Ad Code

ប្លន់​សម្លាប់​យក​ម៉ូតូ​នៅ​ខេត្ត​តាកែវ ​មក​ជាប់​ខ្នោះ​ប៉ូលិស​នៅ​បាត់ដំបង



បាត់ដំបង​ ៖​ យុវវ័យ​ចំនួន​២​នាក់​ ដែល​ត្រូវជា​សង្សារ​នឹង​គ្នា ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ ជំនាញ​តាម​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ខេត្តតាកែវ ​បន្ទាប់ពី​ជនសង្ស័យ​ទាំង​២​នាក់​នេះ ហ៊ាន​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ ដោយ​បាន​សម្លាប់​ក្មេងប្រុស​ម្នាក់​ ដែល​ជា​ម្ចាស់​ម៉ូតូ នៅ​ឯ​ខេត្តតាកែវ​ រួច​នាំគ្នា​គេចខ្លួន​មក​រស់​នៅ​តាម​ខ្សែ​ឲ្យ​បន្ទាត់​ព្រំដែន​កម្ពុជា ​ថៃ ​ ក្នុង​ទឹកដី​នៃ​ខេត្តបាត់ដំបង អស់​រយៈពេល​ជិត​២​សប្ដាហ៍។

ការ​ឃាត់ខ្លួន​នេះ​ បាន​ធ្វើ​ឡើង​នា​ថ្ងៃទី​២៦ ​ខែកក្កដា​ ឆ្នាំ​២០១៨ ​វេលា​ម៉ោង​៩​និង​១៥​នាទី ព្រឹក ​ត្រង់​ចំណុច​ភូមិ​ដូង​ ឃុំ​បឹងរាំង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង ​ដោយ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ បាន​សហការ​ជាមួយ​កម្លាំង ​ នគរបាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ខេត្តតាកែវ បន្ទាប់ពី​មាន​ដីកា​អោយ​ចូល​ខ្លួន​ចំនួន​២ ​ដែល​មាន​លេខ​០៨៤ ​និង​០៨៥​ដ ប ខ ចុះ​ថ្ងៃទី​២៤​ ខែកក្កដា ​ឆ្នាំ​២០១៨​ របស់​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តតាកែវ​រួចមក។

នៅក្នុង​ដីកា​បង្គាប់​អោយ​ចូល​ខ្លួន​នោះ​គឺ​បាន​កំណត់​ទៅលើ ឈ្មោះ ផាន់ បញ្ញា​រិ​ទ្ធិ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ​ខាងត្បូង ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ​ខេត្តតាកែវ ​និង​ឈ្មោះ ​ហុន ធីតា ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចំបក់ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ។

យោង​តាម​របាយ​ការ​របស់​សមត្ថកិច្ច​ខេត្តតាកែវ បាន​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៨ ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ គឺ​ឈ្មោះ ណុប លឹម​ហេង ភេទ​ប្រុស អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ​ខាងត្បូង ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​ចេញទៅ​លាង​ម៉ូតូ ហើយក៏​បាត់​ដំណឹង​ឈឹង​តាំងពី​ថ្ងៃ​នោះ​មក ។

​លុះ​នៅ​ថ្ងៃទី ១៩ ខែ ឆ្នាំ ដដែល វេលា​ម៉ោង ១២ និង ៣០ នាទី មាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​ក្មេងប្រុស​ខាងលើ ស្លាប់​ដោយ​ដាច់​ក្បាល នៅ​ចំណុច​ទួល ត្រពាំង​ទួល ភូមិ​ស្មន់​មុន្នី ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដោយ​ភិនភាគ និង​ការ​សន្និដ្ឋាន​ក្មេងប្រុស​ត្រូវ​បាន​ជនសង្ស័យ​ចង ក​ព្យួរ​ទៅ​នឹង​មែកឈើ ដោយសារ​វា​មាន​រយៈពេល​មួយ​សប្តាហ៍ សព​នោះ​ក៏​រលេះរលួយ ដាច់ ក ធ្លាក់​មក​ដី​តែម្តង។

បន្ទាប់ពី​បានធ្វើការ​ស្រាវជ្រាវ​អស់​មួយរយៈ​រួចមក ជនសង្ស័យ​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​ដែល​ពួកគេ​គឺជា​សង្សារ​នឹង​គ្នា ហើយ​បាន​យក​ម៉ូតូ​នោះមក​ដាក់បញ្ចាំ​នៅ​ក្រុងភ្នំពេញ​ព្រមទាំង​បាន​បន្តដំណើរ​មក​រួម​រស់​ជាមួយគ្នា នៅក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង ប៉ុន្តែ​ទោះបីជា​ពួកគេ​ខំប្រឹង​គេចខ្លួន​យ៉ាងណាក៏ដោយ ក៏​នៅតែ​ជាប់អន្ទាក់​ប៉ូលិស​ដដែល ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំយកទៅ​កាន់​ស្នងការដ្ឋាន នគរបាល​ខេត្តតាកែវ​ហើយ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu