Ad Code

កម្មករ​សំណង់​ធ្លាក់​ពីលើ​អគារ​សំណង់ផ្ទះ​ល្វែង​ស្លាប់​ គេ​ដឹកចេញទៅ​ស្រុក​ស្ងាត់ៗ



ភ្នំពេញ ​៖​ កម្មករ​សំណង់​ម្នាក់​ បាន​ធ្លាក់​ពីលើ​សំណង់​អគារ​ផ្ទះល្វែង​មួយ​កន្លែង ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ ​ហើយ​ត្រូវ​បាន​ថៅកែ​សំណង់​ប្រញាប់ប្រញាល់​ដឹក​ចេញពី​ក្នុង​ការដ្ឋាន​សំណង់​យ៉ាង​រួសរាន់​សូម្បី​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ក៏​ទៅ​មិនទាន់​ផង ដែល​ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី​០៥​ ខែមិថុនា ​ឆ្នាំ​២០១៨​ ស្ថិត​នៅក្នុង​ការដ្ឋាន​សំណង់​អគារ​កម្ពស់​៦​ជាន់​ភូមិ​ដំណាក់​ត្រ​យឹ​ង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ត្រូវបាន​ស្គាល់ឈ្មោះ ចិត្ត អាយុ​ជាង​២០​ឆ្នាំ​ស្នាក់នៅ​កន្លែងកើតហេតុ ​មាន​ស្រុកកំណើត​នៅ​ភូមិ​បាក់​ព្រី ​ឃុំ​បឹង​ដោ ​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង។



តាម​ប្រភព​ព័ត៌មាន​ពី​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា អគារ​សំណង់​ផ្ទះល្វែង​កន្លែង​កើតហេតុ​នៅក្បែរ​នឹង​បង្គោល​ភ្លើង​ដែល​មាន​តង់ស្យុង​ខ្ពស់​ធ្វើ​ឲ្យ​អ្នក​នៅក្បែរ​ងាយ​រងគ្រោះថ្នាក់​ណាស់ ដូចគ្នានេះដែរ​ជនរងគ្រោះ​ជា​ជាង​ផ្សារដែក​ ហើយ​បាន​ឡើង​ទៅ​ផ្សារ​នៅ​ជា​ន់ទី​៦​ដែល​នៅ​កៀក​នឹង​ខ្សែភ្លើង​នោះ​នៅពេល​កំពុងធ្វើការ​ស្រាប់តែ​ឆក់​ស្រូប​ធ្វើ​ឲ្យ​ជនរងគ្រោះ​ធ្លាក់​ពី​សំណង់​អគារ​មក​ក្រោម​ ហើយ​ត្រូវ​ជាមួយនឹង​វត្ថុ​រឹង​នៅ​ខាងក្រោម​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​តែម្ដង​។ ពេល​ដឹង​ថា ​ស្លាប់​ភ្លាមៗនោះ ​ម្ចាស់​ការដ្ឋាន​សំណង់​បាន​ប្រញាប់​ដឹក​សព​ចេញពី​ក្នុង​ការដ្ឋាន​ដោយ​មិនបាន​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ឡើយ លុះ​ក្រោយមក​ជិត​យប់​ទើប​សមត្ថកិច្ច​ដឹង​ចុះ​ទៅបាន​ត្រឹម​សាកសួរ។

ពេលនោះ​រថយន្ត​សង្គ្រោះ​មកដល់​កន្លែង​កើតហេតុ​ដែរ ​តែ​ដោយសារ​ឃើញថា​ ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ​នោះ ​ទើប​ត្រឡប់​ទៅវិញ​ ហើយ​ម្ចាស់​ការដ្ឋាន​និង​មេការ​បាន​ដឹក​សព​ជនរងគ្រោះ​ចេញពី​ការដ្ឋាន​ទៅ​បាត់​តែម្ដង៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu