Ad Code

រថយន្ត​មិន​ស្គាល់​ម៉ាក បុក​ម៉ូតូ​ក្នុង​ទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់​ស្រាល​២​នាក់ នៅ​ស្រុក​អូរ​ជុំ



រតនគិរី ៖ រថយន្ត​មួយគ្រឿង បាន​បើក​បុក​ម៉ូតូ​ក្នុង​ទិសដៅ​ស្របគ្នា បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​២​នាក់ រង​របួស​ធ្ងន់​ស្រាល កាលពី​វេលា​ម៉ោង​២​នឹង​៥៥​នាទី​រសៀល ថ្ងៃ​សុក្រ ៨​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​មុខ​មូលដ្ឋាន​កងទ័ព លើផ្លូវ​ជាតិ​លេខ​៧៨A ស្ថិត​ក្នុង​ភូមិ​ប៉ា​អរ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។

នគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​មិន​ស្គាល់​ម៉ាក និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ រតនគិរី 1E-2343 បើកបរ​ក្នុងទិសដៅ​ស្របគ្នា​ពី​កើ​តទៅ​លិច បណ្ដាល​ឲ្យ​ភាគី​ម៉ូតូ​២​នាក់ រងរបួស​ធ្ងន់​ស្រាល​។



នគរបាល​បន្ត​ថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ វណ្ណា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រង​របួស​ស្រាល​។ រីឯ​អ្នក​រួម​ដំណើរ ត្រូវជា​ប្រពន្ធ​មានឈ្មោះ បា ពួច អាយុ​៣៣​ឆ្នាំ រស់នៅ​ជាមួយគ្នា បាន​រងរបួស​ធ្ងន់​បាក់ជើង​ខាងឆ្វេង​។

ក្រោយ​កើតហេតុ​នគរបាល​មូលដ្ឋាន​ចុះមក​អន្តរាគមន៍​បាន​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះ​របស់​ស្នងការ​ខេត្ត​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។



ក្រោយពេល​កើតហេតុ ភាគី​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន ដាក់​មេ​ប្រូច​គេចខ្លួន​ពី​ការ​មិន​ទទួលខុសត្រូវ​នៅ​កន្លែង​កើតហេតុ ប៉ុន្តែ​សមត្ថកិច្ច​ថា កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ហើយ​។

ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ឃុំ​ឯក​ភាពជា​បណ្ដោះអាសន្ន​ដើម្បី​ស្វែងរក​រថយន្ត​បង្កហេតុ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu