គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសជូនដល់អ្នកគាំទ្របាល់ទាត់ទាំងអស់ឲ្យចូលរួមប្រកួតប្រជែងពានរង្វាន់ អ្នកគាំទ្រលើវិស័យបាល់ទាត់យូរជាងគេ ប្រចាំរដូវកាល២០១៨ តាមរយៈការគាំទ្រដោយចុច Like លើរូបភាពរបស់បេក្ខជន នៅលើទំព័រហ្វេសប៊ុក CNCC ដោយចាប់ផ្ដើមពីថ្ងៃសៅរ៍ ទី២១ ខែកក្កដា រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។
ប្រភពព័ត៌មានរបស់ CNCC បញ្ជាក់ថា ការប្រកួតនឹងធ្វើឡើង២ដំណាក់កាល ដោយដំណាក់កាលទី១ បេក្ខជនត្រូវផ្ញើរូបភាពទៅទស្សនាការប្រកួតបាល់ទាត់ Metfone Cambodian League និង ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មកគណៈកម្មការរៀងរាល់សប្ដាហ៍ ដោយទទួលការផ្ញើរូបភាព៣ថ្ងៃក្នុង១សប្ដាហ៍ ពោលចាប់ពីព្រឹកថ្ងៃសៅរ៍ដល់ល្ងាចថ្ងៃចន្ទ។ រូបទទួលបាននឹងត្រូវ Post នៅលើគេហទំព័រហ្វេសប៊ុក CNCC នាព្រឹកថ្ងៃអង្គារ៍ប្រចាំសប្ដាហ៍នីមួយៗ ដើម្បីឲ្យអ្នកគាំទ្របោះឆ្នោតដោយចុចLike ។ ការទទួលចំនួន Like នឹងរាប់ចាប់ពីពេល Post រហូតដល់ល្ងាចថ្ងៃសុក្រ អ្នកទទួលបានចំនួន Like ច្រើនជាងគេ៣រូប នឹងត្រូវជ្រើសយកហើយកត់ត្រាទុក។
ដំណាក់កាលទី២ គណៈកម្មការនឹងធ្វើការបូកសរុបពិន្ទុម្តងក្នុង១ខែ ដើម្បីបង្ហាញលទ្ធផលទាំងនោះនៅលើទំព័រហ្វេសប៊ុក CNCC រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។ ចំនួននៃការគាំទ្រនឹងត្រូវបូកបញ្ចូលគ្នា អាស្រ័យលើចំនួននៃការផ្ញើរូបភាពចូលរួមរបស់បេក្ខជន។ ឧទាហរណ៍ សប្តាហ៍ទី១ បេក្ខជនទទួលបាន១០០ Like លើរូបភាពរបស់ខ្លួន សប្តាហ៍ទី២បេក្ខជនដដែលផ្ញើរូបភាពថ្មីមួយទៀតចូលរួមប្រកួត នោះចំនួននៃការគាំទ្រនឹងត្រូវបូកបញ្ចូលគ្នាគ្រប់សប្តាហ៍ ដែលបេក្ខជនម្នាក់នោះបានចូលរួម។ សូមចំណាំថា ចំនួន Like ទទួលបានក្រោយការប្រកាសលទ្ធផលប្រចាំសប្តាហ៍នីមួយៗ នឹងមិនត្រូវបានរាប់បញ្ចូលឡើយ។
បេក្ខជនតែម្នាក់គត់ ដែលមានចំនួនគាំទ្រខ្ពស់ជាងគេបង្អស់ នឹងត្រូវប្រកាសនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ជាជយលាភីប្រចាំរដូវកាល២០១៨ នៅលើទំព័រហ្វេសប៊ុក CNCC ហើយនឹងត្រូវបានអញ្ជើញទៅទទួលពានរង្វាន់ នៅក្នុងកម្មវិធី Cambodian Football Award ។ កាលពីរដូវកាលទី១កន្លងទៅ លោកប៊ីវ តុលា ជាជយលាភីអ្នកគាំទ្រវិស័យបាល់ទាត់ជាងគេ អមដោយប្រាក់រង្វាន់១លានរៀល៕
Source: Kampuchea Thmey Daily
0 Comments