Ad Code

កីឡាករ ចាន់ វឌ្ឍនាកា ចេញមុខ​បញ្ជា​ក់រឿង​អនាគត​របស់ខ្លួន​នៅក្រៅ​ប្រទេស​ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន



កីឡាករ ចាន់ វឌ្ឍនាកា សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ទើបតែ​ផ្តាច់​កិច្ចសន្យា​ជាមួយ​ក្លិប Pahang FA សមាជិក​ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី កាលពីពេល​ថ្មី នៅពេលនេះ​មាន​ដំណឹង​ជាច្រើន​ជុំវិញ​ទ្រនំ​ថ្មី​របស់គេ​នៅក្រៅ​ប្រទេស តែ​ត្រូវ​សាមីខ្លួន​ចេញមុខ​បញ្ជាក់​ពី​អនាគត​របស់ខ្លួន​។



សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​បញ្ជាក់ថា «​សួស្ដី​បងប្អូន​ទាំងអស់គ្នា​! សុខ​សប្បាយ​ជា​ទេ​? សង្ឃឹមថា​សុខ​សប្បាយ​ទាំងអស់គ្នា​។ សម្រាប់​ខ្ញុំ​វិញ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ខ្ញុំ​សង្កេតឃើញ​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ជុំវិញ​អនាគត​របស់ខ្ញុំ​។ ថ្ងៃនេះ​ខ្ញុំ​ចង់​បញ្ជាក់ថា​ ខ្ញុំ​កំពុង​ស្ថិតនៅ​រាជធានី​ភ្នំពេញ និង​មិន​មានការ​ទៅ​ហាត់​ឬ​ទៅធ្វើ​តេស្ត​នៅ​ក្លិប​ណា​ទេ ហើយក៏​មិនទាន់​អូ​ខេ​ជាមួយ​ក្លិប​ណា​នោះដែរ​។ សូម​បងប្អូន​កុំ​យល់ច្រឡំ​។ ខ្ញុំ​អាច​បង្ហើប​បាន​យ៉ាងខ្លី​ថា​ ខ្ញុំ​កំពុង​ចរចា​ជាមួយ​ក្លិប​បរទេស​ពិតមែន ប៉ុន្តែ​មិនមែន​ក្លិប​ដែល​បងប្អូន​និង​ព័ត៌មាន​មួយចំនួន​លើកឡើង​នោះឡើយ​។ ខ្ញុំ​នឹង​ប្រកាស​ជា​ផ្លូវការ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​នេះ​នៅពេលណា​ការចរចា​ឈានដល់​ការព្រមព្រៀង​១០០%​។ សូម​អរគុណ​ចំពោះ​ការស្រលាញ់​និង​ការយកចិត្តទុកដាក់រ​បស់បង​ប្អូន​ទាំងអស់គ្នា​មកលើ​រូបខ្ញុំ​។ សូម​ប្រកបដោយ​សំណាងល្អ​និង​ជោគជ័យ​ទាំងអស់គ្នា​»​។

ថ្មីៗ​នេះ​ក្លិប Home United សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​សិង្ហ​បុរី បានបញ្ជាក់​នៅលើ​គណនី Instagram ខ្លួន​ថា​ក្លិប​គ្រោង​នឹង​ចុះកិច្ចសន្យា​កីឡាករ​បរទេស​ម្នាក់​ក្នុងចំណោម​២​នាក់​ដោយ​ក្នុងនោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា ឬ​កីឡាករ​Isaka Cernak អតីត​សមាជិក​ក្រុម U23 អូស្ត្រាលី ដែល​ធ្លាប់​លេង​នៅ​លី​គ​កំពូល​ប្រទេស​អូស្ត្រាលី​។ យ៉ាងណាក្តី​មាន​ដំណឹង​ខ្លះ​ថា ​កីឡាករ ចាន់ វឌ្ឍនាកា អាច​នឹង​ទៅ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ប្រទេស​ថៃ​។



សូមបញ្ជាក់ថា​កីឡាករ ចាន់ វឌ្ឍនាកា ជា​អតីត​យុវជន​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង (​ព្រះខ័ន​រាជ​) ដែល​ចាប់​អាជីព​ដំបូង​កាលពី​ឆ្នាំ​២០១១ នៅក្នុង​ឈុត​ធំ​ក្រុម​នេះ ស្របពេល​នៅ​ឆ្នាំ​២០១២ រូបគេ​បាន​ផ្ទេរ​ទៅកាន់​ក្លិប​បឹងកេត រហូតដល់​ចុងឆ្នាំ​២០១៦ មុន​ចេញទៅ​ជប៉ុន ដោយ​ចូលរួម​ជាមួយ​ក្លិប Fujieda MYFC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​៣ (J3-league)​។ នៅ​ដើមឆ្នាំ​២០១៨ ក្រោយ​ចប់​កិច្ចសន្យា​នៅ​ប្រទេស​ជប៉ុន ចាន់ វឌ្ឍនាកា បាន​បន្តដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ជាមួយ Pahang FA តែម្តង​។

រូបគេ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ឯកជន​ជាច្រើន​ទៀត​ដូចជា​ពានរង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំឆ្នាំ​២០១២ ដែល​ផ្ដល់​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ឆ្នាំ​២០១៣ ឈ្នះ​ស្បែកជើង​មាស ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំ​២០១៤ ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ហើយ​ឆ្នាំ​២០១៥ រក្សា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​និង​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship 2015​។ នៅ​ឆ្នាំ​២០១៦ រូបគេ​រក្សា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​ម្ចាស់​ស្បែកជើងមាស​ប្រចាំរដូវកាល​បាន​ដដែល​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu