Ad Code

នៅ​ម៉ោង​១៤​រសៀល​នេះ ​ទឹក​ទន្លេសេកុង​បាន​ហក់​ឡើង​១២,១០​ហួស​កម្រិត​ប្រកាស​អាសន្ន ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​ជម្លៀស​ទៅកាន់​ទួល​សុវត្ថិភាព



ស្ទឹងត្រែង ៖ នៅ​វេលា​ម៉ោង​១៤​រសៀល​ ថ្ងៃទី​២៦ ខែ​កក្កដា​នេះ ​ទឹកទន្លេ​សេកុង​បាន​ហក់​ឡើង​១២,១០​ហួស​ក​ម្រិត​ប្រកាស​អាសន្ន​ត្រឹម​១១,៥០ ​អភិបាលខេត្ត​ស្ទឹងត្រែង​ បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មានផ្ទះ​សម្បែង​រស់នៅ​ជិត​តាម​ដង​ទន្លេសេកុង​-​មេគង្គ​-​សេ​សាន​-​នឹង​ទន្លេស្រែពក ត្រូវ​ត្រៀម​បង្ការ​ខ្ពស់​បំផុត ព្រោះ​នៅ​ថ្ងៃ​២៦​កក្កដា​នេះ ប្រជាពលរដ្ឋ​ក្នុងស្រុក​សៀម​ប៉ាង​ជាច្រើន​គ្រួសារ​បាន​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ទន្លេសេកុង​មួយចំនួន​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុ​វត្ថិភាព​។



ក្នុងពេលដែល​ស្ថានភាព​ទឹកជំនន់​ទន្លេសេកុង​កំពុង​បន្ត​ឡើង​ និង​ទឹក​ទំនប់​វា​រី​អគ្គិសនី សេ​ពាន សេណា​មណ​យ ខេត្ត​អត្ត​ពឺ​ ប្រទេស​ឡាវ​ បាន​សម្រុក​ជន់​មក​ប​ន្ថែម​នៅ​ថ្ងៃទី​២៦ ខែ​កក្កដា ​ឆ្នាំ​២០១៨​នេះ​លោក​ប៉ាង​ប៉េង ប្រធាន​មន្ទីរ​ធនធាន​ទឹក និង ​ឧតុនិយម​ខេត្ត​បាន​បញ្ជាក់​ថា ករណីនេះ​ប្រជាពលរដ្ឋ​យើង​ត្រូវតែ​បង្កើន​ការ​លើកកម្ពស់​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ទ្វេដង​ ព្រោះ​ស្ថានការណ៍​នេះ​យើង​ទទួល​បាន​ព័ត៌មាន​ពី​អាជ្ញាធរ​ខេត្ត​អត្ត​ពឺ ​រួច​មក​ហើយ។



លោក​បន្ថែម​ថា ស្ថានភាព​ទឹកទន្លេ​មេគង្គ​អាច​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​កម្ពស់​១០.៧០​ម៉ែត្រ​ នៅ​ព្រឹក​ថ្ងៃទី​២៦​នេះ​ទឹកទន្លេ​មេគង្គ​មាន​កម្ពស់​១០​ម៉ែត្រ រួច​ទៅ​ហើយ រីឯ​ទឹកទន្លេ​សេកុង​កម្រិត​ប្រកាសអាសន្ន​១១,៥០​តែ​ថ្ងៃ​២៦​កក្កដា​នេះ​ បាន​ឡើង​ដល់​១២,១០​ហួស​កម្រិត​ប្រកាស​អាសន្ន​ហើយ​ព្រម​ជាមួយនឹង​ការ​ទទួល​របប​ទឹក​ជន់​ពី​ទំនប់​ឡាវ​មក​ទៀត ធ្វើ​ឲ្យ​ភូមិ​១៧​ឃុំ​៤ និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រួម​ទាំង​ការិយាល័យ​បោះឆ្នោត​ចំនួន​៧​រង​ផល​ប៉ះពាល់​ផង​ដែរ។



លោក​ម៉ុម​ សារឿន​ អភិបាលខេត្ត​ស្ទឹងត្រែង​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ នាំគ្នា​បង្កើន​ការប្រុងប្រយ័ត្ន​នឹង​ជម្លៀស​ចេញទៅ​ទីទួល​សុវត្ថិភាព​តែម្តង​ជាពិសេស​បងប្អូន​នៅ​តាម​ដង​ទន្លេសេកុង​ក្នុងស្រុក​សៀម​ប៉ាង​។



លោក​អភិបាលខេត្ត​បន្ត​ថា ​ស្ថានភាព​ប្រឈម​នេះ​អាជ្ញាធរ​និង​មន្ត្រី​ស្ថាប័ន​មាន​សមត្ថកិច្ច​បង្កើន​ការប្រុងប្រយ័ត្ន​រួចជាស្រេច ទាំង​ខេត្ត ក្រុង​ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ត្រៀមកម្លាំង​ជួយ​ប្រជាពលរដ្ឋ​យើង​ដែល​រស់​នៅតាម​ភូមិសាស្ត្រ​វាលទំនាប​ដែល​ងាយ​រងគ្រោះ​។



លោក​អភិបាលខេត្ត​បន្ត​ថា នៅ​ចំពោះមុខ​នេះ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ជម្លៀស​សត្វពាហនៈ ទ្រព្យសម្បត្តិ​ទៅកាន់​ទីទួល​សុវត្ថិភាព​បាន​មួយ​ចំនួន​ធំ​រួចហើយ ដោយឡែក​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ត្រៀម​ប្រចាំការ​ទៅតាម​តំបន់​ប្រឈម​មួយចំនួន​ផងដែរ។



សូម​បញ្ជាក់​ថា គិត​មកដល់​ថ្ងៃទី​២៦​កក្កដា​នេះ​ទឹក​ទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង​មាន​កម្ពស់​១០​ម៉ែត្រ​នៅ​កម្ពស់​០.៧០​ម៉ែត្រ​ទៀត​ នឹង​ដល់​កម្រិត​ប្រកាស​អាសន្ន​ចំណែក​នៅ​ទន្លេសេកុង​ទឹក​មាន​កម្ពស់​១២,១០​ហួស​កម្រិត​ប្រកាសអាសន្ន​ហើយ តែ​អាជ្ញាធរខេត្ត​បាន​ចេញ​សេចក្តីជូនដំណឹង​ទាន់​ហេតុការណ៍​ស្តីពី​ករណី​គ្រោះ​ទឹកជំនន់​-​ការត្រៀម​បង្ការ​-​និង​ការអន្តរាគមន៍​នេះ​រួចហើយ​៕

     



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu