Ad Code

កងកម្លាំង​ត្រូវ​មាន​កាតព្វកិច្ច ក្នុង​កិច្ចការពារ​សុខ​សន្តិភាព សុវត្ថិភាព និង បម្រើសេវា​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ



កំពង់ចាម​ ៖ អភិបាលខេត្ត​កំពង់ចាម លោក គួច ចំរើន បាន​មានប្រសាសន៍​លើកឡើង​ថា កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​មាន​កាតព្វកិច្ច ក្នុង​កិច្ចការពារ​សុខសន្តិភាព សុវត្ថិភាព និង បម្រើសេវា​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ពិសេស​បញ្ចៀស​ឲ្យ​បាន​ការ​កើតឡើង​នូវ​បទល្មើស អំពើ​ចោរកម្ម ល្បែងស៊ីសង និង​ភាព​អានាធិបតេយ្យ​ផ្សេងៗ​។



ការ​មានប្រសាសន៍​លើកឡើង​និង​ជំរុញ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ខេត្ត​អនុវត្ត​បែបនេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នៅ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម ខណៈ​ដែល​លោក​អភិបាលខេត្ត​រូប​នេះ​អញ្ជើញ ប្រគល់​ទោចក្រយាន (​ម៉ូតូ​) ចំនួន​១០៩​គ្រឿង​ជូន​ឲ្យ​គ្រប់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ១០៩​ទូទាំង​ខេត្ត ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ទុក​បម្រើការ​កិច្ច​ការងារ​រដ្ឋបាល និង​ការបម្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។



លោក គួច ចំរើន មានប្រសាសន៍​លើក​ឡើង​ថា ទោចក្រយាន (​ម៉ូតូ​) ដែល​ត្រូវបាន​ចែក​ជូន​តាម​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្នុង​មូលដ្ឋាន​១០៩​ប៉ុស្ដិ៍ នេះ​ដើម្បី​កាត់បន្ថយ​ចំណុច​អសកម្ម​ក្នុង​មូលដ្ឋាន ដោះស្រាយ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អ ដើម្បី​ជា​ប្រយោជន៍​រួម​ក្នុងការ​បម្រើសេវា​សាធារណៈ​តាម​តួនាទី​និង​កាតព្វកិច្ច​របស់ខ្លួន​។



លោក​អភិបាល​បាន​បន្តទៀតថា ក្នុងនាម​ជា​កងកម្លាំង ត្រូវមាន​កាតព្វកិច្ច​ការ​ពារ​សុខសន្តិភាព សុវត្ថិភាព និង បម្រើសេវា​តាម​តម្រូវការ​ព្រមទាំង​ដោះស្រាយ​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដើម្បី​បញ្ចៀស​ការ​កើតឡើង​នូវ​បទល្មើស អំពើ​ចោរកម្ម ល្បែងស៊ីសង និង​ភាព​អានាធិបតេយ្យ ត្រូវ​ធានា​លើកទឹកចិត្ត​ទំនុកចិត្ត​ខ្ពស់​កាន់តែ​រឹងមាំ និង​សុខសាន្ត​ក្នុង​ការរស់នៅ​ជាប្រចាំ ស្របតាម​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ ដើម្បីអោយ​មូលដ្ឋាន​យកទៅ​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។



លោក បាន​បន្ថែម​ទៀត​ថា អ្វី​ដែល​គួរកត់សម្គាល់​ក្នុង​រយៈពេល​ដំណើរការ​បោះឆ្នោត តាម​គោលនយោបាយ​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​ត្រៀម​ឯកសារ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ក្នុងការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រកបដោយ​ការអភិវឌ្ឍន៍ និង​រីកចម្រើន ជាពិសេស​ការពារ​សន្ដិ​ភាព​ជូន​ប្រជាពលរដ្ឋ​ដែរ​ជា​ម្ចាស់ឆ្នោត​។

ក្នុង​ឱកាស​នៅ​ដែរ លោក គួច ចំរើន បាន​ស្នើ​ឲ្យ​កងកម្លាំង រួម​នឹង​មន្ត្រី​ពាក់​ព័ន្ធ​នៅតែ​បន្ត​យកចិត្តទុកដាក់ តាមដាន​អាកាសធាតុ និង​កម្រិត​កម្ពស់​ទឹកជា​ប់​ជានិច្ច ត្រូវ​ត្រៀម​នូវ​ឧបករណ៍​ជួយសង្គ្រោះ​ដូចជា​ថ្នាំសង្កូវ ទូក កាណូត ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​រក​ទីទួល​សុវត្ថិភាព​ដែល​ងាយ​រងគ្រោះ​ក្នុង​រដូវ​ទឹក​ឡើង​នេះ ហើយ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​រស់នៅ​តាម​ដង​ទន្លេ​។



គូស​បញ្ជាក់​ផង​ដែរ នា​ព្រឹក​ថ្ងៃ​ពុធ ៦​កើត ខែ​ទុតិយាសាឍ ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កក្ក​ដា ឆ្នាំ​២០១៨​កន្លងមក​ថ្មីៗ​នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​ការបែងចែក​ទោចក្រយានយន្ត​ចំនួន ១,៦៤៦ គ្រឿង ម៉ាក SUZUKI Smash 113cc ផលិត​ឆ្នាំ​២០១៨ ជូន​ស្នងការ​នគរបាល​រាជធានី ខេត្ត ដើម្បី​ផ្តល់ជូន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទូទាំង​ប្រទេស ដើម្បី​បម្រើ​ការងារ​សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាព​ក្នុង​មូលដ្ឋាន​របស់ខ្លួន និង​បាន​ត្រៀមលក្ខណៈ​ដើម្បី​ធ្វើការ​បែងចែក​នៅតាម​មុខសញ្ញា​កំណត់​៕​

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu