Ad Code

ឡាន​តូច​ បើក​កៀរ​ឲ្យ​ដួល​ខ្ទាត​ចូល​ឡាន​ធំ​ កិន​ស្លាប់​ភ្លាម



ភ្នំពេញ ​៖​ បុរស​ម្នាក់ ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ បន្ទាប់ពី​ជិះ​ម៉ូតូ​ ត្រូវ​ឡាន​តាក់​ស៊ី​ម៉ែត្រ​ធុន​តូច​មួយ​គ្រឿង​បើក​កៀរ​ឲ្យ​ដួល ​ហើយ​បាន​ខ្ទាត​ចូល​ក្រោម​កង់ឡាន​ធុន​ធំ​ប្រភេទ​យី​ឌុប​មួយ​គ្រឿង​ទៀត​ ដែល​បើក​មក​ប្រកៀក​ប្រកិត​គ្នា​ បណ្ដាល​ឲ្យ​កិន​​ជនរងគ្រោះ​ស្លាប់​ភ្លាម​មួយ​រំពេច កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃទី​២០ ​ខែ​​កក្កដា ​ឆ្នាំ​២០១៨​ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ត្រង់​ចំណុច​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​២​ សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​មានឈ្មោះ សេង សុខុម ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ​មុខរបរ​ដើរ​ម៉ៅ​ផ្លែឈើ​តាម​ចម្ការ​យក​លក់​ឲ្យ​ម៉ូយ រស់នៅ​ភូមិ​ព្រែក​តា​នប់​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ​ខេត្តកណ្ដាល។

រថយន្ត​យី​ឌុប​ម៉ាក​FUSO​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B1898 បើក​ដោយ​បុរស​ម្នាក់​ និង​រួម​ដំណើរ​ជាមួយ​ព្រូ​ម្នាក់​ទៀត​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច។ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៨ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​.1GS995។

តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​មធ្យម​ ដោយ​ជិះ​កណ្ដាលផ្លូវ បន្ទាប់មក​បាន​ប៉ះ​ជាមួយ​រថយន្ត​តាក់ស៊ី ម៉ែត្រ​ពណ៌​ក្រហម​មួយ គ្រឿង​ដែល​បើកបរ​ស្រប​ទិស​គ្នា ដោយ​រថយន្ដ​នោះ​ បាន​កៀរ​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ដួល ​រួច​ខ្ទាត​ទៅ​ផ្នែក​ខាងឆ្វេង​ ត្រូវ​រថយន្ត​យី​ឌុប​​ ​ដែល​បើកបរ​មក​ប្រកៀក​ប្រកិត​គ្នា​នោះ​ បាន​កិន​ត្រូវ​កង់​ផ្នែក​កណ្តាល បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​ ហើយ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​បាន​​បើក​គេច​ចេញពី​កន្លែងកើតហេតុ​បាត់។ ចំណែក​រថយន្ត​យី​ឌុប​ព្យាយាម បើក​ចេញ​បាន​ប៉ុន្មាន​ម៉ែត្រ ត្រូវបាន​ប្រជាពលរដ្ឋ​ និង​អ្នករត់ម៉ូតូឌុប​ឃាត់​រថយន្ត​បាន ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ។

បើតាម​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹងថា​ សព​ជន​រង គ្រោះ​មាន​ស្នាម​កិន​ចំ​ផ្នែក​ចំហៀង​ខ្លួន​និង​ប្រអប់ដៃ ចំណែក​ម៉ូតូ​ជនរងគ្រោះ​មិនមាន​ខូចខាត​ឡើយ​នៅ​ស្អាត​ចែស​. រីឯ​រថយន្ត​យី​ឌុប​មាន​ស្នាម​ប៉ះ​កង់​កណ្តាល​ផ្នែក​ខាងស្តាំ​។

ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋាន​បានប្រគល់​ភារៈ​នេះ​ទៅ​ឲ្យ​កម្លាំង​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​រង់ចាំ​ការដោះស្រាយ​គ្នា​តាមច្បាប់។ ចំណែក​សព​ជនរងគ្រោះ​ក្រោយ​ធ្វើ​កំណត់ហេតុ​រួច​បាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu