ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី បានប្រកាសថា ណាត់ក្រុមបាល់ទាត់ជម្រើសជាតិចំនួន៥ផ្សេងគ្នាប្រកួតមិត្តភាពអន្តរជាតិ ខណៈក្រុមនេះ ក៏បានណាត់ក្រុមកម្ពុជា មួយដែរ ដោយត្រូវប៉ះគ្នានៅខែសីហា ខាងមុខ។ ក្រុមជម្រើសជាតិទាំង២ត្រៀមប៉ះគ្នាម្តងទៀត ក្នុងវគ្គជម្រុះពូលA នៃពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018 ចុងឆ្នាំផងដែរ។
យោងតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បានបញ្ជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិចំនួន៥ប្រកួតនេះរបស់ក្រុមជម្រើសជាតិខ្លួនគឺដើម្បីត្រៀមយុទ្ធនាការ AFF Suzuki Cup 2018 នៅចុងឆ្នាំនេះ។
តាមគម្រោងប្រកួតទី១ ក្រុមម៉ាឡេស៊ី នឹងត្រូវជម្រើសជាតិហ្វីជីក្នុងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នៅកីឡដ្ឋានជាតិកូឡាឡាំពួរ។ ការប្រកួតទី២ នឹងត្រូវជួបម្ចាស់ផ្ទះក្រុមឆាយនីសតៃប៉ិនៅថ្ងៃទី០៧សីហាឆ្នាំ២០១៨ ហើយការប្រកួតទី៣ក្រុមម៉ាឡេស៊ីហោះហើរមកទីក្រុងភ្នំពេញដើម្បីជួបម្ចាស់ផ្ទះកម្ពុជានៅថ្ងៃទី១០សីហាឆ្នាំ២០១៨ក្នុងពហុកីឡដ្ឋានជាតិ។ ប្រកួតលើកទី៤ នឹងជួបម្ចាស់ផ្ទះស្រីលង្កានៅថ្ងៃទី១២កញ្ញាឆ្នាំ២០១៨ក្នុងទីក្រុងកូឡុំបូ ខណៈការប្រកួតមិត្តភាពចុងក្រោយត្រូវជួបក្រុមខ្លាំងកៀហ្ស៊ីស៊ីស្ថាន នៅថ្ងៃទី ១៦ កញ្ញានៅផ្ទះខ្លួនឯងក្នុងកីឡដ្ឋាន Bukit Jalil។
ភាគីកម្ពុជា នៅមិនទាន់បានប្រកាសពីកម្មវិធីប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិរបស់ខ្លួននៅឡើយនោះទេ គិតត្រឹមពេលនេះ ខណៈសមសភាពគ្រូបង្វឹកក៏នៅមិនទាន់មានការបញ្ជាក់ថានឹងផ្លាស់ប្តូរឬយ៉ាងណានោះទេ។
បើនិយាយពីពានរង្វាន់ AFF Suzuki Cup 2018 វិញនឹងធ្វើឡើងនៅចុងឆ្នាំ២០១៨នេះ ដោយពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះអាចជាប្រ៊ុយណេ ឬទីម័រខាងកើត (ប្រកួតគ្នាក្នុងវគ្គជម្រុះ)។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះនឹងធ្វើឡើចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។
សម្រាប់កម្មវិធីប្រកួតជម្រុះពូល A របស់ក្រុមកម្ពុជា វិញនឹងប្រកួតបើកឆាកប៉ះក្រុមម៉ាឡេស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ខណៈត្រូវប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងរ៉ង់ហ្គូន រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ក្រុមកម្ពុជា ត្រូវប៉ះឡាវ នៅរាជធានីភ្នំពេញ ហើយនៅថ្ងៃទី២៤ ខែវិច្ឆិកា ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះវៀតណាម នៅទីក្រុងហាណូយ៕
Source: Kampuchea Thmey Daily
0 Comments