលាខណ្ឌ សង្កាត់ ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង ៤៦៥ ម៉ែត្រ ទទឹង ០៤ម៉ែត្រ ស្ថិតក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ និងលោកជំទាវ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងគិតគូរ ពីតម្រូវការ បញ្ហា និងការលំបាកនានារបស់បងប្អូនទាំងអស់នៅមូលដ្ឋាន។
ដោយឡែក ចំពោះផ្លូវបេតុងថ្មី ០១ខ្សែ ដែលបើកការដ្ឋានស្ថាបនានៅពេលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងមូលដ្ឋាន ក៏ដូចជាសម្រាប់បម្រើផលប្រយោជន៍ដល់ពលរដ្ឋទូទៅផងដែរ។
ជាមួយគ្នានេះ លោក អភិបាល ក៏បានផ្តាំផ្ញើឲ្យបងប្អូនទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំដែលល្អ ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ទៅមុខទៀត៕
Source: Kampuchea Thmey Daily
0 Comments