Ad Code

លោក​ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ទទួលស្គាល់​ជា​បុគ្គល​ជោគជ័យ​ទី​៦៤ នៃ​កម្មវិធី​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្ដូរ​បទពិសោធន៍ “​លី​ក្វាន់​យូរ​”



សិង្ហ​បុរី​ ៖ ក្រោយពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធន៍ “​លី​ក្វាន់​យូរ​» ដែល​លោក ហ៊ុន ម៉ា​ណែ​ត បាន​ជួបពិភាក្សា និង​ដក​បទពិសោធន៍​ការងារ​ជាមួយ​ស្ថាប័ន​សំខាន់ៗ និង​ជាពិសេស​បាន​ជួប​សម្តែង​ការគួរសម​ជាមួយនឹង​ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី នោះ លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​កម្មវិធី​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធន៍ “​លី​ក្វាន់​យូរ​” ទទួលស្គាល់​ជា​បុគ្គល​ជោគជ័យ​ទី​៦៤ ហើយ​ត្រូវ​បានប្រគល់​ពាន​ទទួលស្គាល់​ដោយ​លោក​ប្រធាន​កម្មវិធី អេ​ឌី តែ (Eddie Teo) ។​

លោក ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃទី​០៩​ខែមិថុនា ឆ្នាំ​២០១៨​ថា សូម​អរគុណ​ដល់​កម្មវិធី Lee Kuan Yew Exchange Fellow program ចំពោះ​ការផ្តល់​ឱកាស​សម្រាប់ធ្វើ​ការសិក្សា ដក​បទពិសោធន៍​​​ជាមួយ​ស្ថាប័ន​សំខាន់ៗ​មួយចំនួន ក៏ដូចជា​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ប្រទេស​សិង្ហ​បុរី​។​

សូមបញ្ជាក់ថា កម្មវិធី​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធន៍ “​លី​ក្វាន់​យូរ​” ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩១ ហើយ​បាន​អញ្ជើញ​បុគ្គល​ឆ្នើម​ៗ​មួយ​ចំនួន ដើម្បី​ធ្វើ​ទស្សនកិច្ច​កម្រិត​ខ្ពស់​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​។ បុគ្គល​ដែល​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​កម្មវិធី​នេះ ត្រូវបាន​ជ្រើសរើស​ដោយ​ផ្អែកលើ​កំណត់ត្រា​នៃ​ស្នាដៃ​ដែល​បានធ្វើ​កន្លងមក និង​មាន​សក្ដានុពល​លេចធ្លោ ក្នុងការ​ចូលរួម​អភិវឌ្ឍ​ជាតិ​ខ្លួន ក៏ដូចជា​ក្នុង​ទំនាក់ទំនង​ទ្វេ​​ភាគី​ជាមួយ​សាធារណរដ្ឋ​សិង្ហ​បុរី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu