Ad Code

មន្ត្រី​ជំនាញ​ ​ ត្រួតពិនិត្យ​ម្ហូបអាហារ​ត្រី​សាច់​បន្លែ នៅ​ផ្សារ​ទឹកថ្លា ដើម្បី​ពិនិត្យ​រក​សារធាតុគីមី​ប៉ះពាល់​សុខភាព



ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ក្រុម​មន្ត្រី​កាំកុងត្រូល ដែល​មាន​ជំនាញ​ផ្នែក​ត្រួតពិនិត្យ​រក​សារធាតុពុល​នៃ​ថ្នាំ​គីមី បាននាំគ្នា​ចុះ​ត្រួតពិនិត្យ​នៅក្នុង​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដើម្បី​រក​សារធាតុ​ថ្នាំ​គីមី​ដែល​គេ​​តែង​លួច​ដាក់​ក្នុង​បន្លែ​ ត្រី ​សាច់​ ម្ហូបអាហារ​ផ្សេងៗ​ដែលនាំ​ឲ្យ​ប៉ះពាល់​ដល់​សុខ​​ភាព​ប្រជាពលរដ្ឋ ដែល​ធ្លាប់​មាន​បាតុភាព​កើតឡើង​នាពេល​កន្លងមក​។

នៅក្នុង​ប្រតិបត្តិ​បង្ក្រាប​នោះ ដឹកនាំ​ដោយ​លោក ង៉ែត ចេក ប្រធាន​សាខា​កាំ​កុង​ត្រូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រមទាំង​មន្ត្រី​សំខាន់ៗ​មួយចំនួនទៀត និង​លោក​ពៅ សា​រ៉ុ​ម ប្រធាន​ផ្សារ​ទឹកថ្លា​។



ក្រុម​មន្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ មាន​ត្រី​សាច់​បន្លែ​ផ្លែឈើ​និង​គ្រឿង​សមុទ្រ​ផ្សេងៗ​សរុប​ចំនួន​២១​មុខ ត្រូវ​បាន​ប្រមូល​យកមក​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង​ដើម្បី​រក​សារធាតុ​គីមី​ពុល​ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ប៉ុន្តែ​ជាល​ទ្ធ​ផល​ពុំមាន​សារធាតុ​គីមី​អ្វី​ទាំងអស់​។

ផ្សារ​ទឹកថ្លា ​ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​ខាងលើ​ចុះមក​ត្រួតពិនិត្យ​ជាច្រើនលើក​មក​ហើយ ដែល​កន្លងមក​រក​ឃើញ​មាន​សារ​ធាតុគីមី​ពុល​ដាក់​នៅក្នុង​គ្រឿង​សមុទ្រ​ប្រមាណ​ជិត​១០​គីឡូក្រាម​នៅ​ទីនោះ​។

សារធាតុ​គីមី​ពុល​កន្លងមក​ ក៏​ដូច​បច្ចុប្បន្ន​តែង​ត្រូវ​បាន​គេ​លួច​ដាក់​ក្នុង​ចំណីអាហារ​ដូច​ស្លឹកគ្រៃ ត្រី ​សាច់ និង​ផ្លែឈើ​ផ្សេងៗ ដើម្បី​កុំ​វា​បាត់បង់​សម្រស់ (​ស្រពោន​)​ ឬ​ ឆាប់​ស្អុយរលួយ និង​ឲ្យ​ល្អមើល ប៉ុន្តែ​វា​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ។

ក្រុម​អ្នក​លក់ដូរ​(​អាជីវករ​)​បាន​និយាយ​ថា ទំនិញ​ផ្នែក​ម្ហូបអាហារ​ដែល​សំបូរ​សារ​ធាតុគីមី ច្រើន​ជាង​គេ​បំផុត​គឺ​ច្រើនតែ​នាំចូល​មកពី​ប្រទេស​វៀតណាម គឺ​១០០% សុទ្ធ​តែ​ប្រើ​ថ្នាំ​គីមី​ទាំងអស់​សូម្បីតែ​ស្រូវ​អង្ករ​ក៏​ដាក់​ថ្នាំ​គីមី​ដែរ​។ បើ​មើល​សោភ័ណ្ឌភាព សម្រស់​គឺ​ដាច់​គេ តែ​ពេល​ហូប​រួច​ក៏​គ្រោះថ្នាក់​ជាងគេ​ដែរ កើត​ជំងឺ​ក្រពះ និង​ពោះវៀន ឬ​មហារីក​ពេញ​មន្ទីរពេទ្យ។

ដោយសារតែ​បាតុភាព​មិនល្អ​ខាងលើ​នេះ​ហើយ​ ទើប​រដ្ឋាភិបាល​បាន​ខិតខំ​ណែនាំ​មន្ត្រី​ជំនាញ​ឲ្យ​ប្រឹងប្រែង​បំពេញ​កិច្ចការ​បង្ក្រាប​ថ្នាំ​គីមី​ដាក់​ក្នុង​ចំណីអាហារ​នេះ​ឲ្យ​បាន​គ្រប់​ទីកន្លែង៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu