Ad Code

ជនសង្ស័យ​២​នាក់ ​ជិះ​ម៉ូតូ​តាម​កាប់​សត្រូវ​របស់​ខ្លួន ​ឲ្យ​របួសធ្ងន់​ម្នាក់ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ចាប់​ខ្លួន​បាន​ម្នាក់​



បន្ទាយមានជ័យ ៖ ក្មេង​ឈាមរាវ​២​នាក់​ដោយសារ​រឿង​គំនុំ​ចិត្ត​ទ្រាំ​មិនបាន​ក៏​ជិះ​ម៉ូតូ​តាម​កាប់​សត្រូវ​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់​ ក្នុងចំណោម​បក្សពួក​៦​នាក់ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ចាប់​ខ្លួន​បាន​ម្នាក់​នៅវេលា​ម៉ោង ៥​ល្ងាច ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នៅ​ចំណុច​ចំការ​ស្វាយ ស្ថិត​ក្នុង​ភូមិ​សាម​គី្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ ឈិន កុសល ភេទប្រុស អាយុ១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន និង​សាកសួរ​ចម្លើយ​រួចមក លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា​ ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​មាន​ចម្លើយ​របស់​ជនរងគ្រោះ​ឈ្មោះ ធុច លាភ​ផេង ភេទប្រុស អាយុ១៧​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​កម្លាំង​អាវុធហត្ថ​ថា ​នៅមុន​ពេក​កើតហេតុ កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រមាណ​៩​យប់ ខ្លួន​រួម​ជាមួយ​មិត្តភ័ក្ដិ​ចំនួន៦​នាក់​ផ្សេងទៀត បាន​ជិះ​ម៉ូតូ​ទៅលេង​នៅ​តារាង​បាល់ទាត់​ស្ព​ត​វើ​ល​Sport World ហើយ​បាន​ជិះ​បន្ត​ទៅលេង​នៅ​ចំការ​ស្វាយ ស្រាប់​តែមាន​ម៉ូតូ ១​គ្រឿង ម៉ាក​ឃ្លិ​ក មាន​គ្នា ២​នាក់ បាន​ជិះ​ពីក្រោយ​ហើយ​កាប់​មក​លើ​ខ្លួន​ត្រូវ​ជនរងគ្រោះ​ម្នាក់ បណ្តាល​ឲ្យ​របួស​ផ្នែក​ក្បាល​ពីក្រោយ បែក​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន និង​សន្លប់​បាត់ស្មារតី​ ក្រោយពី​កើតហេតុ​ហើយ​ ជនរងគ្រោះ​ត្រូវ​បាន​មិត្តភ័ក្ដិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បន្ទាន់​ ចំណែក​ជនល្មើស​បាន​ជិះ​គេច​ខ្លួន​បាត់ លុះ​នៅ​ថ្ងៃទី​១៩ ខែកក្កដា​ កម្លាំង​អាវុធហត្ថ​តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​។

ផ្អែកលើ​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ និង​តាម​របាយការណ៍​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​ការ​បំភ្លឺ​របស់​ជនរងគ្រោះ ឃើញ​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ បាន​ប្រព្រឹត្ត​បទល្មើស​យ៉ាង​ពិត​ប្រាកដ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu