Ad Code

សង្ស័យ​ដឹក​ធ្ងន់​លើស​ចំណុះ​ឡើង​ចំណោត​មិន​រួច ​​ថយក្រោយ ​បុក​ហាង​លក់​ហ្គាស៍​ ខ្ទេច​ សង​គេ​អស់​រាប់​ម៉ឺន​ដុល្លារ



ព្រះសីហនុ​ ៖​ រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយ​គ្រឿង សង្ស័យ​ដឹក​ធ្ងន់​លើស​ចំណុះ​ ហើយ​បើក​ក្នុង​ស្ថានភាព​ផ្លូវ​ឡើង​ចំណោទ ប៉ុន្តែ​​ដល់ពេល​ឡើង​ចំណោត​មិន​រួច​ ក៏​រអិល​ថយក្រោយ ទៅ​បុក​នឹង ហាង​លក់​ហ្គាស៍ ​និង​ ​ម៉ូតូ​ជាច្រើន​គ្រឿង រង​ការខូចខាត ធ្ងន់ធ្ងរ ប៉ុន្តែ​សំណាងល្អ នៅក្នុង​ហេតុ​ការណ៍​នេះ​ មិនមាន​នរណា​ម្នាក់ រងគ្រោះថ្នាក់​ដល់​អាយុជីវិត នោះ​ឡើយ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០១៨​​ ​នៅ​ចំនុច​ក្បែរ​​អតីត មហោស្រព​ចាស់ ​ស្ថិត​ក្នុង​សង្កាត់​លេខ​០២ ក្រុង​ព្រះសីហនុ។

ទាក់ទិន​ទៅ​​នឹង​ករណីនេះ បើតាម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅមុន កើតហេតុ មាន រថយន្ត​បង្ក​ម៉ាក ហ៊ី ណូ ពណ៌​ខៀវ​ស ពាក់​ស្លាក​លេខ ស្វាយរៀង​3A 1415 ដឹក ទុយោ ឡើង​ចំណោត ឆ្ពោះទៅ​ផ្សារលើ ប៉ុន្តែ​មកដល់​កន្លែងកើតហេតុ រថយន្ត​អក​ហ្សើ ឡើង មិន​រួច ដោយ​សង្ស័យ​ថា ដឹក​លើស​ចំណុះ បាន​រអិល​ថយក្រោយ​យ៉ាង​លឿន។ បន្ទាប់មក​បាន រេ​គូទ​រថយន្ត​ចូលក្នុង​ហាង​លក់​ហ្គាស៍ កិន​លើ​ធុង​ហ្គាស៍ និង​ម៉ូតូ​ជាច្រើន​គ្រឿង រួមជាមួយ រថយន្ត​ដឹក​ហ្គាស៍​ផងដែរ​។​

ក្រោយ​កើតហេតុ ​សមត្ថកិច្ច​ចរាចរណ៍​បាន​សម្រួល​ចរាចរណ៍ និង បាន​យក​រថយន្ត​​ពន្លត់​អគ្គិភ័យ​​ មក​ត្រៀម​លក្ខណៈ​ ក្រែង​មាន​ហេតុការណ៍​ជាយថាហេតុ។ ចំពោះ​ការ​ការខូចខាត​គេ​នៅ​ពុំ​ទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​ទេ ប៉ុន្តែ​​បើ​តាម​ការ​​ប៉ាន់​ប្រមាណ​ ក្រៅ​​​ផ្លូវការ សម្ភារៈ​ខូចខាត អាច រាប់​ម៉ឺន​ដុល្លា។ ចំពោះ​ តៃកុង​រថយន្ត​ក្រោយពេល កើតហេតុ​បាន​គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​​បាត់​ស្រមោល តែ​ទោះជា​យ៉ាង​ក៏ដោយ ​សមត្ថកិច្ច ​បាន​ស្គាល់​អត្តសញ្ញាណ​តៃកុង​ហើយ ​និង​កោះហៅ​មក​ការិយាល័យ​នៅពេល​បន្ទាប់។

បច្ចុប្បន្ន រថយន្ត​បង្ក​​ត្រូវ​បាន ​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ជើងគោក ស្នងការដ្ឋាន​នគរបាល​ខេត្ត​នាំ​យក​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu