ភ្នំពេញ ៖ ដើម្បីឲ្យសិស្សានុសិស្សដែលរៀននៅតាមវិទ្យាល័យទទួលបាននូវពុទ្ធិលើផ្នែកច្បាប់ចរាចរផ្លូវគោក និងដើម្បីចូលរួមកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន៥០% ត្រឹមឆ្នាំ២០២០ ស្របទៅតាមផែនការសកម្មភាពជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់រាជរដ្ឋាភិបាលកម្ពុជាកាលពីព្រឹកថ្ងៃទី៥ និង ទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរផ្លូវគោករាជធានីភ្នំពេញ បានចុះអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ និងវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ។
មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥និង៦ខែមិថុនាឆ្នាំ២០១៨នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរផ្លូវគោករាជធានីភ្នំពេញ បានចុះអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ និងវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ។
ក្នុងកម្មវិធីនោះ ក៏មានការផ្តល់រង្វាន់មួកសុវត្ថិភាពដល់សិស្សានុសិស្សណាដែលបានឆ្លើយត្រូវសំណួរចម្លើយច្បាប់ចរាចរផ្លូវគោកចំនួន២០០មួកផងដែរ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតកលេខ១ ដែលឆក់យកជីវិតមនុស្សជារៀងរាល់ថ្ងៃ ដែលទាមទារឲ្យមានការរួមគ្នាទប់ស្កាត់ និងនាំគ្នា ចូលរួមចំណែកក្នុងការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃសុវត្ថិភាពចរាចរណ៍នេះ។
ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលបាននឹងកំពុងអនុវត្ត នូវការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាកបាទក្រហមកម្ពុជា និង អង្គការសម្ព័ន្ធអន្តរជាតិ ទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹងជាដើម ដើម្បី រួមគ្នាទប់ស្កាត់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ។ តាមរយៈសកម្មភាពនេះយើងទាំងអស់គ្នាត្រូវចេះចែករំលែកព័ត៌មាន អំពីសុវត្ថិភាពចរាចរណ៍ និងជួយបន្តប្រាប់ដល់អ្នកប្រើប្រាស់ផ្លូវ និងផ្តល់ជាសារដែលពួកគាត់អាចយកទៅចែករំលែកជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ ដើម្បី កាត់បន្ថយគ្រោះថ្នាក់ទាំងអស់គ្នា។
សូមបញ្ជាក់ថា តាមផែនការសកម្មភាពជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន៥០% ត្រឹមឆ្នាំ២០២០៕
Source: Kampuchea Thmey Daily
0 Comments