Ad Code

ប្រើ​វិធាន​ញុះញង់ ទាញយក​មុខសញ្ញា​ចែកចាយ បាន​ចំនួន​២​នាក់



បាត់ដំបង​ ៖​ ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ល្បី​ថា​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម​ប្រចាំ​ខេត្ត​កំពង់ចាម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខេត្តបាត់ដំបង ប្រើ​វិធាន​ញុះញង់​អូសទាញ​ព្រមទាំង​បាន​ដេញ​ប្រផិត​ប្រ​ភីង រហូត​ឈានដល់​ការឃាត់ខ្លួន ដែល​មុខសញ្ញា​នេះ មាន​ទាំង​កាំភ្លើងខ្លី​ថែមទៀត រួម​ជាមួយនឹង​ថ្នាំញៀន​ជាង​១​ខាំ​ផងដែរ នៅពេលដែល​មុខសញ្ញា​នេះ​ បាន​បង្ហាញខ្លួន​នៅលើ​ទឹកដី ខេត្តបាត់ដំបង។​

​បើតាម​ប្រភព​មួយចំនួន​បានលើកឡើង​ថា នៅវេលា​ម៉ោង ១០ និង ២០ នាទី ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ត្រង់ចំណុច ក្រុមទី​៣ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង មានការ​ដេញ​ស្ទាក់​រថយន្ត​១​គ្រឿង​ពី​សំណាក់​សមត្ថកិច្ច ដែល​រថយន្ត​នោះ​ម៉ាក លុច​ស៊ីស RX 300 ព៌​ណស ពាក់​ស្លាក​លេខ ភ្នំពេញ 2S-7747 ដែល​ការ​ប្រដេញ​នេះ បានធ្វើអោយ​រថយន្ត​ខាងលើ ធ្លាក់​ចេញពី​ផ្លូវជាតិ ទៅ​ក្បែរ​មាត់​ស្រះ​ទឹក ឯ​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​នៅ​ខាងក្នុង​រថយន្ត​បាន​រត់គេចខ្លួន ដោយមាន​កាន់​កាំភ្លើងខ្លី​នៅក្នុង​ដៃ​ទៅជា​មួយ​ផង តែ​ទីបំផុត​គេ​សង្កេត​ឃើញថា ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួនបាន។​

ដោយឡែក​លោក វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់ នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​រៀបរាប់ថា ការិយាល័យ​ជំនាញ​បាន​ប្រើប្រាស់​វិធាន​ញុះញង់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ ដើម្បី​ទាញយក​មុខសញ្ញា​ធំ​មួយ​នេះ ហើយ​នៅ​ពេល​ប្រតិបត្តិការ គឺ​លោក​បាន​ប្រើប្រាស់​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស និង​កម្លាំង​អធិការដ្ឋាន នគរបាល​ស្រុក​មោងឫស្សី ផងដែរ។

លោកនាយ​ការិយាល័យ​បាន​បន្តថា ដំបូង​ការ​ណាត់​ទីតាំង​ដើម្បី​ធ្វើការ​ដោះដូរ​ទំនិញ​នេះ​
( ថ្នាំញៀន ) គឺ​មុខសញ្ញា​សង្ស័យ​បាន​ជ្រើស​យក​រង្វង់​មូល ព្រា​បស ប៉ុន្តែ​នៅពេល​កម្លាំង​ចេញដំណើរ គឺ​ជនសង្ស័យ​បាន​ផ្លាស់ប្តូរ និង​រំកិល​ទីតាំង​ជា​បណ្តើរៗ រហូត​សន្យាថា​ នឹង​យក​ហាង​គុយទាវ​មួយកន្លែង នៅក្នុង​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី។​

ទីបំផុត​កម្លាំង​បាន​ស្ទាក់​ពីមុខ​ពីក្រោយ ដោយសារតែ​កំណត់​មុខសញ្ញា​រថយន្ត និង​ស្លាក​លេខ បាន​ច្បាស់​ហើយ ប៉ុន្តែ​ជនសង្ស័យ​បាន​បើករថយន្ត​បម្រុង​គេច ក៏​ជ្រុល​ទៅ​ជាប់​នឹង​មាត់​ស្រះ​ទឹក ខាងមុខផ្ទះ​ប្រជាពលរដ្ឋ ទើប​ពួកគេ​បាន​បើកទ្វារ​រថយន្ត​រត់​សំដៅទៅ​ខាងក្រោយ​ភូមិ​ដោយ​កាន់​ទាំង​កាំភ្លើងខ្លី​ទៅជា​មួយ​ផង ដូច្នេះហើយ ទើប​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​ឡើង​ចំនួន​២​គ្រាប់ ដើម្បី​បំបាក់ស្មារតី ទីបំផុត​ជនសង្ស័យ​បាន​បោះ​កាំភ្លើង​នោះ​ចោល​ទៅក្នុង​ដីចំការ​មួយកន្លែង ទើប​សមត្ថកិច្ច​ចាប់ខ្លួនបាន។​

​ក្រោយពេល​ត្រួតពិនិត្យ​ទាំង​នៅលើ​ដងខ្លួន និង​ក្នុង​រថយន្ត សមត្ថកិច្ច​បាន​ដកហូត​នូវ ​វត្ថុតាង​មួយចំនួន​រួមមាន ៖ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក មួយចំនួន​ស្មើនឹង​ទម្ងន់ ១១២,៩៤ក្រាម ( ទាំង​សំបក ) កាំភ្លើងខ្លី​ម៉ាក​រ៉ូឡូ ១ ដើម​( ៦ អ៊ីញ ) គ្រាប់​ចំនួន ១២ គ្រាប់ ទូរស័ព្ទ​ដៃ ១ គ្រឿង និង ជញ្ជីង​អេឡិចត្រូនិក សម្រាប់​ថ្លឹង​គ្រឿងញៀន ១ គ្រឿង។

ដោយឡែក​ជនសង្ស័យ​ទាំង​២​នាក់​នោះ​មានឈ្មោះ មឿ​ន សេង​អ៊ូ ហៅ​សា​រ៉ា​ត ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​៦ ឃុំ ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​ឈ្មោះ​ឡេង តេង​ឡុង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន​ក្រោយពេល​ឃាត់​ខ្លួន និង​ធ្វើការ​សាកសួរ​រួចមក កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​និង​កំពុង​រៀបចំ​ឯកសារ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ រួម​ជាមួយ​​​វត្ថុតាង ទៅកាន់​សាលាដំបូង​ខេត្ត ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu