Ad Code

ក្នុង​រយៈពេល​០១​ខែ​នេះ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្ត​ព្រះវិហារ​ត្រួតពិនិត្យ​យានយន្ត​បាន​៤៨២​គ្រឿង



រថយនព្រះវិហារ​ ៖ ​ក្នុង​រយៈពេល​០១​ខែ​នេះ ពោលគឺ​គិត​ចាប់​ពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ បាន​ត្រួតពិនិត្យ​យានយន្ត​បាន​ចំនួន​៤៨២​គ្រឿង ក្នុង​នោះ​បាន​រកឃើញ​យានយន្ត​ចំនួន​៧​គ្រឿង កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​១៣៣​គ្រឿង​ទៀត ដឹក​សំពីងសំពោង​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា​នេះ។

លោក សំ លាង​ទ្រី បានអោយដឹងថា ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត ខុស​លក្ខណៈ​បច្ចេកទេស​ខេត្ត ដែលមាន​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត កម្លាំង​នគរបាល​ចរាចរណ៍​, កម្លាំង​កងរាជអាវុធហត្ថ រួម​និង​អាជ្ញាធរ​ដែនដី តែង​ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​យានយន្ត​នានា នៅតាម​ដងផ្លូវ ពិសេស​គឺ​ត្រួតពិនិត្យ​យានយន្ត ដែល​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​យានយន្ត​ដឹក​លើស​ទម្ងន់​ជាដើម។

លោក ប្រធាន​មន្ទីរ​សាធារណការ​បាន​បន្ថែម​ទៀតថា ការត្រួតពិនិត្យ​យានយន្ត របស់​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត ខេត្តព្រះវិហារ គឺធ្វើឡើង​ស្របតាម​ច្បាប់ និង​ការណែនាំ​របស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​ការណែនាំ​របស់​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ខេត្ត។

លោក សំ លាង​ទ្រី បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ក្រុមការងារ​ត្រួតពិនិត្យ យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ​ត្រួតពិនិត្យ​យានយន្ត សរុប​៤៨២​គ្រឿង ក្នុងនោះ រួមមាន ពិនិត្យឃើញថា​ត្រឹមត្រូវ​១៦៨​គ្រឿង រថយន្ត​ត្រូវបាន​កាត់​ទ្រុង​៧​គ្រឿង រថយន្ត​ដឹក​សំពីងសំពោង ១៣៣​គ្រឿង ខ្វះ​ឯកសារ​១២៥​គ្រឿង ដោះ​រាន​ត​ក្រោយ​២៤​គ្រឿង គ្មាន​ស្លាក​លេខ​២​គ្រឿង ស្លាក​លេខ​ក្លែងក្លាយ​៣​គ្រឿង ប័ណ្ណបើកបរ​ក្លែងក្លាយ​១​នាក់ និង​គ្មាន​ប័ណ្ណបើកបរ​១៩​នាក់​។​

លោក សំ លាង​ទ្រី ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ពិសេស​សុំ​កុំ​កែច្នៃ​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស និង​ការ​ដឹក​លើស​ទម្ងន់ ដែល​បង្ក​ឲ្យ​ផ្លូវថ្នល់​ឆាប់​ខូចខាត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu