ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោក Miroslav Lajcak បានប្រកាសកាលពីថ្ងៃសុក្រថា ស្ថាប័នមួយនេះ នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃពុធក្រោយវេលាម៉ោង៣រសៀលដើម្បីបោះឆ្នោតលើសេចក្តីសម្រេច ដែលគាំទ្រដោយអារ៉ាប់មួយពាក់ព័ន្ធបញ្ហានៅតំបន់ហ្គាហ្សា។
យោងតាមក្រុមអ្នកការទូតបានឲ្យដឹងថា សេចក្តីសម្រេចនេះនឹងថ្កោលទោសប្រទេសអ៊ីស្រាអែលហើយនឹងត្រូវបានគេចាត់ទុកថាមានភាពស្រដៀងទៅនឹងសេចក្តីសម្រេចមួយដែលវ៉េតូដោយសហរដ្ឋអាមេរិកនៅក្រុមប្រឹក្សាសន្តិសុខកាលពីសប្តាហ៍មុនដែលអំពាវនាវឲ្យមានការការពារប្រជាជនប៉ាគីស្ថានពីការឈ្លនពានរបស់អ៊ីស្រាអែល។
វាបានកើតឡើងនៅពេលដែលជនជាតិប៉ាឡេស្ទីន៤នាក់ត្រូវបានសម្លាប់ដោយការបាញ់របស់អ៊ីស្រាអែលនៅលើព្រំដែនហ្គាហ្សាកាលពីថ្ងៃសុក្រខណៈដែលការប៉ះទង្គិចគ្នាជាច្រើនសប្តាហ៍ជាមួយក្រុមអ្នកតវ៉ានៅតែបន្ត។
អ្នកការទូតម្នាក់មកពីប្រទេសមួយដែលគាំទ្រវិធានការនេះបានប្រាប់ AFP ថា “យើងនឹងធ្វើការនៅសប្តាហ៍ក្រោយដើម្បីទទួលបានសំឡេងឆ្នោតច្រើនបំផុត”។
បណ្តាប្រទេសអារ៉ាប់បានងាកទៅរកមហាសន្និបាតកាលពីខែធ្នូបន្ទាប់ពីសហរដ្ឋអាមេរិកជំទាស់ការបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខលើសេចក្តីសម្រេចមួយដើម្បីថ្កោលទោសការសម្រេចចិត្តរបស់ខ្លួនក្នុងការរើស្ថានទូតនៅប្រទេសអ៊ីស្រាអែលពីទីក្រុងតែលអាវីវទៅយេរូសាឡឹម។
សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួនដប់បួនបានគាំទ្រសេចក្តីសម្រេចកាលពីខែធ្នូបើទោះបីជាសហរដ្ឋអាមេរិកនិងសមាជិកអចិន្ត្រៃយ៍ផ្សេងទៀតរបស់ក្រុមប្រឹក្សានេះនៅតែរក្សាសិទ្ធិក្នុងការ វ៉េតូក៏ដោយ។
វិធានការនេះបានទទួលសំឡេងគាំទ្រ១២៨ក្នុងចំណោម១៩៣នៅមហាសន្និបាត។
ប្រភពការទូតមួយបាននិយាយថា កិច្ចប្រជុំបន្ទាន់នេះត្រូវបានរុញច្រានដោយអង្គការរដ្ឋឥស្លាមនិងសម្ព័ន្ធអារ៉ាប់។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអឺរ៉ុបជាច្រើនបានព្យាយាមបញ្ចុះបញ្ចូលប៉ាឡេស្ទីននិងបណ្តាប្រទេសអារ៉ាប់ពីការទាមទារឲ្យមានការបោះឆ្នោតមួយនៅមហាសន្និបាតបន្ទាប់ពីការវ៉េតូរបស់អាមេរិកកាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនយ៉ាងតិច១២៩នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីការតវ៉ាបានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនហ្គាហ្សាកាលពីថ្ងៃទី ៣០ខែមីនា។
បាតុកម្មបានឡើងដល់កំពូលនៅថ្ងៃទី១៤ខែឧសភានៅពេលជនជាតិប៉ាឡេស្ទីនយ៉ាងតិច៦១នាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាដែលស្របគ្នាជាមួយការបើកស្ថានទូតអាមេរិកនៅក្រុងយេរូសាឡឹម៕ AFP
Source: Kampuchea Thmey Daily
0 Comments