Ad Code

អភិបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ ជាមួយនឹង​មាន​វិធានការ​ឆ្លើយតប



​ភ្នំពេញ​ ៖​ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួម​ជា​មួយ​មន្ត្រី​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​កាលពី​ព្រឹក​ថ្ងៃទី​២០​ ខែកក្កដា​​ បាន​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​នៅក្នុង​តំបន់​១​ចំនួន​នៅ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក្នុង​ខណៈ​ដែល​ជំនន់​ទឹកភ្លៀង​កំពុងតែ​កើនឡើង​ដែល​ធ្វើ​ឲ្យ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​១​ចំនួន​ទទួលរង​នូវ​ការ​លិចលង់ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប្រប​ដងស្ទឹង​ព្រែក​ត្នោត​។



លោក​អភិបាល​បាន​ធ្វើ​ដំណើរ​តាម​ទូក​ ដើម្បី​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​តាម​ទីតាំង​ដែល​លិចលង់ និង​ស្វែងយល់​ពី​តំរូវការ​ចាំបាច់​នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​រងគ្រោះ​ភ្លាមៗ​។ ​នៅ​ពេល​នេះ​តាម​ការពិនិត្យ​ជាក់ស្តែង មាន​ភូមិ​ចំនួន​៧​ក្នុង​សង្កាត់​បឹង​ធំ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​មាន​ភូមិសាស្ត្រ​នៅ​ប្រប​មាត់​ស្ទឹង​ព្រែក​ត្នោត ពិសេស​មាន​ភូមិ​ដូន​កុក ដែល​ទទួលរង​ការ​លិច​ខ្លាំងជាង​គេ។



លោក​អភិបាល​បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​,​អាជ្ញាធរ​ដែនដី​ត្រូវ​រួមគ្នា​គិតគូរ​ និង ​ដោះស្រាយ​និង​ដាក់ចេញ​វិធានការ​ចាំបាច់​ឲ្យ​បាន​ទាន់​ពេល​វេលា​ជូន​ប្រជាពលរដ្ឋ​យើង​ដែល​រងគ្រោះ រៀបចំ​ទីទួល​សុវត្ថិភាព និង​រៀបចំ​ទីតាំង​ស្នាក់​ការ​កាកបាទក្រហម​ ដែល​អាច​ដាំ​ស្លរ​រួមគ្នា​បាន​ដើម្បី​សម្រួលការ​លំបាក​ដល់​ប​ង​ប្អូន​នៅពេល​ទឹក​លិច​ផ្ទះសម្បែង​របស់ខ្លួន​,​រៀបចំ​ឲ្យ​មាន​ពេទ្យ​ប្រចាំការ​នៅ​ទីតាំង​រងគ្រោះ​ដើម្បី​ផ្តល់​សេវា​សុខាភិបាល​ជូន​បងប្អូន​។

លោក​ឃួ​ង ស្រេង គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២០​កក្កដា​នេះ កំពស់​ទឹកស្ទឹង​ព្រែក​ត្នោត​មិន​ទាន់មាន​ការ​គំរាមកំហែង​ដល់​រាជធានី​ភ្នំពេញ​នោះ​ទេ​។ ប៉ុន្តែ​បើសិនជា​ទឹក​នៅតែ​បន្ត​ឡើង​ទៀត​នោះ ខណ្ឌដង្កោ​នឹង​ប្រឈមមុខ​ខ្លាំង​ជាង​គេ​ជា​ជំនន់​ទឹកភ្លៀង​ធ្លាក់​មកពី​ខេត្ត​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ​ដូចជា​ខេត្តកំពង់ស្ពឺ​ជាដើម​។

លោក​អភិបាល បាន​ថ្លែង​បន្ត​ថា ផ្ទះ​ប្រជាពលរដ្ឋ និង​ដីស្រែ​ចម្ការ បាន​ទទួល​នូវ​ការ​ជន់​លិចលង់​ទាំងស្រុង ហើយ​ជា​ជំហាន​ដំបូង​អាជ្ញាធរ ត្រូវ​ជួយសង្គ្រោះ​ជីវិត​មនុស្ស និង​សត្វ ដើម្បី​ធ្វើ​យ៉ាង​ណា ​ដើម្បី​ឲ្យ​មាន​ចំណីអាហារ​បរិភោគ​គ្រប់គ្រាន់ ដោយសារ​ពួកគាត់​បាន​លិច​ផ្ទះ​អស់ហើយ និង​ផ្នែក​សុខាភិបាល​ទទួល​បាន​ភា​ព​ល្អប្រសើរ សម្រាប់​ព្យាបាល​ជំងឺ ដូច្នេះ​អាជ្ញាធរ​រាជធានី និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​រៀបចំ​កិច្ច​ការងារ​នេះ ជូន​ប្រជាពលរដ្ឋ ជាពិសេស​កាកបាទក្រហម ត្រូវ​ដាំបាយ​ជូន​ប្រជាពលរដ្ឋ ព្រោះ​ផ្ទះ​លិច កន្លែង​ដាំបាយ​ក៏​លិច​ផងដែរ។ នេះ​មិនមែន​ជា​ការ​សូកប៉ាន់​ក្នុង​ពេល​បោះឆ្នោត​នោះ​ទេ ព្រោះ​វា​ជា​កិច្ច​ការដែល​អាជ្ញាធរ​ត្រូវធ្វើ​តាមរយៈ​កាកបាទក្រហមកម្ពុជា និង​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ និង​ថ្នាក់​ខណ្ឌ​។

ក្នុងនាម​អាជ្ញាធរ​លោក​បាន​ស្នើសុំ​ការ​ជួយ​អន្តរាគមន៍​ពី​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយ​បាន​ផ្តល់នូវ​មធ្យោបាយ​ដឹកជញ្ជូន ដូចជា​អូប័រ​ចំនួន​២០​គ្រឿង និង​កងកម្លាំង​ត្រៀម ដើម្បី​ជួយសង្គ្រោះ ហើយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ក៏បាន​ត្រៀម​ក្រុមការងារ មក​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ហើយ​លើសពី​នេះ​ទៀត អាជ្ញាធរ​រាជធានី បាន​ស្នើ​សុំ​ទៅដល់​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​សុំ​អូប័រ​បន្ថែម ក្នុងករណី​ចាំបាច់​ត្រូវ​ដឹក​ប្រជាពលរដ្ឋ មករក​ទីទួល​សុវត្ថិភាព​។ ប៉ុន្តែ​តាមរយៈ​ការ​ចុះពិនិត្យ​ស្ថានភាព​នា​ព្រឹក​នេះ លោក​ឃួ​ង ស្រេង​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ មាន​ទីទួល​មួយ​នៅ​ភូមិ​ដូន​កុក សម្រាប់​ស្នាក់​បណ្តោះអាសន្ន ហើយ​កាកបាទក្រហម នឹង​ដាំបាយ​នៅ​ទីទួល​នោះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ស្បៀងអាហារ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ប្រចាំថ្ងៃ។



លោក​បាន​បន្ថែម​ថា បើ​តាម​ការវាយតម្លៃ​នោះ គឺ​ស្ថានភាព​ទឹក​នៅ​ចំណុច​ខាងលើ​បាន​ស្រក​ហើយ ប៉ុន្តែ​ជា​ធម្មតា​បើ​ទឹក​នៅ​ខាងលើ​ស្រក គឺ​នៅ​ខាងក្រោម​នឹង​កើនឡើង ហើយ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ទឹក​នៅ​តំបន់​នេះ​នឹង​ស្រក​ចុះ ​ពី​ព្រោះ​ថា​ ទឹកទន្លេ​នៅ​ទាប ទឹក​អាច​ហូរ​ចូល​ទន្លេ ប៉ុន្តែ​ក្នុង​ខណៈដែល​ក្នុង​ខែកក្កដា នេះ​ទឹកទន្លេ​មិនទាន់​ឡើង​ពេញ​ទន្លេ ដូច្នេះហើយ​បានជា​ទឹក​ហូរ​ពី​ស្ទឹង​បាន​លឿន។ ប៉ុន្តែ​បើ​ទឹកស្ទឹង​ឡើង​ក្នុង​តុលា​វិញ ច្បាស់​ជា​រង​ការ​ជន់​លិចលង់​ខ្លាំង​ជាមិនខាន ព្រោះ​ទឹក​ឡើង​ពេញ​ទន្លេ​ហើយ ធ្វើ​ឲ្យ​ទឹកស្ទឹង​ចាល់​ហូរ​ចូល​ទន្លេ​មិនកើត​។ លោក អភិបាល​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន ហើយ​ម្យ៉ាងទៀត ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ហាក់ដូចជា​ស៊ាំ​ហើយ ក្នុង​ការ​ទឹក​ជន់​លិច​បែបនេះ នៅ​តាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត និង​បាន​ជ្រួតជ្រាប​អស់ហើយ និង​បាន​ណែនាំ​ដល់​កូនចៅ ឲ្យ​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​កូនចៅ​រៀនសូត្រ ហើយ​បញ្ហា​ដែល​អាជ្ញាធរ​ត្រូវ​ប្រុងប្រយ័ត្ន គឺ​បញ្ហា​ស្បៀង និង​សុខាភិបាល ដែល​ត្រូវបញ្ជូន​បុគ្គលិក​សុខាភិបាល មក​បោះតង់​ជាប្រចាំ​នៅ​ទៅ​នេះ ដើម្បី​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា។

លោក​បាន​អំពាវនាវ​ឲ្យ​បងប្អូន​មានការ​ប្រុង​ប្រ​យ័ត្ន​លើ​ផ្នែក​សុខភាព និង​កុំ​បណ្តោយ​ឲ្យ​កូនចៅ​លេង​ទឹក​ដែល​កំពុង​ជន់​ឡើង​នេះ​ព្រោះ​អាច បណ្តាល​ឲ្យ​គ្រោះថ្នាក់​បាន​។

ដោយឡែក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​ស៊ុន ចាន់ថុល ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិច​កំណាត់​ផ្លូវជាតិ​លេខ​៤​នា​ព្រឹក​ថ្ងៃទី​២០​កក្កដា​នេះ បាន​ឲ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​នៅ​ដើមរដូវ​វស្សា​នេះ បណ្តាល​ឲ្យ​ផ្លូវជាតិ​នៅ​ទូទាំង​ប្រទេស​មានការ​ខូចខាត​ប្រវែង​សរុប​ប្រមាណ​៨៩​គីឡូម៉ែត្រ​។ ​នៅ​ថ្ងៃទី​១៩​កក្កដា រាជរដ្ឋាភិបាល​ក៏​បានចេញ​សេចក្តី​ណែនាំ​ស្តីពី​ការ​ត្រៀម​បង្ការ​ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ​គ្រោះមហន្តរាយ​ទឹកជំនន់​មានដូចជា​ខេត្តកំពត​,​ព្រះសីហនុ​,​កោះកុង​,​កំពង់ស្ពឺ​,​បាត់ដំបង​,​និង​ប៉ៃលិន​ជាដើម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu