Ad Code

ស្ទើរ​នៅ​តំបន់​ប្រយុទ្ធ​ជាហេតុ​ធ្វើឱ្យ​វិសាខា ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន



ក្រុម​ចំណូល​ថ្មី​វិសាខា ដែល​កំពុងតែ​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់ជាតិ​ប្រចាំ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៨ (Hun Sen Cup 2018) ដែលជា​ឆ្នាំ​ដំបូង​របស់​ក្រុម​មួយ​នេះ ក្រោយ​បរាជ័យ​ក្រោយ​ថ្វី​ជើង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង កាល​ពីពេល​ថ្មីៗ​។

​លោក ហុក សុ​ជីវ័ន បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​អស់សិទ្ធិ​ឡើង​ទៅ​វគ្គ​បន្ត​ថា «​ទម្រង់​ប្រយុទ្ធ​របស់​យើង​នៅ​ស្ទើរ​គ្រប់កន្លែង ដោយសារ​កីឡាករ​មួយ​ប៉ែក​ខាងលើ គាត់​មិនសូវ​បាន​លេង​ជាមួយគ្នា នៅ​ស្ទើរ​មែនទែន​។ ប៉ុន្តែ​ដូច ទិ​ត្យ ឌី​ណា​, កែវ ផេង​, សាន គឹម​ហេង តាំងពី​ចូលមក​រួមជាមួយ​ក្រុម មិនដែល​បាន​លេង​ជាមួយគ្នា​។ អីចឹង​តំបន់​លេង​នៅ​ស្ទើរ​។ តែ​អ្វីដែល​យើង​ដាក់​ឲ្យ​លេង គឺ​គាត់​ធ្វើបាន ដូច​ការលើក​បាល់​ជ្រុង និយាយ​ទៅ set play របស់​យើង​បានល្អ​»​។

​ទោះជា​យ៉ាងណា​លោក ហុក សុ​ជីវ័ន ពេញចិត្ត​ចំពោះ​លទ្ធផល​នេះ​ប្រកួត​នេះ ដោយ មិន​ប៉ះពាល់​ដល់​អារម្មណ៍​កូនក្រុម​ខ្លាំង​ឡើយ​។ អស់សិទ្ធិ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ មែន​ប៉ុន្តែ​លោកគ្រូ​បង្វឹក​កាន់​អាជ្ញា​ប័​ណ្ណ AFC A License រូប​នេះ​គិតថា​ ក្រុម​លោក​ងាក​ទៅ​ផ្ដោត​សំខាន់​តែ​លើ​ក្របខណ្ឌ Metfone Cambodian League វិញ​ម្តង​។ ក្រុម​វិសាខា បាន​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល សរុប​២​ទល់នឹង​១ ពោលគឺ ចាញ់​ជើង​ទី​១ នៅ​ស្វាយរៀង ១​ទល់នឹង​០ និង ស្មើ​១​ទល់នឹង​១ ជើង​ទី​២ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។



សូម​រំលឹក​ថា ​ថ្មីៗ​នេះ​ក្លិប​វិសាខា បាន​បញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ​៣​នាក់​ដោយ​ក្នុង​នោះ​មាន​កីឡាករ​ជើងចាស់ នុត ស៊ីនួន ជា​ខ្សែប្រយុទ្ធ កីឡាករ ពៅ ភា​រិ​ទ្ធ ជា​ខ្សែបម្រើ និង​កីឡាករ អ៊ីវ វិមាន ជា​ខ្សែការពារ​។ ប៉ុន្តែ​ក្លិប​បាន​នាំ​យក​កីឡាករ​ឆ្នើម​៣​នាក់​បន្ថែមទៀត​គឺ សុខ សុវណ្ណ ជា​ខ្សែការពារ​ពី​ក្រុម​បឹងកេត ខ្សែប្រយុទ្ធ កែវ សុខ​ផេង ដែល​ទើប​បញ្ចប់​កិច្ចសន្យា​មកពី​ប្រទេស​ម៉ាឡេស៊ី និង​ទិ​ត្យ ឌី​ណា ជា​ខ្សែបម្រើ​មកពី​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

សម្រាប់​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា វិញ​ក្រុម​វិសាខា កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២ ក្រោយ​ប្រកួត​១៤​លើក​ឈ្នះ​បាន​១០​លើក ស្មើគ្នា​២​លើក​និង​ចាញ់​២​លើក​មាន​២៣​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុម​លេខ​២​ណាហ្គា​វើ​ល និង​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង​បឹងកេត តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​។ សម្រាប់​ប្រកួត​បន្ទាប់​ក្នុង​សប្ដាហ៍​ទី​១៥ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា វិសាខា ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង​៣​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន AEU Sport Park​។



ក្រុម​វិសាខា បាន​បង្កើត​ឡើង​តាំងពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ឯកឧត្ដម ស សុខា តំណាង​រាស្ដ្រ​ខេត្តព្រៃវែង និង​ជា​អនុប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា​។ ​បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​ជិត​៣០​នាក់ ដែលមាន​លោក ហុក សុចិ​ត្រា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើរតួ​ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ខណៈ​លោក ហុក សុ​ជីវ័ន ជា​ប្អូនប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu