Ad Code

លោក​កែ គឹមយ៉ាន​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ទាំង​២០​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​ពិសេស​គណបក្ស​ប្រជាជន​ ដែល​មាន​លេខ​រៀង​ទី​២០ ស្រួល​ចាំ ស្រួល​គិត ស្រួល​គូស



បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល អ្នកតំណាងរាស្ត្រ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ទាំង​២០​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​ពិសេស​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​ដែល​មាន​លេខ​រៀង​ទី​២០ ស្រួល​ចាំ ស្រួល​គិត ស្រួល​គូស ថ្លែង​ក្នុង​ពិធីបុណ្យ​បួងសួង​លើក​ដង​ជហ្វា​វត្ត​ប្រាសាទរលំ​ជ្រៃ ស្ថិតក្នុង​ភូមិ​រលំ​ជ្រៃ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​អមដំណើរ​ដោយ​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ លោកជំទាវ​សុង​ ផល្លី​ន ​ភរិយា​របស់​លោក​សួន​ បវរ អ្នកតំណាងរាស្ត្រ​ឈរឈ្មោះ​ទាំង​១២​នាក់ ​ក្រុមការងារ​ថ្នាក់​ជាតិ ខេត្ត ក្រុង ស្រុក និង​មូលដ្ឋាន​ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​៣.៨០០​នាក់​។



ក្នុង​ឱកាស​នោះ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​មាន​មតិ​សំណេះសំណាល​និង​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ​និង​បក្ស​មាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធាន​គណបក្ស សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយស​គណបក្ស​។



លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន​ បាន​មាន​ប្រសា​ស​ន៍​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ទាំង​២០​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ​គឺជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ទាំង​២០​នោះ​ត្រូវ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​ពិសេស​បោះ​ជូន​គណបក្ស​ប្រជាជន​ដែល​មាន​លេខ​រៀង​ទី​២០ ស្រួល​ចាំ ស្រួល​គិត ស្រួល​គូស​ដើម្បី​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ដែល​អាច​ទទួលយកបាន​។



លោក​កែ គឹមយ៉ាន​មាន​ប្រសា​ស​ន៍​បញ្ជាក់​ទៀត​ថា ​យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា​ គណបក្ស​ប្រជាជន​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​ បាន​ដាក់​គោលនយោបាយ​ប្រែក្លាយ​តំបន់​អតីត​សង្គ្រាម​ទាំងអស់​ទៅជា​ទីផ្សារ និង​ការ​អភិវឌ្ឍ ហើយ​សព្វថ្ងៃនេះ​ តំបន់​អតីត​សមរភូមិ​សង្គ្រាម​ជាច្រើន​បាននឹងកំពុង​ក្លាយជា​តំបន់​អភិវឌ្ឍន៍ និង​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាព​ក្រីក្រ​បាន​កសាង​ផ្លូវថ្នល់ មន្ទីរពេទ្យ ពិសេស​ការ​ដាក់​ពង្រាយ​សាលារៀន រោងចក្រ ដល់​មូលដ្ឋាន​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ផ្តល់​ឱកាស​ការងារ​ជូន​ក្មួយៗ​បងប្អូន​ឲ្យ​បាន​កាន់​តែ​ច្រើន កាន់តែ​ជិត និង​កាន់តែ​ងាយស្រួល​បន្ថែម​ទៀត​។



ជា​មួយ​គ្នា​នេះ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​ថ្លែងអំណរគុណ​និង​ដឹងគុណ​ដល់​សមាជិក សមាជិកា​ទាំង​អស់​នៃ​មហា​គ្រួសារ​អ្នក​បន្ទាយមានជ័យ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន គ្រប់ៗ​អាណត្តិ​កន្លងមក ដើម្បី​សម្តេច​តេ​ជោ​ហ៊ុន សែន បន្ត​មិន​យកពន្ធ​លើដី​ស្រែ និង​ការលក់ដូរ​កញ្ច្រែង​កញ្ជើ​ល្អី​ថែមទៀត។



ជាមួយ​គ្នា​នេះ​ដែរ ភ្ជាប់​ជាមួយនឹង​សុទ្ធា​ជ្រះថ្លា លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​កែ គឹមយ៉ាន និង​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​បន្ត​ចូលរួម​កសាង​វត្ត​រលំ​ជ្រៃ​ចំនួន​ទឹកប្រាក់ ២​ម៉ឺន​ដុល្លារ​ទៀត​ ដើម្បី​ធ្វើ​បង្ហើយ​ព្រះវិហារ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu