ក្រុមអ្នកស៊ើបអង្កេតអាមេរិក បានបង្កើនល្បឿននៃការស៊ើបអង្កេតរបស់ពួកគេចូលទៅក្នុងមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព 1MDB ដែលបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak និងបានដោះដូរភស្តុតាងបន្ថែមទៀតជាមួយអាជ្ញាធរម៉ាឡេស៊ីចាប់តាំងពីលោក Najib បានចាញ់ឆ្នោតកាលពីខែមុន។
យ៉ាងហោចណាស់មានប្រទេសចំនួន៦ដោយរួមទាំងម៉ាឡេស៊ី សហរដ្ឋអាមេរិកនិងស្វីសផងដែរនោះគឺកំពុងធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ដែលថា លោក Najib និងសហការីបានជាប់ពាក់ព័ន្ធនឹងផ្នែកមួយនៃទឹកប្រាក់៤.៥ពាន់លានដុល្លារដែលគេសង្ស័យថាត្រូវបានលួចពីមូលនិធិវិនិយោគរបស់រដ្ឋ1Malaysia Development Berhad។
ការស៊ើបអង្កេតបានទទួលការជំរុញមួយបន្ទាប់ពីលោក Najib បានចាញ់ឆ្នោតទាំងមិននឹកស្មានដល់កាលពីថ្ងៃទី៩ខែឧសភា។
លោក Najib តែងតែបដិសេធរាល់ការធ្វើខុសនៃអំពើពុករលួយដែលពាក់ព័ន្ធនឹង 1MDB ។
យោងតាមមនុស្សពីរនាក់ដែលដឹងដោយផ្ទាល់អំពីការស៊ើបអង្កេតនេះបាននិយាយថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) មានទំនុកចិត្តថា រដ្ឋាភិបាលថ្មីរបស់ប្រទេសម៉ាឡេស៊ីនឹងមានឆន្ទៈក្នុងការធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតខណៈអាជ្ញាធរអាមេរិកបានមើលឃើញថាលោក Najib បានរារាំងការស៊ើបអង្កេតយ៉ាងសកម្ម។
ខណៈពេលដែលរដ្ឋអាជ្ញាអាមេរិកកំពុងពិចារណាអំពីលទ្ធភាពនៃការចោទប្រកាន់លោក Najib ឬសហការីរបស់គាត់នោះ ពួកគេចង់ឲ្យប្រទេសម៉ាឡេស៊ីជាអ្នកដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងមន្ត្រីម៉ាឡេស៊ី។
ប្រភពមួយដែលស្គាល់ពីក្រុមច្បាប់របស់លោក Najib បាននិយាយថា លោក Najib បានរក្សាអតីតឧត្តមសេនីយ៍អាមេរិកលោក John Ashcroft និងមេធាវីក្រុងញូវយ៉ក David Boies ដើម្បីតំណាងឲ្យគាត់ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក។
នៅក្នុងការរឹបអូសទ្រព្យសម្បត្តិជាបន្តបន្ទាប់កាលពីឆ្នាំមុន រដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់នៅក្នុងឯកសារតុលាការថា លុយមួយចំនួនដែលបានលួចពី 1MDB គឺត្រូវបានដាក់បញ្ចូលទៅក្នុងគណនីរបស់បុគ្គលម្នាក់ដែលត្រូវបានគេកំណត់ថាជា “មន្ត្រីម៉ាឡេស៊ីលេខ១”។
ចាប់តាំងពីការបរាជ័យនៃការបោះឆ្នោតរបស់លោក Najib, រដ្ឋាភិបាលថ្មីរបស់ប្រទេសម៉ាឡេស៊ីបានព្យាយាមរកប្រាក់រាប់ពាន់លានដុល្លារមកវិញដែលត្រូវបានគេចោទថាបានលួចយកពី1MDB៕ REUTERS
[caption id="attachment_925461" align="aligncenter" width="700"] [/caption]
Source: Kampuchea Thmey Daily
0 Comments