ភ្នំពេញ ៖ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈពេលគេយកកាំភ្លើងជ័រភ្ជង់ទៅលើសមត្ថកិច្ចពេលដឹងថា ជាកាំភ្លើងជ័រ ទះបីកំផ្លៀងធ្លាក់ថ្នាំញៀន១កញ្ចប់ពីខ្លួន ត្រូវជាប់ខ្នោះ កាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវបេតុង ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះភាច និមល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមើលកូននៅផ្ទះស្នាក់នៅផ្ទះជួលភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិត្រពាំងព្រៃ ស្រុកជុំគិរីខេត្តកំពត។
តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានចេញល្បាតនៅក្នុងភូមិសាស្ត្រស្មុគស្មាញ លុះល្បាតមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យកំពុងដើរតាមផ្លូវម្នាក់ឯង ដោយពាក់មួកទាហានហើយមានការសង្ស័យ បានឃាត់សួរនាំ បន្ទាប់មកជនសង្ស័យ បាននិយាយថា ពួកឯងមិនបាច់ចាំឆែកឆេរអញទេ ចំណែកកម្លាំងសមត្ថកិច្ចរឹតតែមានការសង្ស័យ ខ្លាំងឡើងៗ ហើយឃាត់ឆែកឆេរ ភ្លាមៗនៅពេលនោះតែម្ដង។ ពេលនោះដែរស្រាប់តែជនសង្ស័យ បានយកកាំភ្លើងជ័រភ្ជង់ សមត្ថកិច្ចវិញ បណ្តាលឲ្យសមត្ថកិច្ចមានការភិតភ័យ តែនៅពេលនោះ ការភ្ជង់របស់ជនសង្ស័យ ដោយកាំភ្លើងស្រាល ទើបសមត្ថកិច្ចដឹងថា ជាកាំភ្លើងជ័រ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានទះពីរបីដៃម្នាក់ បណ្តាលឲ្យរងរបួសទ្រមខ្លួនហើយធ្លាក់ថ្នាំញៀនចេញពីខ្លួនចំនួនមួយកញ្ចប់។ បន្ទាប់មកកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ និង កម្លាំងនគរបាលប៉ុស្តិ៍ បាននាំជនសង្ស័យទៅសាកសួរបន្ត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ២បន្ត។
ពេលនេះជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments