កំពត ៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៨ នៅសាលប្រជុំសាលាខេត្តកំពត សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានប្រារព្ធពិធីសូត្រមន្តថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេចក្ដីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។
ពិធីនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី លាង ហៃ ជាវ តាយ ព្រមទាំងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តយាយជីតាជី យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងយុវជនស្រលាញ់សន្តិភាពសរុបប្រមាណជាង២០០នាក់។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ជាវ តាយ ព្រមទាំងមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ គណៈនាយកសាខាគណៈកម្មាធិការសាខា អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពតក៏ដូចជាទូទាំងប្រទេសទាំងមូល បានសំដែងការបួងសួងប្រសិទ្ធិពរបវរសួស្ដីជ័យមង្គលមហាប្រសើរ ថ្វាយវររាជមាតាជាតិខ្មែរ ជាវររាជមាតាដ៏ឆ្នើមដែលបានផ្ដល់ជាគំរូល្អ ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជានិងជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទួតរបស់ព្រះអង្គ។ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨២យាងចូល៨៣ព្រះវស្សានៃសម្ដេចម៉ែព្រះវររាជមាតាជាតិខ្មែរជាទីគោរពស្រឡាញ់សក្ការៈ លោក ជាវ តាយ អភិបាលខេត្ត រួមនឹងមន្ត្រីរាជការ តំណាងប្រជានុរាស្ត្រនៃខេត្តកំពត ក៏ដូចទូទាំងប្រទេសដែរនោះ ក៏បានបួងសួងព្រះគុណរតនត្រ័យវត្ថុស័ក្តិសិទ្ធទាំងឡាយលើលោកទេវតារក្សាព្រះមហាធ្វេទឆ័ត្រ និងព្រះវិញ្ញាណក្ខន្ធមានបារមីនៃអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រយានីខ្មែរសូមយាងតាមបីបាច់ថែរក្សាព្រះវររាជមាតាជាតិខ្មែរនិងព្រះករុណាសម្ដេចព្រះនរោត្តមមុនីនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សូមព្រះអង្គទាំងទ្វេ មានជន្មាយុយឺនយូរជាងរយព្រះវស្សា មានព្រះរាជសុខភាពបរិបូរណ៍ព្រះកាយពលំរឹងមាំដើម្បីទ្រទ្រង់គង់ជាម្លប់ដ៏ត្រជាក់យូរអង្វែងសម្រាប់ប្រជានុរាស្ត្រខ្មែរតរៀងទៅ។
ដើម្បីសម្ដែងមនោសញ្ចេតនាប្រកបដោយកតញ្ញុតាធម៌ ក្នុងព្រះរាជសកម្មភាពដ៏ឧត្ដុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជារាស្ត្រ ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ។ ពិសេសលើវិស័យមនុស្សធម៌ អប់រំ សង្គមកិច្ច សុខមាលភាពទូទៅ ប្រជាពលរដ្ឋទាំងអស់នៃខេត្តកំពត ពិតជាចងចាំជានិច្ចនូវទឹកព្រះទ័យ សន្ដោសប្រណីដល់មនុស្សជាតិ ភាពម៉ឺងម៉ាត់ សុភាពរាបសារ ប្រកបដោយឆ្លាតវៃគួរជាទីគោរពប្រតិបត្តិរបស់សម្ដេចម៉ែជានិច្ច។
ជាចុងបញ្ចប់នៃពិធី លោក ជាវ តាយក៏បានវេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនិងបានជូនថវិកាមួយចំនួន ដល់យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងយុវជនស្រលាញ់សន្តិភាពដែលបានចូលរួមនាឱកាសនោះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments