Ad Code

រដ្ឋបាល​រាជធានី​ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​រយៈពេល​៣​ថ្ងៃ ខណៈ​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី ឈប់សម្រាក​ទៅ​បោះឆ្នោត



​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី ការ​ទុកដាក់​សំរាម​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​ទីតាំង​លំនៅឋាន​របស់​ខ្លួន ក្នុងអំឡុងពេល​ដំណើរការ នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដោយហេតុថា កម្មករ​-​កម្មការិនី​របស់​ក្រុមហ៊ុន​ស៊ី​ទ្រី នឹង​ត្រូវ​ឲ្យឈប់សម្រាក​ចំនួន​៣​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​នា​ថ្ងៃទី​២៩ កក្កដា​ខាងមុខនេះ​។



នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង ដែល​សារព័ត៌មាន​យើង​ទទួល​បាន​នៅ​ថ្ងៃទី​២០ ខែកក្កដា​នេះ។ ​ក្នុង​សេចក្តី​ជូនដំណឹង​នេះ​បាន​បញ្ជាក់​ថា ដើម្បី​ថែរក្សា​សោ​ភណ្ឌ​ភាព អនាម័យ បរិស្ថាន​រាជធានី​ភ្នំពេញ ឲ្យ​បាន​ស្អាត​ល្អ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម​និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា ក្នុង​ឱកាស នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ កម្មករ​-​កម្មការិនី​ក្រុមហ៊ុន​ស៊ី​ទ្រី ដែល​បំរើ​ការងារ សំអាត​និង​ដឹកជញ្ជូន​សំរាម​នៅក្នុង​រាជធានី​នឹង​ត្រូវ​ឲ្យ​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នៅតាម​បណ្តា​ខេត្ត​នានា នៅសល់តែ​កម្មករ កម្មការិនី ដែល​មាន​ទីតាំង​បោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ដែល​នៅ​ជិតៗ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ ដែល​នៅ​បំរើកា​រងារ​តាម​ការស្ម័គ្រចិត្ត​។ ដូច្នេះ​ទេ ក្នុងអំឡុង​៣​ថ្ងៃ​នៃ​ការឈប់​សំរាក​នេះ ការផ្គត់ផ្គង់​សេវា សំអាត ប្រមូល​និង​ដឹកជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ​មិនបាន​ពេញលេញ​ឡើយ​។



ដើម្បី​ថែរក្សា​សោ​ភណ្ឌ​ភាព អនាម័យ បរិស្ថាន​រាជធានី​ភ្នំពេញ ឲ្យ​បាន​ស្អាត​ល្អ រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​សូម​រក្សាទុក​សំរាម​នៅក្នុង​ទីតាំង​របស់ខ្លួន​រៀងៗ​ខ្លួន​ជា​បណ្ដោះអាសន្ន​សិន​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu