Ad Code

ព្រះ​សង្ឃ​១​អង្គ​ទៀត ​នៅ​ក្រុង​សិរីសោភ័ណ កំពុង​ធ្វើ​ឲ្យ​ល្បី​រឿង​ជិះ​ខ្សែ​រ៉ត​ឡើង​កំពូលភ្នំ​ជញ្ជាំង​ថា ​ជិះ​មិន​អស់​លុយ ​ហើយ​សប្បាយ



បន្ទាយមានជ័យ ៖ ព្រះសង្ឃ​១​អង្គ​ទៀតហើយ​ នៅ​ក្រុង​សិរីសោភ័ណ កំពុង​ធ្វើ​ឲ្យ​ល្បី ភ្ញាក់ផ្អើល​ និង​ស្ញើប​ព្រឺ​ខ្លាច ​រឿង​ជិះ​ខ្សែ​រ៉ត​ឡើង​កំពូលភ្នំ​ជញ្ជាំង ស្ថិត​នៅ​វត្ត​បព្វ​តាប​ព៍ត​ភ្នំ​ជញ្ជាំង ភូមិ​ភ្នំ​ជញ្ជាំង សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។



ព្រះសង្ឃ​អង្គ​នោះ មាន​ព្រះនាម Lonh Chhing បាន​បង្ហោះ​ហ្វេ​ប៊ុក​ជិះ​ខ្សែ​រ៉ត ​ដែល​​សម្រាប់​ដាក់​ស៊ីម៉ងត៍​ខ្សាច់ ថ្ម ​​សម្រាប់​យោង​ឡើង​ទៅលើ​កំពូល​ យក​ទៅ​កសាង​​តម្កល់​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​នោះ​ថា ​ជិះ​រ៉​ត​ឡើង​ចុះ​ពីលើ​ភ្នំ​នេះ​វា​មិន​អស់​លុយ​ទេ​។ ព្រះសង្ឃ Lonh Chhing មាន​ដីកា​បន្ត​ថា ​ប្រសិនបើ​ប្រិយមិត្ត​ចូលចិត្ត​ទេសភាព​នៅ​លើ​កំពូលភ្នំ​ជញ្ជាំង ដែល​ជា​រមណីយដ្ឋាន​ធម្មជាតិ​ និង​វប្បធម៌​មួយ ស្ថិតនៅ​ក្នុងស្រុក​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អាច​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មាន​ចម្ងាយ​៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។



អ្នកគាំទ្រ​សាទរ​បាន​ឲ្យ​យោបល់​ថា ​ដោយសារតែ​ការ​ជិះ​ឡើង​ភ្នំ​នេះ អាច​មើលឃើញ​ទេសភាព​ស្រស់​ស្អាត​ពី​ទី​ខ្ពស់ និង​គួរ​ឲ្យ​ទាក់ទាញ ភ្ញៀវទេសចរ មហាជន​ណាស់។ អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងឡាយ បាន​ចាប់អារម្មណ៍​ និង​ឲ្យ​យោបល់​ថា​ ព្រះ​ស​ង្ឃ​អង្គ​នេះ​អាច​ព្យាយាម​ធ្វើ​ឲ្យ​ល្បី​ក្នុង​វិធី​វិជ្ជមាន​។ អ្នក​ខ្លះទៀត បាន​ចូលរួម​រីករាយ​ជា​មួយ​រមណីយដ្ឋាន​បែប​ធម្មជាតិ​និង​វប្ប​ធ​ម៌​នេះ​ថា​ មាន​ជញ្ជាំង​ផ្ទាំង​ថ្ម​បញ្ឈរ​ធំៗ​ជាច្រើន​ហើយ​ទៅ​ដូចជា​ជញ្ជាំង​ផ្ទះ ដូច​ឈ្មោះ​ភ្នំ​ជញ្ជាំង​មែន ព្រមទាំង​មាន​ល្អាង រូងភ្នំ ដើមឈើ​ចម្រុះ រុក្ខជាតិ​ផ្កា​ជាដើម​។



​​បើ​មើល​ពីលើ​កំពូលភ្នំ​មកក្រោម គេ​អាច​ឃើញ​ទេសភាព​និង​ទិដ្ឋភាព​មក​ក្រោម​ឃើញ​ផ្លូវ ផ្ទះ អគារ សំណង់​នានា កូនភ្នំ បឹងបួ ស្ទឹង​អូរ​និង​រុក្ខជាតិ​បៃតង​ស្រស់។ ប៉ុន្តែ អ្នកខ្លះ​បាន​រិះគន់​ថា ការបង្ហាញ​រូបភាព​ខ្សែ​រ៉ត ​ដែល​ជាង​ប្រើ​សម្រាប់​ស្ទូច​ជញ្ជូន​សម្ភារៈ​សំណង់ ​និង​ជាង​ជិះ​នោះ មក​ថា​ សម្រាប់​ភ្ញៀវទេសចរ ឬ​សាធារណជន​អាច​ជិះ​កម្សាន្ត​ដោយ​ឥត​ថ្លៃ​នោះ ជា​កំហុសឆ្គង​ដ៏​ធំ​មួយ វា​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស ​បើ​សិនណា​វា​ដាច់​ខ្សែ​រ៉​ត​ ឬ ភ្លាត់ស្នៀត​ផ្សេងៗ​។ រីឯ​មន្ត្រី​អាជ្ញាធរ​ដែនដី​និង​ជំនាញ​ទេសចរណ៍​លើកទឹកចិត្ត​ឲ្យ​លើកកម្ពស់​រមណីយដ្ឋាន​ទេសចរណ៍​ ប៉ុន្តែ​សូម​ឲ្យ​ប្រុងប្រយ័ត្ន​ទាំង​ឡើង​ភ្នំ ចូល​ល្អាង ទាំង​ឈរ​ ឬ​ ដើរ​ថតរូប​និង​ទស្សនា​ទៀត​ផង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu