ពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ក្រោមការរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខណៈនៅចុងសប្ដាហ៍នេះធ្វើដំណើរដល់សប្ដាហ៍ទី១០ ហើយនៅចុងសប្ដាហ៍នេះ ខណៈមានការប្រកួត៦គូសុទ្ធតែគូជក់ចិត្ត។
សរុបកម្មវិធីប្រកួតសប្តាហ៍ទី១០ មាននៅថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះក្រុមអង្គរថាយហ្គឺរ នៅវេលាម៉ោង៦និង៣០នាទីល្ងាចលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ មានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News ខណៈក្រុមអាស៊ីអឺរ៉ុប ទទួលក្រុមព្រះខ័នរាជស្វាយរៀង លើទីលានកីឡដ្ឋាន AEU Sport Park វេលាម៉ោង៣រសៀល មានផ្សាយផ្ទាល់តាមផេកហ្វេសប៊ុក CNCC និងក្រុមក្រសួងការពារជាតិ ប៉ះក្រុមសូលទីឡូអង្គរ នៅម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានស្តាតចាស់ មានផ្សាយផ្ទាល់តាមផេករបស់កម្ពុជាថ្មី។ ចំណែកនៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា វិញក្រុមវិសាខា ប៉ះបឹងកេត វេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានវេស្ទើន មានផ្សាយផ្ទាល់តាម BTV News ហើយក្រុមភ្នំពេញក្រោន ទទួលអគ្គីសនីកម្ពុជា វេលាម៉ោង៦ល្ងាច មានផ្សាយផ្ទាល់តាមផេកកម្ពុជា និងក្រុមណាហ្គាវើល ជួបវេស្ទើនភ្នំពេញ វេលាម៉ោង៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិ មានផ្សាយផ្ទាល់តាមផេករបស់ CNCC។
ងាកមកមើលចំណាត់ថ្នាក់ត្រឹមសប្ដាហ៍ទី៩ នៃពានរង្វាន់លីគកំពូលកម្ពុជាឃើញថា ក្រុមបឹងកេត ឡើងឈរកំពូលតារាង មាន២៣ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ ណាហ្គាវើល មាន២២ពិន្ទុ។ ក្រុមលេខ៣គឺវិសាខា មាន១៩ពិន្ទុ ហើយក្រុមលេខ៤ក្រសួងការពារជាតិ មាន១៥ពិន្ទ ខណៈក្រុមលេខ៥ ភ្នំពេញក្រោន មាន១៤ពិន្ទុស្មើគ្នាជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ តែឈ្នះតែមត្រង់ Head to Head។ ក្រុមលេខ៧គឺអាស៊ីអឺរ៉ុប មាន១២ពិន្ទុ ក្រុមលេខ៨ អង្គរថាយហ្គឺរ មាន១១ពិន្ទុ។ ព្រះខ័នរាជស្វាយរៀង ឈរលេខ៩ មាន១១ពិន្ទុ ស្មើគ្នា ហើយក្រុមលេខ១០ សូលទីឡូអង្គរ មាន៨ពិន្ទុ ស្របពេលក្រុមអគ្គីសនីកម្ពុជា ឈរលេខ១១ មាន៤ពិន្ទុ និងក្រុមវេស្ទើនភ្នំពេញ ឈរលេខ១២ មិនទាន់មានពិន្ទុ។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះនឹងប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងមាន២២សប្ដាហ៍ ដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ខែមីនា ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និងពានរង្វាន់ Singapore Cup ជាដើម៕
Source: Kampuchea Thmey Daily
0 Comments