Ad Code

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ ស្នើ​ឲ្យ​គ្លីនិក​ឯកជន​ទាំងអស់​បញ្ឈប់​ការ​ផ្សព្វផ្សាយ​សេវា​ព្យាបាល​បែប​ភូតកុហក​



ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ស្នើ​ឲ្យ​គ្លីនិក​ឯកជន​ទាំងអស់​បញ្ឈប់​ការ​ផ្សព្វផ្សាយ​សេវា​ព្យាបាល​បែប​ភូត​កុហក ​និង​ បំផ្លើស​ខុសពី​ការពិត​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ អស់ជំនឿ​ទៅ​សេវា​សុខាភិបាល​របស់​រដ្ឋ​។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ឌ​ឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួងសុខាភិបាល​មាន​ប្រសាសន៍​ថា ​ចាប់​ពី​ពេល​នេះ​តទៅ​ក្រសួង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​គ្លីនិក​ឯកជន​ណា​ដែល​នៅតែ​បន្ត​ការ​ផ្សព្វផ្សាយ​អួតអាង​ហួស​ពី​ការពិត​ដោយ​មិន​គោរព​ទៅតាម​ច្បាប់​ឬ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

ការព្រមាន​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​គ្លីនិក​ឯកជន​មួយចំនួន​នៅតែ​ធ្វើ​សកម្មភាព​ផ្សព្វផ្សយ​ពី​ការ​ព្យាបាល​ជំងឺ​ជាសះស្បើយ​១០០​ភាគរយ​ និង ​រាប់​រយ​មុខ។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា​ ការ​ផ្សព្វផ្សាយ​សេវា​ព្យាបាល​អួតអាង​បំផ្លើស​ហួស​ពី​ការពិត​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដូចជា​ចំណាយ​ថវិកា​និង​ពេលវេលា​និង​ធ្វើ​ឲ្យ​ជំងឺ​មិនបាន​ជា​សះ​ស្បើយ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​មក​លើ​សេវា​សុខាភិបាល​របស់​រដ្ឋ​ទៀតផង​។



លោកស្រី​បាន​បន្ថែម​ទៀត​ថា ​កន្លង​មក​ក្រសួង​តែងតែ​ធ្វើការ​តាមដាន​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​គ្លីនិក​ឯកជន​ដែល​បាន​ផ្សាយ​ ឬ​ បង្ហោះ​នៅ​តាម​វិទ្យុ ទូរទស្សន៍​និង​តាម​អន​ឡាញ​ដើម្បី​ត្រួត​ពិនិត្យមើល​ខ្លឹមសារ​ស្រប​ទៅ​តាម​ការ​ស្នើសុំ​របស់​ក្រសួងសុខាភិបាល​ដែរ​ ឬ​ យ៉ាងណា​ព្រោះថា​មុននឹង​ធ្វើការ​ផ្សព្វផ្សាយ​គ្លីនិក​ ឬ​ ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​លើ​វិស័យ​សុខាភិបាល​ត្រូវធ្វើ​លិខិតស្នើ​សុំ​មក​ក្រសួង​ជាមុនសិន​ទើប​អាច​យកទៅ​ផ្សាយបាន​។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ឌ​ឌី​ន បាន​បញ្ជាក់​ថា ​នៅ​តែ​មាន​គ្លីនិក​ឯកជន​មួយចំនួន​មិនបាន​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួង​ឡើយ​គឺ​នៅតែ​បន្ត​ផ្សព្វផ្សាយ​លើសពី​អ្វីដែល​បានស្នើ​សុំ​មក​ក្រសួង​ដដែល។

លោកស្រី​វេជ្ជបណ្ឌិត​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​គ្លីនិក​ឯកជន​ទាំងអស់​ត្រូវ​គោរព​តាមច្បាប់​និង​ការណែនាំ​របស់​ក្រ​សួង​សុខាភិបាល​ហើយ​ករណី​គ្លីនិក​ណាមួយ​ដែល​មិន​គោរព​តាមច្បាប់​ទេ​នោះ​ក្រសួង​នឹង​អនុវត្ត​វិធានការ​ទៅតាម​ច្បាប់​ដែល​បាន​កំណត់​ ដែល​មាន​ពិន័យ​តាមច្បាប់​រដ្ឋបាល​ឬ​ផ្អាក​ការធ្វើ​អាជីវកម្ម​ក្នុងករណី​ធ្ងន់ធ្ងរ​។

លោក វេជ្ជបណ្ឌិត សាម សុផាន់ ប្រធាន​អង្គការ​គណៈកម្មាធិការ​សុខភាព​កម្ពុជា​បាន​គាំទ្រ​ទាំងស្រុង ​ចំពោះ​វិធានការ​របស់​ក្រសួងសុខាភិបាល​ព្រោះ​បាន​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​គ្លីនិក​ឯកជន​ខិលខូច​មួយចំនួន​ឆ្លៀតឱកាស​បោក​ប្រាស់​ប្រជាពលរដ្ឋ​ជា​បន្តទៀត។

លោក វេជ្ជបណ្ឌិត​បាន​ស្នើ​ដល់​ម្ចាស់​គ្លីនិក​គួរតែ​ផ្សព្វផ្សាយ​សេវា​ព្យាបាល​ដែល​ពិតប្រាកដ​ជាជាង​ផ្សាយ​មិន​ពិត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​មក​លើ​គ្លីនិក​របស់​ខ្លួន​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu