បាត់ដំបង ៖ រថយន្តមួយគ្រឿង ដែលជារបស់អង្គភាព មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនស៊ីម៉ាក់ បាត់ដំបង ត្រូវបានខ្សែរថភ្លើងបាត់ដំបង បន្ទាយមានជ័យ បុកចំពីចំហៀង បណ្តាលអោយរថយន្តធ្លាក់ចេញពីផ្លូវក្រឡាប់បះជើងឡើងលើ ព្រមទាំងបានបង្កអោយអ្នកបើកបររងរបួសផងដែរ។
ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើង និងរថយន្តនេះ បានកើតឡើងនៅវេលាម៉ោង៦ និង១០នាទីល្ងាច ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវដែក ដែលស្ថិតនៅចំពីមុខមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ស៊ីម៉ាក់ ខេត្តបាត់ដំបង ក្នុង ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមសាក្សីមួយចំនួនបាននិយាយថា មួយរយៈនេះ ខ្សែរថភ្លើងនៅក្នុងខេត្តបាត់ដំបង បានដាក់អោយដំណើរការហើយ ក្នុងការធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ឬក៏ខេត្ត ពោធិ៍សាត់ ជាដើម ព្រមទាំងបានដាក់អោយមានអ្នកយាមនៅគ្រប់បណ្ដាផ្លូវឆ្លងកាត់ផងដែរ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗដោយសាររថភ្លើង។
លុះនៅមុនពេលកើតហេតុ គឺខ្សែរថភ្លើងក៏បានធ្វើដំណើរចេញពីស្ថានីយខេត្តបាត់ដំបងឆ្ពោះទៅកាន់ខេត្ត បន្ទាយមានជ័យ លុះទៅដល់ខាងមុខអង្គភាពស៊ីម៉ាក់ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ (ជារថយន្តរបស់អង្គភាពស៊ីម៉ាក់) ពាក់ស្លាកលេខ រដ្ឋ36 2-0588 ដែលបើកបរដោយឈ្មោះ ស្រី មុនីរឹទ្ធ ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ បុគ្គលិក ស៊ីម៉ាក មានទីលំនៅភូមិអូរតាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង ដោយសារតែចំណុចនេះ ជាផ្លូវចេញ ចូល ពីក្នុងអង្គភាពស៊ីម៉ាក់ ទៅកាន់ផ្លូវជាតិលេខ ៥ ទើបធ្វើអោយរថភ្លើងបុកចំពីចំហៀងនៃតួរថយន្ត ព្រមទាំងបានរុញរថយន្តធ្លាក់ចេញពីផ្លូវ ផ្ងារជើងតែម្តង។ នៅពេលនោះដែរ គេសង្កេតឃើញថា រថភ្លើងមិនបានឈប់នោះទេ គឺនៅតែបន្តដំណើរទៅមុខជាធម្មតា ដោយសារតែវាគឺជាច្បាប់នៃ អភ័យឯកសិទ្ធិ របស់ខ្សែរថភ្លើង។
ភ្លាមៗនោះដែរ ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យយោធភូមិភាគទី៥ ចំណែករថយន្តត្រូវបានអង្គភាពមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ខេត្តបាត់ដំបង យកទៅរក្សាទុក នៅក្នុងអង្គភាពហើយ៕
Source: Kampuchea Thmey Daily
0 Comments