ភ្នំពេញ ៖ នៅក្នុង៦ខែដើមឆ្នាំ២០១៨នេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបង្ក្រាបគ្រឿងញៀនបានជាង១០០០ករណី និងឃាត់ខ្លួនជនសង្ស័យបានជិត២០០០នាក់។ ក្រៅពីនេះក៏បានបញ្ជូនជនរងគ្រោះទៅព្យាបាលនិងបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលឱកាសបានជាង២០០០នាក់ផងដែរ។
នេះបើតាមការបញ្ជាក់ពី លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញក្នុងឱកាសចូលរួមទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះនៅមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោកមាន ចាន់យ៉ាដា បានបញ្ជាក់ថា នៅក្នុង៦ខែដើមឆ្នាំ២០១៨នេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបំពេញការងារយ៉ាងសកម្មលើ ការបង្ការបង្ក្រាប និងអប់រំគ្រឿងញៀន។ក្នុងនោះ ចំពោះបង្ការយើងបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹងពីគុណវិប្បត្តិនៃគ្រឿងញៀន ដែលធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិ លុយកាក់ បង្កើតឲ្យមានអំពើហិង្សាក្នុងគ្រួសារ ខូចអនាគត។
ចំពោះការបង្ក្រាបវិញ គណៈបញ្ជាការឯកភាពរាជធានីបង្ក្រាបគ្រឿងញៀនបានចំនួន១០២០ករណី ថយចុះ១៣ករណី ដោយឃាត់ខ្លួនជនសង្ស័យដោយគ្រឿងញៀនចំនួន១៩៣៦នាក់ ស្រី១៣០នាក់ ដកហូតគ្រឿងញៀនបាន៦៤៤៣,២០ក្រាម។
លោកបន្តទៀតថា ដោយមានការចង្អុលបង្ហាញនិងការណែនាំពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានធ្វើការបង្ក្រាបករណីគ្រឿងញៀននេះបានទាំងតូច ទាំងធំ បំបែកមេក្លោងគ្រឿងញៀនឆ្លងកាត់ប្រទេស និងធ្វើសកម្មភាពនៅភ្នំពេញ។ លោកបន្តថា ក្រៅពីនេះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជូនជនរងគ្រោះទៅព្យាបាលនិងបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលឱកាសខ្ញុំបានជាង២២២២នាក់ ស្រី១៤៣នាក់និងបានធ្វើសមាហរណកម្មជនរងគ្រោះដែលបន្សាបគ្រឿងញៀនហើយ ឲ្យត្រឡប់ទៅផ្ទះវិញបានចំនួន២១៦៥នាក់ ស្រី១០១នាក់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments