Ad Code

សេក គឹម​រួន ជួប Phat Srakeo ​ឯ យុគ យក្ស​គី​ល ជួប A Lian



សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Phat Srakeo នៅក្នុង​កម្មវិធី​ប្រដាល់​Ganzberg Top Fighter នៅ សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ នា​យប់​ថ្ងៃ​សៅរ៍​ទី​១៦ ខែ​​មិថុនា​ ឆ្នាំ​២០១៨​នេះ។ សេក គឹម​រួន និង អ្នក​ប្រដាល់​ថៃ Phat Srakeo ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០ គីឡូក្រាម។​

Phat Srakeo នេះ ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តងណា​ទេ​កន្លងមក ។ បើតាម​លោក ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV អោយដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ថ្វីដៃ​ល្អ​និង​វាយ​ខ្លាំង​គួរសម​ដែរ ដោយសារ​គេ​ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ ។ លោក​ថា យើង​ផ្គូ​យក​ថៃ​ខ្លាំងពេក ឬ​ខ្សោយ​ពេក ក៏​មិនកើត​ដែរ គឺ​មើល​សមត្ថភាព​ប្រដំប្រសង​គ្នា ទើប​ការប្រកួត​វាយ​ល្អ​និង​ជក់ចិត្ត ។​

បើតាម​លោក​ញាណ សុធី Phat Srakeo មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​៥៩​លើក ហើយ​វាយ​ឈ្នះ​៥០​លើក ចាញ់​០៩​លើក និង​មិនដែល​ស្មើ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​សមត្ថភាព​បច្ចេកទេស​ប្រដាល់​កម្រិត​ខ្ពស់ ដែល​សេក គឹម​រួន មិនអាច​មើលស្រាល​បានឡើយ ។

តាម​អ្នក​ផ្គូផ្គង​អោយដឹង​នោះ​ថា កាលដែល​នាំយក Phat Srakeo អោយមក​ប្រកួត​លើក​នេះ គឺ​ដើម្បី​ផ្តល់​ឪ​កាស​អោយ​សេក គឹម​រួន ស្តារ​កេរ្តិ៍ឈ្មោះ​ឡើងវិញ​បន្ទាប់ពី​ឡើង​ប្រកួត​ជាមួយ​ថៃ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ គឹម​រួន​វាយ​ចាញ់​រហូត​នោះ ។

​សេក គឹម​រួន ជា​លើក​ទី​៣១​សម្រាប់​គេ​ហើយ ដែល​ត្រូវបាន​គេ​ផ្គូផ្គង​អោយ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ។​ក្នុង​ការជួប​ថៃ​ឡាវ​ប្រមាណ​៣០​លើក​កន្លងមកនេះ គេ​វាយ​ឈ្នះ​១៣​លើក និង​ចាញ់​១៨​លើក ។ អ្នក​ប្រដាល់​របស់​កម្ពុជា​យើង​រូបនេះ គេ​វាយ​ខ្លាំង​និង​ល្អ ពិសេស​ស្នៀត​ទាត់ និង កណ្តាប់ដៃ ។ គឹម​រួន គេ​មានចិត្ត​ប្រដាល់​ធំ ហើយ​ទិច​និ​ច​ប្រកួត ក៏​សំបូរបែប​ដែរ​។ ដូច្នេះ ចាំមើល សេក គឹម​រួន ជួប​អ្នក​ប្រដាល់​ថៃ Phat Srakeo លើក​នេះ តើ​គេ​អាច​យកឈ្នះ​បានដែរ​ឬ​អត់ ?​។​

យុគ យក្ស​គី​ល អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កាណាដា​A Lian ។​ពួកគេ​ទាំងពីរ​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧១​គីឡូក្រាម ។

