Ad Code

MCL 2018 ៖​ ខ្សែប្រយុទ្ធ​Privat របស់​អាស៊ី​អឺរ៉ុប ឡើងឈរ​កំពូល​តារាង​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ត្រឹម​សប្ដាហ៍​ទី​៩



កីឡាករ​ជនជាតិ​កា​ម៉េ​រ៉ូ​ន Befolo Mbarga Privat​សមាជិក​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប កំពុងតែ​ឈរ​កំ​ពូល​តារាង​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​គឺ​ចំនួន​១៣​គ្រាប់​ម្នាក់ឯង​គិត​ត្រឹម​ប្រចាំ​សប្ដាហ៍​ទី​៩ នៃ​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2018) ក្រោយ​វ៉ា​ដាច់​កីឡាករ​Julius Oiboh របស់​ក្រុម​បឹងកេត​។

សរុប​ប្រកួត​ត្រឹម​៩​សប្តាហ៍​មកនេះ​ក្រុម​សមាជិក​ទាំង​១២​អាច​ទាត់​បញ្ជូល​ទី​គ្នា​បាន​១៨៤​គ្រាប់។ ចំណែក​១៣ គ្រាប់​របស់​កីឡាករ Privat បាន​ទា​ត់ប​ញ្ជូ​ល​ទី​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៦​គ្រាប់ បឹងកេត​២​គ្រាប់ អង្គ​រថា​យ​ហ្គឺ​រ​,​វិសាខា​,​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​, ក្រសួងការពារជាតិ និង​សូល​ទី​ឡូ​អង្គរ ១​គ្រាប់ៗ​គ្រប់​ក្រុម​។ ក្រៅពី​កីឡាករ Privat គេ​សង្កេតឃើញ​កីឡាករ​ប្រេ​ស៊ី​ល Maycon របស់​បឹងកេត រកបាន​៩​គ្រាប់​តាម​ពីក្រោយ ហើយ​កីឡា​ករនី​ហ្សេ​រី​យ៉ា Julius Oiboh របស់​បឹងកេត និង​កីឡាករ Bisan George របស់​ណាហ្គា​វើ​ល រកបាន​ម្នាក់​៨​គ្រាប់ កីឡាករ​នី​ហ្សេ​រី​យ៉ា Bata របស់​សូល​ទី​ឡូ​អង្គរ​រកបាន​ម្នាក់​៧​គ្រាប់​តាម​ពីក្រោយ​។ កីឡាករ​វ័យក្មេង សាន គឹម​ហេង រកបាន​៦​គ្រាប់​។ ក្រៅពីនោះ​សុទ្ធតែ​អ្នករក​គ្រាប់​បាល់​បាន​ម្នាក់​៥​គ្រាប់​ចុះក្រោម​។



ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើង​ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែល​មាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និង​ពានរង្វាន់ Singapore Cup ជាដើម​។

តាម​គម្រោង​ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨ នេះ​ទៅ​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​បង្អស់ នោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នឹង​ប្រគល់​ពានរង្វាន់ (​ឬ​ហៅថា​ស្បែកជើង​មាស​) ព្រមទាំង​ថវិកា​លើកទឹកចិត្ត​ចំនួន​១.៥០០,០០០៛​។ កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា Autheire Kipson អតីត​សមាជិក​នៅ​ក្លិបណាហ្គាវើល​ ជាម្ចាស់​ស្បែក​ជើង​មាស​ឆ្នាំ​ចាស់​២០១៧ កន្លងទៅ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu