ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកCarabao រដូវកាលទី៦ ទម្ងន់៥៧ គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEA TV នៅរសៀលថ្ងៃសៅរិ៍ទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ ជាការប្រកួតសប្តាហ៍ទី២ ជុំទី១ រវាងអ្នកប្រដាល់កម្ពុជា ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង និងអ្នកប្រដាល់ថៃ Theap Kao ហើយអ្នកប្រដាល់កម្ពុជា ធន មករា ក្លិបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង អ្នកប្រដាល់ថៃ Phach Yaksou។
សម្រាប់ជំនួបក្នុងជុំទី១នេះ រវាងឈុត សេរីវ៉ាន់ថង និងTheap Kao នេះ ពួកគេទាំងពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះឈុត សេរីវ៉ាន់ថង គេទើបតែឡើងប្រកួតជាមួយថៃបាន៧លើកប៉ុណ្ណោះ ហើយ Theap Kao គេក៏ជាអ្នកប្រដាល់ចំណូលថ្មី មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរនោះទេកន្លងមក។
ឈុត សេរីវ៉ាន់ថង និងTheap Kao នេះ តាមការកត់សម្គាល់ឃើញនោះ ពួកគេមានសមត្ថភាពប្រហាក់ប្រហែលគ្នាទេ ទាំងមាឌ ទាំងកម្ពស់ ដោយសេរីវ៉ាន់ថងមានកម្ពស់១,៦៨ ម៉ែត្រ ខណះ Theap Kao គេ១,៦៧ ម៉ែត្រ ។
Theap Kao គេមានកំនត់ត្រាប្រកួតចំនួន៥៧លើក ឈ្នះ៥០លើក ចាញ់០៧ លើកមិនដែលស្មើ ។ ចំណែក ឈុត សេរីវ៉ាន់ថង គេមានកំនត់ត្រាប្រកួត៥៤លើក ឈ្នះ៤៧លើក ចាញ់០៦លើក និងស្មើ០១លើក ។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នានេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ ។
ចំពោះការជួបគ្នារវាង ធន មករា និង Phach Yaksou វិញ គូនេះប្រហែលជាពិបាកទស្សន៍ទាយបន្តិចហើយ ។ ត្បិតថា អ្នកប្រដាល់ Phach Yaksou និងធន មករា គឺប្រដំប្រសងគ្នាដែរ ។
ធន មករា ជាអ្នកប្រដាល់ស្រករក្រោយ តែរបៀបវាយរបស់គេ ល្អនិងខ្លាំងព្រមទាំង រហ័សរហួន ហើយកម្លាំងនិងទឹកចិត្តរបស់គេក៏ខ្លាំងនិងធំណាស់ដែរ ។ ធន មករា មិនធ្លាប់ប្រកួតជាមួយអ្នកប្រដាល់បរទេសទេកន្លងមក ។ មករា គេមានប្រវត្តិប្រកួតចំនួន៤៩លើក ឈ្នះ៤៥ លើក ចាញ់០៤លើក និងស្មើ០២លើក។ ទោះជាយ៉ាងណា ធន មករា គេជាអ្នកប្រដាល់ដែលល្អនិងមានទំនុកចិត្ត ។
ចំពោះ Phach Yaksou វិញ គេមានប្រវត្តិប្រកួតចំនួន៦០លើក ឈ្នះ៤៩លើក ចាញ់១០លើក និងស្មើពិន្ទុ ០១ លើក ។ ទោះបីគេមិនធ្លាប់ជួបគ្នាក៏ពិតមែន តែមើលទៅ Phach Yaksou អាចយ៉ាប់ជាមួយ ធន មករា ហើយ ។ ចាំមើល ការប្រកួតក្នុងជុំទី១នេះ រវាងធន មករា និង Phach Yaksou តើនរណារកបាន៣ពិន្ទុនោះ ? ។
ដោយឡែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ សុខ សាវិន អ្នកប្រដាល់ក្លិបអេលីតគុនខ្មែរ ត្រូវគេផ្គូអោយជួបប្រកួតជាមួយ តាំង សីហា អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ ដោយជួបគ្នាក្នុងទម្ងន់៦០គីឡូក្រាម ។ រវាងគូនេះ តាមការសន្និដ្ឋាននោះ តាំង សីហា ប្រហែលជាមិនអាចទៅរួចជាមួយសុខ សាវិន នោះទេ។
លី តឿន អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ នឹងត្រូវជួបប្រកួតជាមួយឈាន រស្មី អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដែរ ។ ពីរនាក់នាក់នេះ ធ្លាប់ជួបគ្នាម្តងហើយ កាលពីចុងខែធ្នូឆ្នាំ២០១៧កន្លងមក ដោយលី តឿន ចាញ់ឈាន រស្មីដោយពិន្ទុ ។ ដូច្នេះ ចាំមើលតើលី តឿន គេអាចសងសឹកយកឈ្នះឈាន រស្មី បានវិញឬអត់ ?៕
Source: Kampuchea Thmey Daily
0 Comments