ជា​លើក​ទី​៥​ហើយ​នៅ​ដើមឆ្នាំ​២០១៨​នេះ បន្ទាប់ពី​រូបគេ​វិល​មកកាន់​សង្វៀន​វិញ ហើយ​ត្រូវគេ​ផ្តល់​ឪ​កាស​ឲ្យ​ជួប​ប្រកួត​ជាមួយ​បរទេស​នោះ​។ កាលពី​ជួប​ប្រកួត​លើក​ទី​១​ជាមួយ​ថៃ (២៨​មករា ២០១៨) យក្ស​គី​ល​វាយ​ចាញ់​Phiem Sayam ត្រឹម​ពិន្ទុ ,​លើក​ទី​២ ជួប​ជាមួយ​រុស្សី Arthur Shushinsky ថ្ងៃទី​២៤​មីនា​២០១៨ គេ​វាយ​ចាញ់​ដោយ​ពិន្ទុ​ទៀត លើក​ទី​៣ ថ្ងៃទី​០៨​មេសា​២០១៨ គេ​វាយ​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ថៃ Ou Ronou និង​លើក​ទី​៤ ជួប​អ៊ី​ស្រ​អែល​Eden Alpert ថ្ងៃទី​១៣​ឧសភា​២០១៨ គេ​ផ្តួល​អ៊ីស្រាអែល​អោយ​សន្លប់​ក្នុង​ទឹក​ទី​២ ។​

យុគ យក្ស​គី​ល ជា​អ្នក​ប្រដាល់​ជើងចាស់​ធ្លាប់​ហែល​ឆ្លងកាត់​ប្រកួត​ជាមួយ​បរទេស ពិសេស​ជាមួយ​ថៃ ច្រើនលើក​ណាស់​មកហើយ កាលពី​គេ​នៅមាន​ឈ្មោះ​បោះ​សម្លេង ។ តែ​ពេលនេះ គេ​មិន​ដូច​ពីមុន​នោះទេ ដោយសារ​គេ​ចាស់ ឡើង​ទម្ងន់ គួបផ្សំ​គេ​ស្ទើរ​កម្ពស់​ផង ធ្វើអោយ​ការប្រកួត​ជាមួយ​បរទេស ពិបាក​សង្ឃឹម​ឈ្នះ ។

យ៉ាងណា ប៉ះ​ជាមួយ​អ្នក​ប្រដាល់​កាណាដា ដែល​ទើប​ប្រកួត​បាន​៣៣​លើក ឈ្នះ​២៥​លើក ចាញ់​០៨ ប្រហែលជា​មិន​ពិបាក​ប៉ុន្មាន​ឡើយ ។ តែ​យ៉ាងណា លើក​នេះ​យក្ស​គី​ល ប្រហែលជា​ប្រឈម​ការលំបាក​រឿង​ចាញ់​កម្ពស់ ព្រោះ​អ្នក​ប្រដាល់​កាណាដា​មកលើ​ក​នេះ មាន​កម្ពស់​ខ្ពស់ជាង គឺ​១,៧៤​ម៉ែត្រ ខ​ណះ​ដែល​ខ្លួនគេ​កម្ពស់​១,៦៨​ម៉ែត្រ ។ ដោយសារតែ​យ៉ាងនេះ គួបផ្សំ​នឹង​គេ​មានចិត្ត​ប្រដាល់​ធំ​ផង សង្ឃឹមថា​យក្ស​គី​ល​នឹង​យកឈ្នះ​អ្នក​ប្រដាល់​កាណាដា Phat Srakeo បាន​មិន​ខាន​។

យក្ស​គី​ល មានកំនត់​ត្រា​ប្រកួត​ចំនួន​១០២​លើក ឈ្នះ​៧១​លើក ចាញ់​៣០​លើក និង​ស្មើ​០១​លើក ។​
Phat Srakeo គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក​។ យ៉ាងណា ប៉ះ​ជាមួយ​យុគ​យក្ស​គី​ល Phat Srakeo ក៏​មិនជា​ស្រួល​ប៉ុន្មាន​ដែរ ព្រោះថា​យក្ស​គី​ល​គេ​វាយ​បុក​ខ្លាំង កណ្តាប់ដៃ​ខ្លាំង ទម្ងន់​ជើង​ក៏​ធ្ងន់​ដែរ ។ តែ​យ៉ាងណា យក្ស​គី​ល​ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើ​យុគ យក្ស​គី​ល អាច​យកឈ្នះ​អ្នក​ប្រដាល់​កាណាដា Phat Srakeo នេះ បាន​ឬ​អត់ ? ។​

ដោយឡែក អ្នក​ប្រដាល់​ង៉ែ​ត្រ រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ ហ៊ឹម សារ៉ាន់ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួបគ្នា​ទេ​ពីមុនមក ។ ចំណែក អ៊ុំ វ​ណ្ណេ​ត អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ត្រូវ​ជួប​ប្រកួត​ជាមួយ​ឈិន ក្វាន់​ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu