ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសថ្កោលទោសចំពោះសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់សហរដ្ឋអាមេរិក មកលើនាយទាហាន នៃកងយោធពលខេមរភូមិន្ទ។
ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីការិយាល័យកិច្ចការសាធារណៈនៃនាយកដ្ឋានរតនាគារអាមេរិក កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បានប្រកាសបញ្ចូលនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នៅក្នុងបញ្ជីខ្មៅ នៃបុគ្គលដែលត្រូវរងទណ្ឌកម្ម ក្រោមច្បាប់ ហ្លោប៊ល ម៉ែកនីតស្គី (GLOBAL MAGNITSKY) ដោយសំអាងថា បានរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់យ៉ាងដូច្នេះថា “អ្វីដែលសហរដ្ឋអាមេរិកសម្រេចនេះ គឺជាការរំលោភច្បាប់ និងការបំពានអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយ ពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ។ ម្យ៉ាងទៀតការសម្រេចដែលធ្វើឡើង តាមទំនើងចិត្ត របស់សហរដ្ឋអាមេរិកនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ កងយោធពលខេមរភូមិន្ទ ដែលយើងខ្ញុំទាំងអស់គ្នា ពិតជាពុំអាចទទួលយកបានឡើយ”។
ជាមួយគ្នានោះ ក្នុងនាមមេបញ្ជាការកងពលតូចលេខ៧០ លោកបានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះវិធានការនេះ ហើយអំពាវនាវឲ្យក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវការដាក់ទណ្ឌកម្មមកលើសមាជិក នៃកងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា ទាក់ទងបញ្ហានេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដែលជាអ្នកទទួលបានការដាក់ទណ្ឌកម្មផ្ទាល់បានអះអាងថា ក្នុងមួយជីវិតរបស់លោក ចង់ធ្វើជាមិត្តរបស់អាមេរិកណាស់ ប៉ុន្តែលោកមានឆន្ទៈយ៉ាងមុតមាំក្នុងការថែរក្សាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា ហើយក៏ត្រៀមខ្លួនជានិច្ច ដើម្បីវាយបកទៅលើជនអាមេរិកណា ដែលមិនគោរពអធិបតេយ្យភាពកម្ពុជា ព្រមទាំងមានមហិច្ឆតាឈ្លានពានមកលើប្រទេសកម្ពុជា។ នាយឧត្តមសេនីយ៍បញ្ជាក់ថា “ថ្វីត្បិតខ្ញុំចង់ធ្វើមិត្តជាមួយអាមេរិក ក៏មែនពិត តែខ្ញុំមិនមែនពលរដ្ឋអាមេរិកទេ គឺខ្ញុំជាពលរដ្ឋខ្មែរសុទ្ធសាធ។
ដូច្នេះខ្ញុំមិនត្រូវបានគោរពច្បាប់អាមេរិកទេ ខ្ញុំដាច់ខាតគោរពច្បាប់កម្ពុជា ដែលជាប្រទេសមួយមាននីតិរដ្ឋពេញលេញនៅលើឆាកអន្តរជាតិ៕
Source: Kampuchea Thmey Daily
0 Comments