Ad Code

រដ្ឋបាល​រាជធានី សម្រេច​ការ​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ចំនួន​១៥៦៥​ក្បាលដី​នៅ​សង្កាត់​ស្ទឹងមានជ័យ



ភ្នំពេញ ​៖ ដី​ដែលជា​ដី​កម្មសិទ្ធិឯកជន​របស់​រដ្ឋ​ចំនួន​១៥៦៥​ក្បាលដី នៅ​ភូមិ​ដំណាក់​ធំ​១ ភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​កាត់​និង​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ និង​បាន​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដើម្បី​ឲ្យ​បងប្អូន​មក​ពិនិត្យមើល ជៀសវាង ខុស​អក្ខរាវិរុទ្ធ ខុស​ឈ្មោះ​ ឬ​ បាត់​ទំហំ​ដី​ជាដើម។



ពិធី​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២០ កក្កដា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​វត្ត​ន​ន្ទ​មុនី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​អាជ្ញាធរ​ដែនដី មន្ទីរ​ពាក់ព័ន្ធ​និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​រាប់រយ​នាក់។



លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​សំណង់​និង​រុ​យោ​ដី​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការងារ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី បាន​ចំណាយ​ដី​ឯកជន​របស់​រដ្ឋ​ជិត​១០០​ហិកតា ជូន​ប្រជាពលរដ្ឋ មាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់។ ជាក់ស្តែង​នៅ​ពេល​នេះ​សម្តេច​បានសម្រេច​ប្រគល់​ដី​ចំនួន ៩០៥ ក្បាលដី​នៅ​ភូមិ​តំណាក់​ធំ និង​៦៦០​ក្បាលដី​នៅ​ភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែល​សរុប​ទាំងអស់​ចំនួន​១៥៦៥​ក្បាលដី​។



លោក​បន្ត​ថា នេះ​ជា​តំណាក់​កាល​ចុងក្រោយ មុន​យក​ទៅ​បោះពុម្ព​ជា​ប័ណ្ណកម្មសិទ្ធិ​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ ការ​បិទ​ក្បាលដី​នេះ​មាន​រយៈពេល​១៥​ថ្ងៃ ដូច្នេះ​ទេ សូម​បងប្អូន​មក​ពិនិត្យមើល​ក្បាលដី​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ ជៀសវាង ខុស​អក្ខរាវិរុទ្ធ កម្មសិទ្ធិរួម ជា​ប្តី ជា​របស់​ប្រពន្ធ​ជាដើម​ ឬ​ ការ​បាត់​ទំហំ​ដី​ជា​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​របស់​យើង​ត្រូវ​ចុះ​ពិនិត្យ​និង​កែសម្រួល​ឡើងវិញ​ឲ្យ​មាន​តម្លាភាព។

លោក​ក៏បាន​បញ្ជាក់​ថា ក្បាលដី​ជា​នឹង​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នេះ​ជា​អតីត​ដី​របស់​វិទ្យុជាតិ នៃ​ក្រសួង​ព័ត៌មាន ហើយ ការងារ​នេះ​នៅ​ក្រោយ​ការបោះឆ្នោត​នឹង​ប្រគល់ជូន​បងប្អូន មិនមែន​សន្យា​ខ្យល់​នោះទេ។



លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ប្រជាពលរដ្ឋ​រស់នៅ​ក្រោម​អង់​តែ​ន​ដី​របស់​វិទ្យុជាតិ នៃ​ក្រសួង​ព័ត៌មាន​នេះ កន្លង​មក​នេះ​ពិតជា​រស់នៅ​ដោយ​ការ​ភ័យព្រួយ ដោយសារតែ​បងប្អូន​រស់នៅ​លើដី​ឯកជន​របស់​រដ្ឋ មិនដឹងថា ថ្ងៃ​ណា​ត្រូវគេ​ដេញចេញ​នោះទេ​។ ប៉ុន្តែ​នៅពេលនេះ​មិន​ត្រឹមតែ​មិន​ដេញចេញ​ប៉ុណ្ណោះ​ទេ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៅបាន​ប្រគល់ជូន​ជា​កម្មសិទ្ធិ​ស្របច្បាប់​ថែមទៀត។ នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​សម្តេច ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​តែងតែ​គិតគូរ​ជានិច្ច​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ។

លោក​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​ក៏បាន​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មក​ពិនិត្យ​ក្បាលដី​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ ជៀសវាង ខុស​អក្ខរាវិរុទ្ធ កម្មសិទ្ធិ ឬ​បាត់​ទំហំ​ដី​ជា ដើម្បីអោយ​មន្ត្រី​របស់​យើង​ពិនិត្យ​និង​កែសម្រួល​ឡើងវិញ​ឲ្យ​មាន​តម្លាភាព៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu