Ad Code

មន្ត្រី​ជាន់​រាជរដ្ឋាភិបាល​ចាត់ទុក​សេចក្ដីថ្លែងការណ៍​របស់​តំណាងរាស្ត្រ​ម៉ាឡេស៊ី​មួយ​រូប​ថា គ្រាន់តែ​ជា​ក្ដី​បារម្ភ​របស់​បុគ្គល ដែល​មាន​និន្នាការ​ប្រឆាំង​កម្ពុជា​ប៉ុណ្ណោះ



ភ្នំពេញ​ ៖ រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផាន បាន​អះអាង​ថា ការ​ចេញ​សេចក្ដីថ្លែងការណ៍​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​របស់លោក Wong Chen តំណាងរាស្ត្រ​ម៉ាឡេស៊ី​នោះ គឺ​គ្រាន់តែ​ជា​ក្ដីបារម្ភ​របស់​បុគ្គល​ម្នាក់ ដែល​មាន​និន្នាការ​នយោបាយ​ប្រឆាំង​កម្ពុជា​តែប៉ុណ្ណោះ ហើយ​ថែមទាំង​រំលោភ​គោលការណ៍​នៃ​សមាគម​ប្រជាជាតិ​អាស៊ាន​ទៀតផង​។

លោក ផៃ ស៊ី​ផាន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​ការឆ្លើយតប​របស់ខ្ញុំ ចំពោះ​លោក Wong Chen ដែល​លើកឡើង​ពី​សេចក្តី​បារម្ភ​​ចំពោះ​ស្ថានភាព​នយោបាយ នៅ​កម្ពុជា ដែល​ចេញ​ជា​សេចក្តី​ថ្លែងការណ៍​នោះ គឺជា​ក្តីបារម្ភ​របស់​បុគ្គល ដែលមាន​និន្នាការ​នយោបាយ​ប្រឆាំងនឹង​កម្ពុជា​ប៉ុណ្ណោះ​។

អំណាះ​អំណាង ដែល​តំណាងរាស្ត្រ​រូបនេះ បាន​លើកឡើងថា “​ម៉ាឡេស៊ី ក៏មាន​កាតព្វកិច្ច ចូលរួម​ការពារ និង​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ “​នៃ​សមាគម​ប្រជាជាតិ​សមាជិក​អាស៊ាន នេះ​ជា​ការ​យល់​ច្រឡំ​ធំ​មួយ ដែល​មិន​យល់​ច្បាស់ និង​រំលោភ​គោលការណ៍​នៃ​សមាគម​ប្រជាជាតិ​អាស៊ាន ដែល “​មិន​លូកលាន់​ផ្ទៃក្នុង របស់​សមាជិក​ប្រជាជាតិ​ណាមួយ​នៅក្នុង​តំបន់​អាស៊ាន​”​។

បើ​តាម​លោក ផៃ ស៊ី​ផាន អ្នកតំណាងរាស្ត្រ​រូប​នេះ មិនបាន​តាមដាន​ពិតប្រាកដ នៃ​ដំណើរការ​របស់​អាស៊ាន​ជារួម ស្តីពី​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ​ឡើយ​។ រាល់​កិច្ចប្រជុំ​កំពូល​អាស៊ាន​ម្តងៗ សមាគម​អាស៊ាន បានលើកឡើង​អំពី​គោលការណ៍ និង​យន្ត​ការណ៍ ច្បាស់លាស់ នៃ​ការសម្រេច​ក្នុង​កិច្ច​អនុវត្ត នៅក្នុង​វិស័យ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ជារួម​នេះ។

ដូច្នេះ​ការ​លើក​ឡើង​របស់​បុគ្គ​ល​រូប​នេះ​ មិន​ត្រឹមតែ​បង្ហាញ ភាព​ក្រអឺតក្រទម និង​ភាពល្ងង់ខ្លៅ នៅក្នុង​ក្រមសីលធម៌​របស់​សមា​គម​អាស៊ាន​តែប៉ុណ្ណោះ​ទេ គឺ​បង្ហាញ​នូវ​ការតាំង​ខ្លួន​ជា មេ​កាង មិន​អៀន​ខ្មាស់​នៅក្នុង​តំបន់​ទៀតផង​។

ជាមួយគ្នា​នោះ​លោក ផៃ ស៊ី​ផាន បាន​រំលឹក​ដល់​លោក Wong Chen, from People's Justice Party (PKR) ថា លោក​គ្រាន់តែ​ជា​តំណាងរាស្ត្រ​ក្នុង​មណ្ឌល​តូច​មួយ​របស់​លោក​តែប៉ុណ្ណោះ លោក​គ្មាន​រូបភាព ឬ​អំណាច​ណា ដែល​មាន​ឥទ្ធិពល​ដល់​កម្ពុជា​នោះឡើយ​។ លោក​ត្រូវ​ប្រឹងប្រែង​អភិវឌ្ឍន៍​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​របស់លោក Malaysia តែមួយគត់ ដែល​ជា​ដែន​សមត្ថកិច្ច​របស់​លោក​នោះ​ទៅ​។ លោក​បញ្ជាក់​ថា អាស៊ាន​មាន​គោលការណ៍ និង​យន្ត​ការណ៍​ក្នុងការ​អភិវឌ្ឍន៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅក្នុង​តំបន់ ដើម្បី​រក្សា​ឯកភាព​នៃ​ប្រជាជាតិ​អាស៊ាន៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu