ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានយោធាដនមឿង ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង១៦និង៤០នាទី ម៉ោងនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ក្រោមវត្តមាននៃការធ្វើគារវកិច្ចស្វា គមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីលោក Arkhom Terpittayapaisith រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក ឡុង វីសាលោ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ និងលោកជំទាវ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃជាច្រើនរូប។
តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី៨ និងកិច្ចប្រជុំកំពូលCLMV លើកទី៩ សម្តេចតេជោនាយករដ្ឋមន្ត្រីមាន គម្រោងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ACMECS លើកទី៨។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យ ឯកឧត្តម ឆាវ៉ាលី យ៉ុងឆៃយុទ្ធ អតីតនាយករដ្ឋមន្ត្រីថៃ និងក្រុមគ្រួសារចូលជួបសំណេះសំណាលនិងសំដែងការគួរសម។ នៅក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមអតីតនាយករដ្ឋមន្ត្រីថៃ ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ បានសំដែងនូវ ភាពស្និទ្ធស្នាលដូចបងនិងប្អូន ព្រោះថាថ្នាក់ដឹកនាំទាំងពីរគឺសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ ធ្លាប់បានធ្វើទំនាក់ទំនងនិងស្គាល់រាប់អានគ្នារយៈពេលជាង៣០ឆ្នាំ ក្នុងអំឡុងពេលដែល ឯកឧត្តម ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ មេបញ្ជាការកងទ័ពជើងគោកថៃក្នុងទសវត្ស៨០ និងសម្តេចតេជោនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីនៃអតីតរដ្ឋកម្ពុជា។
ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់ឯកឧត្តមអតីតនាយករដ្ឋមន្ត្រី ដែលបានរួមចំណែកដល់ដំណើរការផ្សះផ្សាបង្រួបបង្រួមជាតិ ដំណើរការសន្តិភាព រហូតទទួលបាននូវកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១៕
Source: Kampuchea Thmey Daily
0 Comments