ភ្នំពេញ ៖ អភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿន បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំនាំគ្នាឈ្លោះជាមួយដើមឈើ តែត្រូវនាំគ្នាដាំដើមឈើអោយបានច្រើន ដើម្បីអោយរាជធានីភ្នំពេញរបស់យើងមានបរិស្ថានល្អ សមជាទីក្រុង ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។
ការអំពាវនាវបែបនេះរបស់លោកឯក ឃុនដឿន បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ក្នុងឱកាស ដែលលោកដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌទួលគោក មន្ត្រីសង្កាត់ទឹកល្អក់ទី១ និងកម្មករក្រុមហ៊ុនស៊ីន ទ្រី ចុះបោសសំអាតសំរាមនៅក្រោមស្ពានអាកាស៧មករា ផ្លូវកម្ពុជាក្រោម ផ្លូវរុស្ស៊ី និងផ្លូវ៥៩៨ ក្នុងទិវាបរិស្ថានជាតិ អន្តរជាតិ ៥ ខែមិថុនា។
លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា ដើមឈើពិតជាមានប្រយោជន៍និងមានសារៈសំខាន់ណាស់សម្រាប់មនុស្សជាតិ ដូច្នេះទេ សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់កុំនាំគ្នាឈ្លោះជាមួយដើមឈើ កាប់បំផ្លាញដើមឈើនៅក្នុងរាជធានីភ្នំពេញ តែត្រូវនាំគ្នាដាំដើមឈើអោយបានច្រើនជំនួសមកវិញ ដោយសារតែដើមឈើ បានស្រូបយកជាតិពុលយ៉ាងច្រើនពីគ្រឿងយន្ត ធ្វើអោយបរិស្ថានបានប្រសើរឡើង។
លោកឯក ឃុនដឿន បានបញ្ជាក់អោយដឹងទៀតថា ការបោសសំអាតសំរាមក្នុងទិវាបរិស្ថានជាតិ អន្តរជាតិ ៥ មិថុនានេះ ធ្វើឡើងដើម្បីរួមគ្នា បោសសំអាតថង់ប្លាស្ទិក។ លោកថា ថង់ប្លាស្ទិក វាពិតជាបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើផ្នែកបរិស្ថាន មានន័យថា បើវាធ្លាក់លើដី ២០ទៅ៣០ឆ្នាំក្រោយ ទើបវាក្លាយជាដី ហើយបើវាធ្លាក់ចូលទឹកក៏វាបំផុលដល់បរិស្ថានទឹកផងដែរ។ ដូច្នេះទេ យើងត្រូវរួមគ្នាទុកដាក់ថង់ប្លាស្ទិកនេះ អោយបានត្រឹមត្រូវ ហើយយើងក៏អាចយកវាមកកែច្នៃ ដើម្បីប្រើប្រាស់ជាប្រយោជន៍របស់មនុស្សជាតិយើងវិញផងដែរ។
ក្នុងឱកាសនោះដែរ លោកឯក ឃុនដឿន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នៅថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន បានបន្តដឹកនាំរាជរដ្ឋាភិបាលឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments