Ad Code

ស​.​ប​.​ក ប​ញ្ជូ​ន​កុមារា​២​នាក់ ​ទៅ​ចូលរួម​កម្មវិធី​បាល់ទាត់​និង​ទស្សនា​ពិធី​បើក​ព្រឹត្តិការណ៍​បាល់ទាត់​នៅ​រុស្ស៊ី



សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បានសម្រេច​បញ្ជូន​កុមារា​២​នាក់​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បាល់ទាត់ Football for Friendship 2018 និង​ចូលរួម​ទស្សនា​ពិធី​បើក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក 2018 FIFA World Cup ដែល​គ្រោង​ធ្វើឡើង​នៅ​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ សប្ដាហ៍​នេះ​។

យោងតាម​ការបញ្ជាក់រ​ប​ស់ស​.​ប​.​ក នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បានសរសេរថា «​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជូន​កុមារា​កម្ពុជា​អាយុ​ក្រោម​១២​ឆ្នាំ ចំនួន​២​រូប​គឺ កុមារា សុខ មករា និង​កុមារា សេង​គា សុខ​ហេង ​ចូលរួម​កម្មវិធី Football for Friendship 2018 និង​ទស្សនា​ពិធី​បើក​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup Russia 2018 ពីថ្ងៃ​ទី​០៩ ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្សី​»​។



ចំពោះ​កម្មវិធី Football for Friendship តែងតែ​ធ្វើឡើង​នៅ​រាល់​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៣ មក​ខណៈ​នៅ​ឆ្នាំ​២០១៨​នេះ​សម្រេច​ធ្វើឡើង​នៅ​ប្រទេស​រុស្ស៊ី ស្រប​នឹង​ការប្រកួត​ពានរង្វាន់ FIFA World Cup តែម្តង​។ តាម​គម្រោង​មាន​កុមារ​មកពី​ប្រទេស​២១១ ប្រទេស​ចូលរួម ក្នុង​ព្រឹត្តិការណ៍​នេះ ក្រោម​ការរៀបចំ​ពី​សំណាក់ Gazprom សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA​។ នេះ​ជា​វេទិការ​ចែករំលែក​បទ​ពិសោធន៍​បាល់ទាត់​បូក​ទាំង​រិត​ចំណងមិត្តភាព​រវាង​កុមារ​ជុំវិញ​ពិភពលោក។



ចំណែក​ប្រកួត​បើកឆាក​ពានរង្វាន់ 2018 FIFA World Cup នៅ​ប្រទេស​រុស្ស៊ី នឹង​ធ្វើឡើង​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន Stadion Luzhniki ក្នុង​រដ្ឋធានី​ម៉ូស្គូ រវាង​ក្រុម​ម្ចាស់ផ្ទះ​រុស្ស៊ី ជាមួយ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត​។ នៅ​ឆ្នាំនេះ​រៀបចំ​ពីថ្ងៃ​១៤ ខែមិថុនា ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​ក្រុម​ចូលរួម​ចំនួន​៣២ ក្រុម​ដែលជា​ជើង​ខ្លាំង​តាម​ទ្វីប​នីមួយៗ ចែកជា​៨​ពូ​ល​ផ្សេងគ្នា​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu