Ad Code

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ ៖ ៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន ស្ថិតក្នុង​ដំណាក់កាល​ល្អ​បំផុត ដែល​មិន​ធ្លាប់មាន​ពីមុនមក



ភ្នំពេញ ​៖ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ គឺជា​ថ្ងៃ​នៃ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ទំនាក់ទំនង​នេះ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ជាមួយគ្នា​នោះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ផ្ញើ​សារ​អបអរសាទរ ក៏ដូចជា​ជូនពរ​គ្នា​ទៅវិញទៅមក​ផងដែរ​។

ដោយឡែក នៅ​លើ​លិខិត​របស់​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដែល​បាន​ផ្ញើ​ជូន​លោក វ៉ាង យី រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​លើក​ឡើង​ថា ៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន ស្ថិតក្នុង​ដំណាក់កាល​ល្អ​បំផុត ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

លោក​បញ្ជាក់​យ៉ាងនេះ​ថា “​បើ​ក្រឡេក​ទៅ​មើល​រយៈពេល​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​យើង​ទាំងពីរ ខ្ញុំ​អាច​និយាយ​ដោយ​ឥត​សង្ស័យ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស និង​ប្រជាជន​យើង​ទាំងពីរ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​ល្អ​បំផុត ដែល​មិន​ធ្លាប់​មាន​ពី​មុនមក។ ផ្អែកលើ​ជំនឿ​ជឿជាក់​ផ្នែក​នយោបាយ​ដ៏​ខ្លាំងក្លា​ទៅវិញទៅមក យើង​តែងតែ​គាំទ្រ និង​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ទាំង​លើ​វេទិកា​តំបន់ និង​អន្តរជាតិ ដើម្បី​ជំរុញ​ផលប្រយោជន៍​រួម​របស់​យើង ក៏ដូចជា​រួមចំណែក​ដ​ល់​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍ សម្រាប់​ទាំងអស់គ្នា​”​។

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើង​ទៀត​ថា នៅក្នុង​ក្របខណ្ឌ​ទ្វេភាគី ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ជា​ញឹកញាប់ និង​គ្រប់​កម្រិត បាន​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​វប្បធម៌ និង​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន​របស់​ប្រទេស​យើង​ទាំងពីរ មាន​ភាព​កាន់តែ​ស៊ីជម្រៅ និង​ត្រូវបាន​ពង្រីក​កាន់តែ​ធំ​ឡើង​ធំ​ឡើង​។

តាម​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ចិន គឺជា​វិនិយោគិន និង​ជា​ប្រភព​ទេសចរណ៍​ធំ​ជាង​គេ​បំផុត​លំដាប់​លេខ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។ ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ ក៏​កំពុង​តែ​មាន​និន្នាការ​កើនឡើង ខណៈពេលដែល​ស្ថាប័ន​ពាក់ព័ន្ធ​កំពុងតែ​សហការ​គ្នា​ពង្រីក​ច្រក​ទីផ្សារ​ចិន​សម្រាប់​ផលិតផល​កម្ពុជា​។ ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អំណរគុណ​ចំពោះ​ជំនួយ​របស់​ចិន ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​និង​បាន​ជូនពរ​ឲ្យ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ឲ្យ​ចិន​ក្លាយទៅជា​ប្រទេស​សង្គមនិយម​មួយ​រឹងមាំ​ប្រកបដោយ​ភាព​សុខដុម និង​វិបុលភាព។

ជាមួយនឹង​ការ​លើកឡើង​ខាងលើ​នេះ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន ក៏បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន វិញ​ផងដែរ ដោយ​បាន​លើក​ឡើង​ថា ចាប់តាំងពី​បាន​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​យើង​ទាំងពីរ បាន​ពង្រឹងពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្ដូរ​គ្នា​លើ​វិស័យ​នានា ដូចជា​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និង​វប្បធម៌​ជាដើម​។ ក៏ដូចជា​ការ​សម្របសម្រួល​គ្នា​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​លើ​កិច្ចការ​តំបន់​និង​អន្តរជាតិ​។ លោក​បន្ត​ថា កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ចិន និង​កម្ពុជា សម្រេច​បាន​នូវ​វឌ្ឍនភាព គួរ​ឲ្យ​កត់សម្គាល់ ហើយ​បាន​ក្លាយទៅជា​គំរូ​សម្រាប់​កិច្ច​សហប្រតិបត្តិការ ដែល​ផ្ដល់​ប្រយោជន៍​ទៅវិញទៅមក​និង​ឈរ​លើ​មូលដ្ឋាន​ស្មើភាព​គ្នា​ក្នុងចំណោម​ប្រជាជាតិ​ទាំងឡាយ​។

លោក វ៉ាង យី អះអាង​លើ​លិខិត​របស់ខ្លួន​ថា លោក​មានបំណង​សហការ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ដោយ​យក​ឱកាស​ខួប​អនុស្សា​វ​រី​យ៍​លើក​ទី​៦០ នេះ អនុវត្ត​ឲ្យ​បាន​យ៉ាងសកម្ម នូវ​ការ​ព្រមព្រៀងគ្នា​ដ៏​សំខាន់​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ សំដៅ​រួមចំណែក​ដល់​ការបង្កើត​សហគមន៍​ចិន​-​កម្ពុជា ដែលមាន​វាសនា​រួម​ជា​យុទ្ធសាស្ត្រ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu