Ad Code

សម្តេច​ប្រធានព្រឹទ្ធសភា ផ្ញើ​សារលិខិត​ជូន​ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន



ភ្នំពេញ​ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងនាម​ព្រឹទ្ធសភា ក្នុងនាម​ប្រជាជន នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ជូន​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ក្នុងឱកាស​អបអរ​សារ​ទរ​ខួប​ជា​ប្រវត្តិសាស្ត្រ​លើក​ទី​៦០ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

នៅក្នុង​សារលិខិត​របស់​ព្រឹទ្ធសភា​ចុះ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ បាន​បញ្ជាក់​ថា ប្រជាជន​ចិន និង​ប្រជាជន​កម្ពុជា មាន​ទំនាក់ទំនង​ជាមួយគ្នា​ជា​យូរលង់​មកហើយ គឺ​តាំងពី​សម័យ​អង្គរ​ដ៏​រុងរឿង​មក​ម្ល៉េះ​។ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​បាន​បង្កើតឡើង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោម​បញ្ញាញាណ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” និង​អគ្គ​មគ្គុទេសក៍​ដ៏​ឆ្នើម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ផ្តើមចេញពី​ជំនួប​ដំបូង​រវាង​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” ជាមួយ​ឯកឧត្តម ជូ អេ​ន​ឡាយ នៅ​ទីក្រុង​បាន់​ឌុ​ង ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ឆ្នាំ​១៩៥៥​។



ក្នុង​រយៈពេល​៦០​ឆ្នាំ​កន្លង​មក​នេះ ថ្នាក់ដឹកនាំ និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ មាន​មោទនភាព ហើយ​បាន​ខិតខំ​ពូន​ជ្រុំ​ពង្រឹងពង្រីក​ឥតឈប់ឈរ​ធ្វើ​ឲ្យ​ទំនាក់ទំនង​មិត្តភាព​កាន់តែ​ជិតស្និទ្ធ សាមគ្គីភាព​កាន់តែ​រឹងមាំ និង​មាន​កិច្ច​សហប្រតិបត្តិការ​ដ៏​ទូលំទូលាយ​ប្រកបដោយ​ផលប្រយោជន៍​ទៅវិញទៅមក​យ៉ាង​ធំធេង សម្រាប់​ប្រជាជន​ទាំងពីរ​។ ថ្នាក់ដឹកនាំ​កំពូលៗ​ប្រទេស​ទាំងពីរ បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​។ កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ យោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ និង​វិស័យ​ផ្សេងៗ​ទៀត​កាន់តែ​រីក​ធំធាត់ និង​កាន់​តែ​មាន​សកម្មភាព​មមាញឹក ជាពិសេស​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ឡើង​ដល់​កម្រិត​”​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​”​។ ទន្ទឹម​នេះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ដោយឡែក​រវាង​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ជាមួយ​ព្រឹទ្ធសភា​កម្ពុជា ត្រូវ​បាន​លើកកម្ពស់​ឥត​ឈប់ឈរ និង​មាន​លទ្ធផល​ល្អ​ប្រសើរ​ជា​បន្តបន្ទាប់​។

ក្នុង​ទិសដៅ​បន្ត យើង​ខិតខំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​គ្រប់​កម្រិត​ឲ្យ​បាន​កាន់​តែ​ច្រើន និង​បន្ត​គាំទ្រ​ដ៏​ពេញលេញ​ចំពោះ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​រៀងខ្លួន ក្នុង​ការ​ធ្វើ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន​។

ជាមួយគ្នានេះ ខ្ញុំ​សូម​សម្តែង​នូវ​ការ​អរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​បានរួម​ចំណែក​ដ៏​ធំធេង​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួមវិភាគទាន​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម លើកកម្ពស់​ជីវភាព​រស់​នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។ ក្នុងនាម​ព្រឹទ្ធសភា​កម្ពុជា ខ្ញុំ​សូម​យក​ឱកាស​នេះ​បញ្ជាក់​អះអាង​ជា​ឧឡារិក​ជាថ្មី​ទៀត​ថា កម្ពុជា​ប្រកាន់ខ្ជាប់​ឥត​ងាករេ​នូវ​គោលនយោបាយ “​ចិន​មួយ​” ហើយ​ជានិច្ចកាល​តែង​ចាត់ទុកថា​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​មិត្ត​ដ៏​ទុកចិត្ត​បំផុត​របស់​កម្ពុជា​។ សម្តេច​ប្រធានព្រឹទ្ធសភា ក៏​សូម​ប្រសិទ្ធ​ពរជ័យ​ជូន​បក្ស​កុម្មុយនីស្ត និង​ប្រជាជន​ចិន​ជា​មិត្ត សូម​ប្រកបដោយ​វិបុលភាព វឌ្ឍនភាព និង​សុភមង្គល​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu