Ad Code

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​មួយ ​នៃ​ក្រុមការងារ​រៀបចំ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មេធាវី



ភ្នំពេញ ​៖ ​លោក​​អង្ស វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី និង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ៦​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ បាន​សហការ​ដឹកនាំ​កិច្ចប្រជុំ​លើកទីមួយ នៃ​ក្រុមការងារ​រៀបចំ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​សេចក្តី​សម្រេច​ លេខ ១៦ សសរ ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៨ របស់​រាជរដ្ឋាភិបាល។

ក្រសួង បាន​ឲ្យ​ដឹងថា ការ​ធ្វើ​វិសោធន​កម្ម​នេះ សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​ របស់​កម្ពុ​ជា​មាន​សង្គតភាព​ទៅ​នឹង​កម្រិត​នៃ​ការសន្យា​ (Commitment) របស់​កម្ពុជា ក្រោម​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ។ តាមរយៈ​នេះ ក៏​ជា​ការ​បង្ហាញ​ជូន​អន្តរជាតិ​នូវ​ឆន្ទៈ​ក្នុង​ការបំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ផងដែរ។

អនុលោម​តាម​ប្រការ ៣ នៃ​សេចក្តីសម្រេច​ខាងលើ កិច្ចប្រជុំ​បានសម្រេច​​បង្កើត​ក្រុម​លេខាធិការ ដែលមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​ក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ក្រុមប្រឹក្សា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ជំនួយ​ឱ្យ​ក្រុមការងារ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​អំពី​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី និង​បទដ្ឋាន​គតិយុត្តិ​ជាតិ និង​អន្តរជាតិ ដែល​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ថ្លឹងថ្លែង​រក្សា​ប្រយោជន៍ និង​លើក​ជម្រើស​នានា​សម្រាប់​ក្រុមការងារ​រៀបចំ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី ពិនិត្យ និង​សម្រេច៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu