កណ្តាល ៖ យុវជនម្នាក់ ដែលបានលោតពីទូកដ(កំពង់ចម្លងព្រែកតូច)ភូមិបារ៉ែនក្រោមឃុំស្វាយប្រទាល ចូលទៅក្នុងទឹកទន្លេកាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នោះ ត្រូវបានគេប្រទះឃើញសពនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ហើយសមត្ថកិច្ចបានសន្និដ្ឋានថា យុវជននោះស្លាប់ដោយការលង់ទឹក។ ប៉ុន្តែសាក្សីឃើញហេតុការណ៍និយាយថា ជនរងគ្រោះមុនលោតចូលក្នុងទឹកមានសភាពស្រវឹងស្រា។
នគរបាលស្រុកស្អាងបានអោយដឹងថា ជនរងគ្រោះឈ្មោះ ទាងហោ ស៊ុយ ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឃុំ ត្រើយស្លា ស្រុក ស្អាង ខេត្តកណ្តាល មុខរបរ កសិករ។
សាក្សីបានប្រាប់អោយដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២៤និង០០នាទី ជនរងគ្រោះ បានជិះម៉ូតូមកឆ្លងទូកដ(កំពង់ចម្លងព្រែកតូច)ពេលឆ្លងដល់ចម្ងាយប្រហែល ជាង ៣០ម៉ែត្រពីច្រាំងជនរងគ្រោះមានសភាពស្រវឹងស្រា(បញ្ជាក់របស់សាក្សី) រួចក៏បានលោតទឹកបាត់ខ្លួនតែម្ដង។
នគរបាលស្រុកស្អាងបានអោយដឹងថា ក្រោយមានហេតុការណ៍មនុស្សលោតពីទូកដ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុភ្លាម ហើយសាក្សីនិយាយថា ជនរងគ្រោះមានសភាពស្រវឹងស្រា ប៉ុន្តែមិនដឹងមូលហេតុទេ លុះដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៨និង១៥នាទី ទើបប្រទះឃើញសាកសពអណ្តែតទឹកក្នុងទន្លេបាសាក់ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ក្រោយបានទទួលព័ត៌មាន សមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លា ស្វាយប្រទាល បាន សហការជាមួយផ្នែកជំនាញពិនិត្យហេតុស្រុកក្រុមប្រឹក្សាឃុំ មេភូមិ បាន ពិនិត្យសាកសពឃើញថាពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សំគាល់ឡើយ។ សន្និដ្ឋាន:ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។
ក្រោយពីពិនិត្យរួច សពបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments