ក្លិបបាល់ទាត់ចំណូលថ្មីវិសាខា សមាជិកលីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានប្រកាសចុះកិច្ចសន្យាជាមួយកីឡាករដែលមានបទពិសោធន៍គឺខ្សែប្រយុទ្ធ កែវ សុខផេង ទើបផុតកិច្ចសន្យានៅម៉ាឡេស៊ី និងខ្សែការពារ សុខ សុវណ្ណ ពីក្លិបបឹងកេត កាលពីចុងខែឧសភា កន្លងទៅខណៈកីឡាករទាំង២មិនទាន់អាចបង្ហាញខ្លួននៅលើទីលាននៅឡើយនោះទេគឺរហូតដល់ដំណាច់ខែមិថុនានេះ។
កីឡាករ កែវ សុខផេង នឹងពាក់អាវលេខ៦៨ និង សុខ សុវណ្ណ ពាក់អាវលេខ៧៩ នៅក្រុមវិសាខា នឹងអាចបង្ហាញខ្លួននៅជើងទី២ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៨ នេះ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ខណៈរដូវកាលដោះដូរកីឡាករនឹងបើកពីថ្ងៃទី១៥ ដល់២៩ ខែមិថុនា ខាងមុខ។ បានន័យថា កីឡាករទាំង២អាចលេងក្នុងពានរង្វាន់សម្តេចតេជោបាន ហើយចំពោះលីគកំពូលកម្ពុជា អាចប្រកួតក្នុងជើងទី២នៅពេលផុតខែមិថុនា ខាងមុខ។
ក្រុមវិសាខា បានបង្កើតឡើងពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្ដម ស សុខា តំណាងរាស្ដ្រខេត្តព្រៃវែង និងជាអនុប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា។ បច្ចុប្បន្នក្លឹបមានកីឡាករជិត៣០នាក់ ដែលមានលោក ហុក សុចិត្រា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដើរតួរធ្វើជាអ្នកចាត់ការទូទៅរបស់ក្រុម ខណៈលោក ហុក សុជីវ័ន ជាប្អូនប្រុសបង្កើតធ្វើជាគ្រូបង្វឹក។
ឆ្លងកាត់៩ប្រកួតមកនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា វិសាខា ឈរលេខ៣ក្នុងតារាងរួមដែលមាន១២ក្រុមក្រោយប្រកួតឈ្នះ៦ លើកស្មើគ្នា១លើក និងចាញ់២លើក មាន១៩ពិន្ទុក្នុងដៃ។ កន្លងមកវិសាខា មានកីឡាករ២នាក់កោះហៅចូលក្រុមជម្រើសជាតិ គឺ កែវ សុខសិលា ជាអ្នកចាំទី និង រស់ សំអឿន ជាខ្សែបម្រើស្លាប។ សម្រាប់ប្រកួតបន្ទាប់ក្រុមវិសាខា ត្រូវប៉ះក្រុមបឹងកេត នៅម៉ោង៣ល្ងាចលើទីលានកីឡដ្ឋានវេស្ទើនភ្នំពេញ នៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments