Ad Code

លោក​បណ្ឌិត ពេ​ជ សោភ័ន​ណែនាំ​ឲ្យ​មន្ដ្រីរាជការ​ក្រសួង​ការងារ​ខិតខំ​ប្រឹងប្រែង​ជួយ​បណ្តុះបណ្តាល​ដល់​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​មាន​ជំនាញ​ច្បាស់លាស់



ភ្នំពេញ​ ៖ លោក​បណ្ឌិត ពេ​ជ សោភ័ន សមាជិក​គណៈកម្មាធិការ​កណ្ដាល និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​បក្ស​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ណែនាំ​ដល់​មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ នៃ​អគ្គនាយកដ្ឋាន​អប់រំ បណ្ដុះ​បណ្ដាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ត្រូវ ខិតខំ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា ជួយ​បណ្តុះបណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​មាន​វិជ្ជាជីវៈ​ជំនាញ​មួយ​ច្បាស់លាស់​ដើម្បី​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​លោក​បណ្ឌិត ពេ​ជ សោភ័ន បាន​លើក​ឡើង​បែបនេះ​ក្នុង​ឱកាស​ដែល​លោក​បាន អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ដ្រី​រាជការ លោកគ្រូ អ្នកគ្រូ នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះ​បណ្ដាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​។

លោក​បណ្ឌិត ពេ​ជ សោភ័ន បាន​មានប្រសាសន៍ថា «​អស់លោក​មន្ដ្រី​រាជការ​ទាំងអស់ ត្រូវ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ម្ដេច ឲ្យ​ពលរដ្ឋ​ធ្វើស្រែ​ចំការ​មាន​ជំនាញ​ច្បាស់លាស់ ដោយ​មិន​ចាំ​បាច់​ពួកគាត់​រៀន​ដល់​បាក់​ឌុប​នោះ​ទេ ព្រោះ​ពួកគាត់​នៅ​មូលដ្ឋាន​គាត់​ចាស់ ត្រូវធ្វើ​យ៉ាង​ម្ដេច​ឲ្យ​ពួកគាត់​មាន​ជំនាញ​ច្បាស់លាស់​...​បើ​ធ្វើស្រែ​ឲ្យ​ប្រាកដ​ថា ​ធ្វើស្រែ​តាមបែប​វិទ្យាសាស្ដ្រ បើកាលណា​មាន​វិជ្ជា មាន​សមត្ថភាព ផលិតភាព​នឹង​កើនឡើង​ទៅតាម​ហ្នឹង​ដែរ​»​។



លោក​បណ្ឌិត ពេ​ជ សោភ័ន​បាន​បន្ថែម​ទៀត​ថា គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម មាន​សារៈសំខាន់​ណាស់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រើ​កម្លាំង ប្រើ​មនុស្ស​ច្រើន ទៅជា​មនុស្ស​ដែល​ប្រើ​ជំនាញ ដូច្នេះ​បាន​រាជរដ្ឋាភិបាល ដាក់ចេញ​នូវ​គោលនយោបាយ​មួយ ស្ដីពី ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ដែល​ក្រសួង​បានធ្វើ​នៅ​ឆ្នាំ​២០១៧-២០២៥​។

ជាមួយគ្នា​នោះ លោក​បណ្ឌិត​បាន​លើក​ឡើង​ថា ការដែល​ចែករំលែក ការដែល​កសាង​ធនធានមនុស្ស គឺជា​កត្ដា​មិនអាច​ខ្វះ​បាន ដើម្បី​ឲ្យ​កម្ពុជា អាច​ឈាន​ចូលឆ្នាំ​២០៣០ ទៅជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​គោលដៅ​មួយទៀត នៅ​ឆ្នាំ​២០៥០ នឹង​ខ្លាច​ជា​ប្រទេស ដែល​មាន​ចំណូល​ខ្ពស់ ដែល​គេ​ហៅថា ជា​ប្រទេស​ដែល​អភិវឌ្ឍ​។

លោក​បណ្ឌិត ពេ​ជ សោភ័ន បាន​បន្ដទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ដែល​មួយ​គត់ និង​ជា​ជម្រើស​តែមួយគត់​ល្អ​ជាងគេ គ្មាន​ជម្រើស​ណា ល្អជា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​នឹង​កំពុង ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា រីកចម្រើន​អភិវឌ្ឍ ដែល​យើង​ទាំងអស់​គ្នា អាច​ផ្ញើ​វាសនា​ទៅ​បាន ដែល​នេះ​ជាការ​ពិត ដែល​មិនអាច​ប្រែ​ក្រឡះ ក្លែងបន្លំ​ទាំង​អតីតកាល បច្ចុប្បន្ន និង​ទាំង​អនាគត​។

ទន្ទឹម​គ្នា​នេះ​ផង​ដែរ លោក​បណ្ឌិត ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ វា​មិន​គ្រាន់តែ​ជា​ការ​ជ្រើសរើស គណបក្ស​ប្រជាជន​កម្ពុជា ឬក៏​អ្នកណា​នោះ​ទេ តែ​ជា​ការ​សម្រេច​ចិ​ត្ដ​មួយ រវាង​ខ្មែរ​និង​ខ្មែរ ហើយក៏​ជា​ការ​សម្ដែង​ឲ្យ​ឃើញថា ពលរដ្ឋ​កម្ពុជា​ទាំងអស់ ចង់បាន​រោងចក្រ ចង់បាន​ការងារ​ធ្វើ ចង់​មាន​សន្ដិភាព ចង់​ឲ្យ​ការអភិវឌ្ឍ​។

លោក​បណ្ឌិត ពេ​ជ សោភ័ន បាន​លើក​ឡើង​ទៀត​ថា ការដឹកនាំ​ដែល​អាច​ប្រកប បាន​ដោយ​ជោគជ័យ ហើយ​ល្អ​បាន លុះត្រាតែ​មានការ​ចូលរួម​ពី​មហាជន​, គណបក្ស​ប្រជាជន​កម្ពុជា ដែល​អាច​ទទួលបាន​ជោគជ័យ ក្នុង​រយៈកាល​ជាង​៣០​ឆ្នាំ​កន្លង​មក​នេះ ក៏​ដោយសារតែ​សម្ដេច​តេ​ជោ ហ៊ុន សែន យក​ទស្សនៈ​របស់​មហា​ជន ដែល​ធ្វើ​ឲ្យ​ឧបាយកល​របស់​ពួក​គណបក្សប្រឆាំង ទាំងឡាយ​ត្រូវ​បរាជ័យ​ទាំងអស់​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu