TV5 នឹងចាប់ផ្តើមបើកការប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯក“ TV5 Boxing Knock Out Series By K.cement ” លើប្រភេទទម្ងន់៦០គីឡូក្រាមបន្តទៀត លើសង្វៀន TV5 ព្រែកកំពឹស បន្ទាប់បានបញ្ចប់ការប្រកួតរដូវកាលចាស់ ទម្ងន់៥៧គីឡូក្រាម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ហើយជើងឯកបានទៅលើកីឡាករ ធន មករា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិនោះ។
ការប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯក“ TV5 Boxing Knock Out Series By K.cement ” រដូវកាលថ្មី លើប្រភេទទម្ងន់៦០គីឡូក្រាម មានអ្នកប្រដាល់ចាស់-ថ្មី ចំនួន៣២រូប នឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលរូបមន្តប្រកួត គឺចាញ់ជ្រុះធ្លាក់តែម្តង ។
សម្រាប់ការប្រកួតជម្រុះលើកទី១ ក្នុងដំណាក់កាលទី១ នៅថ្ងៃដំបូងថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៨នេះ ដែលមានពីរគូនោះ គឺជាការជួបគ្នារវាង ម៉ន ព្រហ្មម៉ាញ អ្នកប្រដាល់ជើងចាស់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក នឹងជួបប្រកួតជាមួយអ្នកប្រដាល់ស្រករក្រោយ សេក ចៅជូត ក្លិបអង្គរមានជ័យខេត្តសៀមរាប ហើយមួយគូទៀតនោះ គឺ លាភ រដ្ឋា ជើងចាស់ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ដែរ គឺ ធា រិទ្ធី ក្លិបអេភូថងកីឡា ។
ការប្រកួតក្នុងដំណាក់ទី១នេះ គឺប្រកួតតែបីទឹក ដោយក្នុងមួយទឹកមាន៣នាទី ហើយអ្នកដែលឈ្នះបានឡើង និងអ្នកដែលចាញ់ត្រូវជ្រុះធ្លាក់ត្រឹមនេះ ។
រវាងម៉ន ព្រហ្មម៉ាញ និង សេក ចៅជូត នេះ ពួកគេមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះពួកគេទាំងពីរនាក់ ម្នាក់ជាអ្នកប្រដាល់ស្រករក្រោយគឺសេក ចៅជូត ឯម៉ន ព្រហ្មម៉ាញ ជាអ្នកប្រដាល់ជើងចាស់ស្រករមុន ។ ទោះជាយ៉ាងណា សេក ចៅជូត ប្រហែលជាមិនអាចឈ្នះម៉ន ព្រហ្មម៉ាញ បាននោះឡើយ ។ ម៉ន ព្រហ្មម៉ាញ គេមានប្រៀបឈ្នះលើសេក ចៅជូត ត្រង់បទពិសោធន៍ និងល្បិចកល ព្រមទាំងផ្លែល្អថែមទៀត ។
ចំពោះការប្រកួតមួយគូទៀតនោះ ជាការជួបគ្នារវាងអ្នកប្រដាល់លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ និង អ្នកប្រដាល់ជើងចាស់ ធា រិទ្ធី ក្លិបអេភូថងកីឡា ។ ពីរនាក់នេះ មិនធ្លាប់ជួបគ្នាដែរកន្លងមក។
លាភ រដ្ឋា ជាលើកទី២របស់គេហើយ ដែលចូលរួមការប្រកួតដណ្តើមពានរង្វាន់ TV5 Boxing Knock Out Series By K.cement នេះ ។កាលពីចូលរួមក្នុងទម្ងន់៥៧គ.ក្រ ដែលទើបបញ្ចប់ទៅថ្មីៗកន្លងមកនេះ រដ្ឋា ជ្រុះធ្លាក់ត្រឹមវគ្គជម្រុះលើកទី២ (១៦នាក់ចុងក្រោយ) ។ សម្រាប់ការចូលរួមលើកនេះពុំដឹងថាលាភ រដ្ឋា ឆ្លងផុតដំណាក់កាលប៉ុន្មាននោះទេ។
ចំពោះការជួបគ្នាជាមួយធា រិទ្ធី លើកនេះ មិនដឹងថានរណា ជាអ្នកមានសំណាងបានឡើងទៅប្រកួតបន្តទៀតនោះទេ ? តែយ៉ាងណា លាភ រដ្ឋា គេជាអ្នកប្រដាល់មានឈ្មោះបោះសម្លេង ធ្លាប់ ជួបជើងខ្លាំង ៗជាច្រើននាក់មកហើយ និងពិសេស គេមានកលល្បិចនិងបទពិសោធន៍លើរេញច្រើនជាង ធា រិទ្ធី ។ ប៉ុន្តែលាភ រដ្ឋា ក៏មិនអាចធ្វេសប្រហែសឬមើលស្រាលធា រិទ្ធីបានដែរ ព្រោះ រិទ្ធី នេះ គេក៏វាយខ្លាំងនិងល្អដែរ និយាយរួមពីរនាក់នេះ គឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន ។ យ៉ាងណា ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ ទោះជាអ្នកណាឈ្នះ ក៏ឈ្នះដោយវេទនាដែរ ។ ចាំមើល ក្នុងដំណាក់កាលទី១ រវាងលាភ រដ្ឋា និង ធា រិទ្ធី តើនរណានៅ នរណាដើរចេញពីការប្រកួតនេះ។
ព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ជើងឯក“ TV5 Boxing Knock Out Series By K.cement ” រដូវកាលថ្មីលើប្រភេទទម្ងន់៦០គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន ៣២ នាក់ចូលរួម ហើយចែកចេញជា ៤ ដំណាក់កាល និងមានរូបមន្តប្រកួត គឺដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់ ។ ដំណាក់ ទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយដំណាក់កាលទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងដំណាក់កាលទី៤និងទី៥ ជាការប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រ គឺពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ។
ដោយឡែក សម្រាប់ការប្រកួតលក្ខណះមិត្តភាពអន្តរជាតិវិញ ផាន់ គ្រាន់ អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា នឹងត្រូវជួបប្រកួតជាមួយថៃ Pic Ka ដោយប្រកួតក្នុងទម្ងន់៦៥គីឡូក្រាម ។
ជាលើកដំបូងហើយ ដែលផាន់ គ្រាន់ ឡើងប្រកួតក្រោយពីរូបគេដណ្តើមបានខ្សែក្រវាត់ទម្ងន់៦៣,៥០០គីឡូក្រាម កាលពីថ្ងៃទី២៩ឧសភា២០១៨ ដោយវាយឈ្នះLoom Leng អ្នកប្រដាល់ថៃក្នុងវគ្គផ្តាច់ព្រ័ត្រនោះ។
Pic Ka ជាអ្នកប្រដាល់ចំណូលថ្មី ពុំធ្លាប់ដែលមកប្រកួតនៅស្រុកខ្មែរទេកន្លងមក ។ យ៉ាងណា មកជួបម្ចាស់ខ្សែក្រវាត់ផាន់ គ្រាន់ Pic Ka ប្រហែលជាលំបាកហើយ ។ចាំមើល តើរវាងផាន់ ផាន់ និង Pic Ka នរណាឈ្នះ? ៕
Source: Kampuchea Thmey Daily
0 Comments