Ad Code

ឡៅ ចិ​ត្រា ផ្តួល​ឡាវ​ទឹក​២ ខណៈ​ចាន់ ប៊ុន​ហឿន​ឈ្នះ​ថៃ​ដោយ​ពិន្ទុ



អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ឡាវ​និង​ថៃ​ដូចគ្នា នៅក្នុង​ការជួប​ប្រកួត​គ្នា​ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​២២​ ខែ​កក្កដា ​ឆ្នាំ​២០១៨ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

ឡៅ ចិ​ត្រា បាន​ផ្តួល Khunpholnoy Surarith អោយ​សន្លប់​ក្នុង​ទឹក​ទី​២ ។ អ្នក​ប្រដាល់​ឡាវ​រូបនេះ មាន​កម្ពស់​ចង់​ខ្ពស់ជាង​ចិ​ត្រា​ទៅទៀត ដែល​ក្នុង​ការប្រកួត​ទឹក​ដំបូង ចិ​ត្រា ពិបាក​ផ្តួល​គេ​បាន តែ​មកដល់​ទឹក​២ ទើប​ចិ​ត្រា​ផ្តួល​គេ​បាន តាមរយៈ​ការ​វាយ​កែង​ចំ​ចង្កា​រាប់​៨​ម្តង និង​លើក​ទី​២ អុក​ត្រូវ​១​ជង្គង់​ចំ​ចុងដង្ហើម បណ្តាល​ឲ្យ Khunpholnoy​សន្លប់​តែម្តង។​

Khunpholnoy ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​នៅ​ស្រុក​ឡាវ ដោយមាន​ប្រវត្តិ​ចំនួន ៨៨​លើក ក្នុងនោះ វាយ​ឈ្នះ​៦៥​លើក ចាញ់​១៩​លើក​និង​ស្មើ​០៤​លើក ។ ចំណែក ឡៅ ចិ​ត្រា មាន​ប្រវត្តិ​ប្រកួត​៧១​លើក ឈ្នះ​៦៩ លើក​និង​ចាញ់​៥​លើក មិនដែល​ស្មើ ។ ចិ​ត្រា គេ​ធ្លាប់​ផ្តួល​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​ហើយ ជាពិសេស​ក្នុងចំណោម​ការប្រកួត​ជាមួយ​ថៃ​ជិត​៤០​លើក​កន្លងមកនេះ គឺ​ចិ​ត្រា​ចាញ់​តែ​២​លើក​ប៉ុណ្ណោះ​។​

ចំណែក ចាន់ ប៊ុន​ហឿន ដែល​ប៉ះ​ជាមួយ​ជើង​ខ្លាំង​ថៃ Famichai Thaharphran26 វិញ​នោះ គឺ​ឈ្នះ​ដោយ​លំបាក ព្រោះ Famichai គេ​ដើរចូល​ជានិច្ច គ្រាន់តែ​ស្ថានភាព​ពេលនោះ គឺ Famichai ចូលទៅ​ឲ្យ​តែ​ប៊ុន​ហឿន​វាយ​ប៉ុណ្ណោះ ដោយសារតែ​យ៉ាងនេះ​ហើយ ទើប​ចាន់ ប៊ុន​ហឿន បានឈ្នះ​ពិន្ទុ​នោះ។ Famichai ត្រូវ​អាជ្ញាកណ្តាល​រាប​៨​ពីរដង​ក្នុង​ទឹក​ទី​៣ និង​ក្នុង​ទឹក​ទី​៤ ត្រូវ​បែក​ឈាម​ដោយសារ​កែង​របស់​ប៊ុន​ហឿន។

ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​ផ្តួល​អ្នក​ប្រដាល់​ស៊ឹម សំ ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ អោយ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៣ បន្ទាប់ពី​ត្រូវ​កែង​ចំ​មុខ​នោះ ។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu