Ad Code

កែវ រំ​ចង់ ជួប Petchmany ខ​ណៈ​ជ័រ ពៅ ជួប Linglom​នៅ​សង្វៀន​ស្ទឹងមានជ័យ



កែវ រំ​ចង់ អ្នក​ប្រដាល់​ក្លិប​ដំបងគ្រញូង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Petchmany Dabrunsarakarm នៅ​យប់​ថ្ងៃអាទិត្យ​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០១៨​នេះ លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ។ អ្នក​ប្រដាល់​ទាំងពីរ​នេះ ជួប​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម។

Petchmany នេះ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។ តែបើ​តាម​អ្នកដឹកនាំ​មក​ប្រកួត​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មិនធម្មតា​នោះឡើយ​។ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៨៣​លើក ឈ្នះ​៦០ លើក ចាញ់​២១​លើក​និង​ស្មើ​០២​លើក ហើយ​គេ​ធ្លាប់​ផ្តួល​ដៃគូ​ប្រកួត​អោយ​សន្លប់​បាន​ចំនួន​១៦​លើក។

បើតាម​ប្រភពពី​អ្នកតាមដាន​កីឡាប្រដាល់​អោយដឹង​នោះ​ថា Petchmany ជា​អ្នក​ប្រដាល់​ជើងចាស់​ធ្លាប់មាន​ឈ្មោះ​បោះ​សម្លេង​ដែរ​នៅ​ស្រុកថៃ​ពីមុនមក តែ​សម្រាប់​បច្ចុប្បន្ន​មិនជា​ខ្លាំង​នោះឡើយ ព្រោះ​គេ​ពុំមែន​ជា​អ្នក​ប្រកួត​ជាប់លាប់​និង​ហ្វឹកហាត់​ដិតដល់ ដូចជា​កែវ រំ​ចង់ នោះឡើយ ។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មកជួប​កែវ​រំ​ចង់ ក៏​មិន​ប្រាកដថា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ​អ្នក​ប្រដាល់​ថៃ​ដែល​កន្លងមក​សុទ្ធតែ​អះអាងថា​ជា​ជើង​ខ្លាំង​នោះ សុទ្ធតែ​ត្រូវ​កែវ​រំ​ចង់ ផ្តួល​យកឈ្នះ​បានដែរ ។​

កែវ រំ​ចង់ គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​១៣៣​លើក ក្នុងនោះ​ឈ្នះ​១១៧​លើក ចាញ់​១២​លើក និង​ស្មើ​៤​លើក ហើយ​រំ​ចង់​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​១៦​លើក ។ ការប្រកួត​ចុងក្រោយ​នេះ រំ​ចង់បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Takunsingha អោយ​សន្លប់​ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​១៧​កុ​ម្ភះ​២០១៨ ។ កែវ រំ​ចង់ គេ​ខ្លាំង​កណ្តាប់ដៃ និង​វាយ​សម្រុក​លឿន រហ័ស ដែល​ដៃគូ​ពិបាក​នឹង​ទប់ទល់​ណាស់ ។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​នៅក្នុង​ការជួបគ្នា​រវាង កែវ រំ​ចង់ និង Petchmany នេះ ? ។​

ចំពោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ជ័រ ពៅ ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Linglom Por.Yuthaphumi ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។

ជា​លើក​ទី​១ សម្រាប់ ជ័រ ពៅ ដែល​បាន​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ ។ ជ័រ ពៅ ទោះជា​គេ​ទើបបាន​ផ្គូផ្គង​ឲ្យ​ជួប​បរទេស​ក៏ដោយ ក៏​ចិត្ត​របស់គេ​ពុំមាន​ភ័យខ្លាច​សូម្បី​បន្តិច​ដែរ ។ គេ​ទើប​ឡើង​ប្រកួត​បាន​ប្រមាណ​ជាង ៤០ លើក​ប៉ុណ្ណោះ ក្នុងនោះ វាយ​ឈ្នះ​៣០​លើក ចាញ់​០៨​លើក និង​ស្មើ​០៣​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​១៦​លើក ។

Linglom គេ​ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​ដែរ​។​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​យើង​ទេ​កន្លងមក​។ យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ខ្លាំង​គួរសម​ដែរ ។ ព្រោះ​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​អ្នកដឹកនាំ​កី ឡាករ​ថៃ​មក​ប្រកួត​នោះ​។ Linglom គេ​ល្អ​និង​ខ្លាំង ដែល​មិនអាច​មើលស្រាល​បានឡើយ ។ Linglom មានកំនត់​ត្រា​ប្រកួត​ចំនួន​៥៨ លើក ឈ្នះ​៤៥​លើក ចាញ់​១១​លើក និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​០៦​លើក ។​

យ៉ាងណា ប៉ះ​ជាមួយ​ជ័រ ពៅ Linglom​ក៏​មិនជា​ស្រួល​ប៉ុន្មាន​ដែរ ព្រោះថា ជ័រ ពៅ គេ​វាយ​បុក​ខ្លាំង កណ្តាប់ដៃ​ខ្លាំង ទម្ងន់​ជើង​ក៏​ធ្ងន់​ដែរ ។ តែ​យ៉ាងណា ជ័រ ពៅ ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើ ជ័រ ពៅ និង Linglom នរណា​ឈ្នះ ? ។​

ដោយឡែក អ្នក​ប្រដាល់​សំណាង សម្បត្តិ ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ លន់ សៀកឡេង អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧ គីឡូក្រាម ។ រីឯ ធន់ វិច្ឆិកា អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម នឹងត្រូវ​ជួប​ប្រកួត​ជាមួយ ហុង ឡា​វី អ្នក​ប្រដាល់​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ខណ្ឌ​ទួលគោក ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu