សៀមរាប ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក ឃឹមប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ អញ្ជើញចូលរួមជាអធិបតីក្នុងពិព័រណ៍ផ្សារណាត់បន្លែ និង ផលិតផលសុវត្ថិភាព ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
ក្រសួងបានឲ្យដឹងថា ពិព័រណ៍ផ្សារណាត់បន្លែនិងផលិតផលសុវត្ថិភាព ធ្វើឡើងក្នុងគោលបំណងដាក់បង្ហាញសមិទ្ធផលសម្រេចបានតាមរយៈការអនុវត្តគម្រោងស្តីពីការជំរុញផលិតកម្មស្បៀង ដែលគម្រោងនេះទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ លើថវិកាចំនួន ២០,២៥លានដុល្លារ។
សូមបញ្ជាក់ថា គម្រោងនេះមានគោលបំណងផលិតពូជស្រូវក្រអូប និងបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលដោយបាននឹងកំពុងអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១១ មានខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ចាម កំពង់ឆ្នាំ កំពង់ធំ កំពង់ស្ពឺ ត្បូងឃ្មុំ ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប។ ការរៀបចំពិព័រណ៍ផ្សារណាត់បន្លែនិងផលិតផលបន្លែសុវត្ថិភាពនាថ្ងៃនេះ គឺជាសមិទ្ធផលនៃការអនុវត្តគម្រោងខេត្តទី៧ ក្នុងចំណោមខេត្តគោលដៅទាំង១១ បន្ទាប់ពីខេត្តកំពង់ចាម កណ្តាល ត្បូងឃ្មុំ ព្រៃវែង បាត់ដំបង និងខេត្តពោធិ៍សាត់។
បន្ទាប់ពីបានធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តគម្រោងនិងមតិស្វាគមន៍ ដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តរួចមក លោករដ្ឋមន្ត្រីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីអនុវត្តគម្រោង និងប្រជាកសិករដែលស្ថិតនៅខេត្តគោលដៅរបស់គម្រោងទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តអនុវត្តគម្រោងសម្រេចទទួលបានលទ្ធផលល្អប្រសើរដូចយើងបានឃើញនាថ្ងៃនេះ។
ក្នុងឱកាសនោះ លោកបានបញ្ជាក់ជូនអង្គពិធីជ្រាបថា វិស័យកសិកម្មមិនត្រឹមតែជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ធានាឲ្យបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ។ ស្របពេលជាមួយនឹងដំណើរការនៃការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យនេះ ក្រសួងក៏បាននឹងកំពុងរៀបចំចក្ខុវិស័យសម្រាប់អភិវឌ្ឍវិស័យកសិកម្មកម្ពុជា២០១៩ដល់២០៣០ គឺក្នុងគោលបំណងប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលក្នុងគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកបានបន្តទៀតថា ដោយសារតែកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបានល្អប្រសើរក្នុងរយៈពេលជាងម្ភៃឆ្នាំកន្លងទៅនេះ បានធ្វើឲ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរ ៧%ក្នុងមួយឆ្នាំ ហើយផ ស ស ម្នាក់ទទួលបានពី ៣០០ដុល្លារនៅឆ្នាំ២០០០ និងបានកើនឡើងរហូតដល់ ៩៣០ដុល្លារក្នុងឆ្នាំ២០១២ និង ១៤៣៥ដុល្លារក្នុងឆ្នាំ២០១៧។ ជាមួយនឹងការកើនឡើងនៃចំនួនប្រជាជន ភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ច សេចក្តីត្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន តាមបែបស៊ីវិល័យ និង ប្រកបដោយសុខុមាលភាពល្អប្រសើរ តម្រូវការផលិតផលកសិកម្មនៅលើទីផ្សារក្នុងស្រុកមានគុណភាព សុវត្ថិភាព និងសុខុមាលភាព មានការកើនឡើងជាលំដាប់។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឲ្យមានការរៀបចំគម្រោងជំរុញផលិតកម្មស្បៀងនៅកម្ពុជាសាកល្បងលើកទីមួយនេះឡើងសម្រាប់រយៈពេល៣ឆ្នាំពីចុងឆ្នាំ ២០១៦ដល់២០១៩។ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិនិងថ្នាក់ខេត្ត កសិករ សហគមន៍កសិកម្មនិងអាជីវករលក់ដំនិងវិស័យឯកជនក្នុងការផ្គត់ផ្គង់ធាតុចូលកសិកម្ម និងបច្ចេកវិទ្យាថ្មីៗលើការដាំដុះការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានធ្វើឲ្យគម្រោង មកទល់ពេលនេះទទួលបានវឌ្ឍនភាពល្អប្រសើរ ដែលបានឈានដល់បង្កើតបាននូវព្រឹត្តិការណ៍នាថ្ងៃនេះឡើង៕
Source: Kampuchea Thmey Daily
0 Comments